ជាតិ
ក្រសួងបរិស្ថាន ចេញផ្សាយសៀវភៅស្ដីពី គ្រឿងទេសនៅកម្ពុជា​ ​ក្រោយ​ចងក្រងជិត២ឆ្នាំ
12, May 2022 , 6:59 pm        
រូបភាព
រូបភាព៖ ក្រសួងបរិស្ថាន
រូបភាព៖ ក្រសួងបរិស្ថាន
ដោយ:
ដោយ៖ ជឿន ស្រីណយ

ភ្នំពេញ៖ ក្រសួងបរិស្ថាន ចេញផ្សាយសៀវភៅមគ្គទេសក៍ ស្ដីពីគ្រឿងទេសនៅប្រទេសកម្ពុជា ដែលចំណាយពេលស្រាវជ្រាវ និងចងក្រងជិត២ឆ្នាំ។ សៀវភៅនេះ ជាកំណត់ត្រាព័ត៌មានរុក្ខជាតិខ្មែរ ដែលអាចប្រើប្រាស់ជាគ្រឿងទេស។

 
សៀវភៅមគ្គទេសក៍ស្ដីពីគ្រឿងទេស ក្នុងប្រទេសកម្ពុជា៤៣ប្រភេទ មាន៨៧ទំព័រ ត្រូវបានក្រសួងបរិស្ថាន ចេញផ្សាយជាផ្លូវការ នៅព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០២២ ក្នុងវេទិកាកេសរកូលលើកទី២ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រាជធានីភ្នំពេញ​។ 
 

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន

លោកស្រី​ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ ចំណាយពេលជិត២ឆ្នាំ ស្រាវជ្រាវ​ និងចងក្រងសៀវភៅ មគ្គទេសក៍ស្ដីពីគ្រឿងទេសក្នុងប្រទេសកម្ពុជា។ ការចំណាយពេលយូរព្រោះ លោកស្រីត្រូវឱ្យអ្នកជំនាញពិនិត្យមើលលក្ខណៈជីវសាស្ត្រ លក្ខណៈរូប និងស្រាវជ្រាវច្រើន ពីសារសំខាន់នៃរុក្ខជាតិទាំង ៤៣ប្រភេទនោះ។​
 
ការចងក្រងសៀវភៅមគ្គទេសក៍គ្រឿងទេសក្នុងប្រទេសកម្ពុជា​ មានគោលបំណង ៣ ។ លោកស្រី ចាន់ សុម៉ាលី ប្រាប់សារព័ត៌មានThmeyThmey25ថា គ្រឿងទេសជារបស់ដែលប្រជាជ​នខ្មែរប្រើជារៀងរាល់ថ្ងៃសម្រាប់ធ្វើម្ហូប តែមិនបានដឹងពីប្រភព និងសារសំខាន់។ ដូច្នេះគោលបំណងទីមួយលោកស្រីចង់ផ្ដល់ព័ត៌មានពីសារៈសំខាន់នៃរុក្ខជាតិ ដែលខ្មែរយកមកធ្វើគ្រឿងទេសតាំងពីដើមមក។
 
លោកស្រីបន្ថែមដូច្នេះ៖ « ចំណុចទីពីរ យើងចង់ឱ្យអ្នកសិក្សាស្រាវជ្រាវមួយចំនួន ឱ្យគាត់បានដឹងពីលក្ខណៈវិទ្យាសាស្ត្រ ព្រោះក្នុងនោះយើងបានរៀបរាប់ពីលក្ខណៈរូបនិងជីវសាស្ត្រ នៃគ្រឿងទេសនីមួយៗ។ និយាយឱ្យចំ សៀវភៅនេះផ្ដល់ចំណេះដឹងដល់អ្នកស្រាវជ្រាវ និងសាធារណជន។ ទីបី យើងចងក្រងជាមរតក វប្បធម៌ធ្វើម្ហូបខ្មែរ ថាគ្រឿងទេសទាំងអស់នេះមាននៅកម្ពុជា ហើយបានប្រើប្រាស់ជាយូរ។ បើសិនថ្ងៃអនាគតមានអ្នកណាចង់យកគ្រឿងទេសទៅថារបស់គេ គឺមិនបានទេ»។
  

លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ រូបភាព៖ ក្រសួងបរិស្ថាន

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានThmeyThmey25ថា សៀវភៅគ្រឿងទេសនេះ នឹងរួមចំណែកផ្ដល់ព័ត៌មានដល់សាធារណជនពីប្រភេទគ្រឿងទេសដែលអាចប្រើប្រាស់បាន ហើយមាននៅតំបន់របស់ប្រជាជន។ លើសពីនេះ ក្នុងសៀវភៅមគ្គទ្ទេសក៍ស្ដីពីគ្រឿងទេសក្នុងប្រទេសកម្ពុជា បានបង្ហាញពីអត្ថប្រយោជន៍ចំពោះសុខភាពនៃ គ្រឿងទេសទាំងនោះ។
 
លោកស្រី ចាន់ សុម៉ាលី និងក្រុមការងារកំពុងស្រាវជ្រាវ ប្រមូលព័ត៌មាន និងរូបភាពសម្រាប់ចងក្រងសៀវភៅចំនួន២ទៀត ។ សៀវភៅបន្ទាប់គឺ សៀវភៅបន្លែក្នុងស្រុក​ និងបន្លែក្នុងព្រៃ។​ សៀវភៅមួយទៀតដែលអ្នកស្រី សុម៉ាលី កំពុងចងក្រងដែរនោះគឺ សៀវភៅផ្លែឈើស្រុក​ និងផ្លែព្រៃ​។
 
លោក នេត្រ ភក្ត្រា​ គាំទ្រចំពោះការចងក្រងសៀវភៅពីជីវចម្រុះខ្មែរ ព្រោះកម្ពុជាមានរុក្ខជាតិជិត ២ពាន់ប្រភេទ ហើយរុក្ខជាតិមួយចំនួនមិនទាន់បានស្រាវជ្រាវនៅឡើយទេ។ ជាក់ស្ដែងពូជកេសរកូលមានប្រមាណ ៥០០ប្រភេទ តែអ្នកជំនាញបានស្រាវជ្រាវប្រមាណ ២០០ប្រភេទប៉ុណ្ណោះ។ រដ្ឋលេខាធិការរូបនេះលើកទឹកចិត្តឱ្យផ្លាស់ប្ដូរបទពិសោធរបស់ប្រជាជនតាមសហគមន៍ ដើម្បីទទួលបានព័ត៌មានពីរុក្ខជាតិទាំងនោះ៕
 

 សៀវភៅគ្រឿងមគ្គទ្ទេសក៍ស្ដីពីគ្រឿងទេសក្នុងប្រទេសកម្ពុជា

Tag:
 បរិស្ថាន
  សៀវភៅគ្រឿងទេស
© រក្សាសិទ្ធិដោយ thmeythmey.com