កីឡាជាតិ
ជាតិ
ឃីកបុកស៊ីងវគ្គផ្តាច់ព្រ័ត្រ៖ ទូច រ៉ាឆាន់, កាន់ ម៉េងហុង, ឈឿន ល្វៃ ប៉ះថៃ, លន់ បញ្ញាជួប​វៀតណាម
13, May 2022 , 7:59 am        
រូបភាព
ឈឿន ល្វៃ (ខៀវ) យកឈ្នះកីឡាករ​ហ្វីលីពីន Honorio Banario Antonio ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ឈឿន ល្វៃ (ខៀវ) យកឈ្នះកីឡាករ​ហ្វីលីពីន Honorio Banario Antonio ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
 ដោយ៖ ហៀក ឆក

កីឡាករឃីកបុកស៊ីង (Kickboxing) កម្ពុជា ៤រូប ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រដើម្បី​ប្រជែងមេដាយមាស នៅសង្វៀន Bac Ninh Gymnasium នាយប់​ថ្ងៃទី១៣ ឧសភា នេះក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។

 
នៅម៉ោង​៧ និង១៥នាទី កីឡាករ ទូច រ៉ាឆាន់ (ហៅ បឺត សង្ឃឹម) ត្រូវ​តទល់ជាមួយ​កីឡាករ​ថៃ Sivapan Arunno លើប្រភេទទម្ងន់ ៥៧ គីឡូក្រាម។ មុនមក​ដល់​វគ្គនេះ រ៉ាឆាន់ បានយកឈ្នះ កីឡាករហ្វីលីពីន Esteban Jomar Balangui ២-១ និងកីឡាករ​ម៉ាឡេស៊ី Seaw Wei Sheng ៣-០។
 
ឈាន​ដល់ម៉ោង​៨ និង​១០នាទី កីឡាករ កាន់ ម៉េងហុង ត្រូវជួបកីឡាករ ថៃ Chawat Sungnoi លើវិញ្ញាសាប្រភេទទម្ងន់ ៥៤ គីឡូក្រាម។ នាការប្រកួតកន្លងមក ម៉េងហុង បាន​ទម្លាក់​កីឡាករឡាវ Houmphanh Khammaty ៣-០ និង​កីឡាករម៉ាឡេស៊ី Awangku Abdul Rahman ២-១។
 
នាម៉ោង៩ និង១៥ កីឡាករ លន់ បញ្ញា ត្រូវប្រកួតជាមួយ​កីឡាករម្ចាស់ផ្ទះ​វៀតណាម  Nguyen The Huong  ក្នុង​ទម្ងន់ ៦៧គីឡូក្រាម។ បញ្ញា បាន​ឡើង​ទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយស្វ័យ​ប្រវត្តិ ហើយបន្ទាប់មក គេ​បាន​យក​ឈ្នះ​កីឡាករ​ថៃ Rodnok Ophat ២-១។
 
ចំណែក​ឯកីឡាករ ឈឿង ល្វៃ នឹង​ត្រូវជួប កីឡាករថៃ Thongchai Thapphli លើប្រភេទទម្ងន់ ៧១ គីឡូក្រាម នៅម៉ោង​១០ និង​៤៥​នាទី​។ ល្វៃ បាន​យកឈ្នះកីឡាករ​សិង្ហបុរី Muhammad Nazri Bin Sutari ២-១ និងកីឡាករ​ហ្វីលីពីន Honorio Banario Antonio ៣-០ នាការប្រកួត​កន្លងមក។
 
ដោយឡែ​ក​កីឡាករ សាន រ៉ាគីម រង​ចាំ​ការបំពាក់មេដាយ​សំរឹទ្ធផ្លូវ​ការ​ក្រោយជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​កីឡាករ​ថៃ Chaleamlap Santidongsakun និងកីឡាករហ្វីលីពីន Jean Claude Saclag ក្នុងទម្ងន់​៦៣,៥គីឡូក្រាម។ រ៉ាគីម បាន​ចាញ់​កីឡាករថៃ Chaleamlap ៣-០ នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ៕
 
 
 

Tag:
 ប្រដាល់
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com