អន្តរជាតិ
លោក Marcos Jr បេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីហ្វីលីពីនដែលមានការគាំទ្រច្រើនជាងគេ
07, May 2022 , 5:19 pm        
រូបភាព
លោក Ferdinand Marcos Jr  បេក្ខជនប្រជែងតំណែងប្រធានាធិបតីហ្វីលីពីន។ រូបភាព៖ AFP
លោក Ferdinand Marcos Jr បេក្ខជនប្រជែងតំណែងប្រធានាធិបតីហ្វីលីពីន។ រូបភាព៖ AFP
បាំងតែពីរថ្ងៃប៉ុណ្ណោះ ហ្វីលីពីន នឹងរៀបចំការបោះឆ្នោតប្រធានាធិបតី។ តាមការស្ទង់មតិនៅថ្ងៃទី២ ខែឧសភា អតីតព្រឹទ្ធសភាលោក Ferdinand Marcos Jr ឬ Bongbong Marcos នៅតែបន្តនាំមុខគេ ក្នុងការប្រណាំងប្រជែងយកតំណែងមេដឹកនាំប្រទេសមួយនេះ ដោយលោកបានទទួលសំឡេងគាំទ្រចំនួន ៥៦ភាគរយ ដែលនាំមុខបេក្ខជនផ្សេងលើសពីពាក់កណ្តាល។

 
តើលោក Marcos Jr មានប្រវត្តិបែបណា?
 
កើតក្នុងឆ្នាំ១៩៥៧ លោក Marcos Jr គឺជាកូនទីពីរនៃអតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក Ferdinand Edralin Marcos និងអតីតសមាជិកសភាហ្វីលីពីន។ លោក  Marcos Jr​ បានសិក្សាថ្នាក់បឋមនៅសាលា La Salle Greenhills ហើយបានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យនៅសាលា Worth ក្នុងទីក្រុង Sussex អង់គ្លេស។ 
 
លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅសកលវិទ្យាល័យOxford ក្រោមជំនាញផ្នែកសិក្សាសង្គម។ លោក Marcos Jr​ ​ក៏បានសិក្សាផ្នែកការគ្រប់គ្រងពាណិជ្ជកម្មនៅសាលា សេដ្ឋកិច្ច Wharton នៃសាកលវិទ្យាល័យ Pennsylvania ផងដែរ។
 
ក្នុងវ័យ២៣ឆ្នាំលោកត្រូវបានជ្រើសរើសជាអភិបាលរងខេត្ត Ilocos Norte ក្នុងឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៣ ហើយបានឡើងធ្វើជាអភិបាលខេត្តដដែលនោះ ចាប់ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៦។  លោកក៏បានធ្វើជាសមាជិកសភាតំណាងឱ្យខេត្ត Ilocos Norte  ចំនួនពីរលើក គឺក្នុងអំឡុងឆ្នាំ ១៩៩២-១៩៩៥ និងឆ្នាំ២០០៧-២០១០។
 
អំឡុងពេលធ្វើជាអភិបាលខេត្ត លោក Marcos Jr​ បានប្រែក្លាយខេត្ត Ilocos Norte ទៅជា ខេត្តលំដាប់ទីមួយនៃការអបអរសាទរថ្នាក់ជាអន្តរជាតិដោយបង្ហាញពីតំបន់គោលដៅ វប្បធម៌ និងសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃខេត្តមួយនេះ។
 
ជុំវិញការបោះឆ្នោតប្រធានាធិបតីហ្វីលីពីននៅថ្ងៃទី៩ ខែឧសភាខាងមុខនេះ លោក Marcos Jr ធ្លាប់បានលើកឡើងថា នៅពេលនេះមិនមែនជាពេលដែលត្រូវប្រកែកគ្នា ពីប្រវត្តិសាស្ត្រហ្វីលីពីននោះទេតែនេះជាពេលដែលត្រូវជជែកពីអ្វីដែលពួកគេត្រូវធ្វើនៅ ប៉ុន្មានឆ្នាំខាងមុខទៀត ដើម្បីផ្ដល់ឱកាសការងារបន្ថែមទៀតឱ្យប្រជាជន។ ក្រៅពីនេះ លោកក៏ធ្លាប់បានសន្យាថា លោកនឹងបង្រួបបង្រួមប្រទេសឱ្យមានការសហការគ្នាផងដែរ។
 
លោក Marcos Jr ក៏កំពុងធ្វើយុទ្ធនាការលើការកែលម្អការឆ្លើយតបនឹងជំងឺរាតត្បាត និងបន្តយុទ្ធនាការប្រឆាំងការបះបោររបស់រដ្ឋបាលប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌីទើតេ ក៏ដូចជាយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ប៉ុន្តែដោយផ្តោតលើការការពារ ការអប់រំ និងការស្តារនីតិសម្បទា។
 
ជាមួយការជំរុញដោយយុទ្ធនាការតាមបណ្ដាញសង្គមដ៏ធំ ​និងសម្ព័ន្ធភាពដ៏រឹងមាំជាមួយ កូនស្រីលោកឌូទើតេដែលជាបេក្ខជនអនុប្រធានាធិបតីលោកស្រី Sara Duterte លោក Marcos Jr ទទួលបានការគាំទ្រជាច្រើនពីអ្នកគាំទ្ររបបផ្ដាច់ការ៕
 
 

Tag:
 ហ្វីលីពីន
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com