កីឡាជាតិ
ជាតិ
កីឡាសីដក់កម្ពុជាសង្ឃឹមបានមេដាយស៊ីហ្គេមវៀតណាម
13, May 2022 , 9:29 am        
រូបភាព
កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការសហព័ន្ធកីឡាសីដក់ និង ឈិនឡូនកម្ពុជា ក្នុងកិច្ចប្រជុំបច្ចេកទេស ជាមួយលោក ABDUL HALIM KADER.BBM ប្រធានសហព័ន្ធកីឡាស៊ីដកអាស៊ាន (ខាងស្ដាំដៃ ឈរមុខគេ) នៅថ្ងៃទី១២ ឧសភា ២០២២
កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការសហព័ន្ធកីឡាសីដក់ និង ឈិនឡូនកម្ពុជា ក្នុងកិច្ចប្រជុំបច្ចេកទេស ជាមួយលោក ABDUL HALIM KADER.BBM ប្រធានសហព័ន្ធកីឡាស៊ីដកអាស៊ាន (ខាងស្ដាំដៃ ឈរមុខគេ) នៅថ្ងៃទី១២ ឧសភា ២០២២
ប្រតិភូ អាជ្ញាកណ្ដាល គ្រូបង្វឹកកីឡាសីដក់កម្ពុជា បានចូលរួមប្រជុំបច្ចេកទេស សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ នៅសណ្ឋាគារ Pan Pacific ប្រទេសវៀតណាម នៅថ្ងៃទី១២ ឧសភា ២០២២។ កិច្ចប្រជុំនោះ មានការចូលរួមពី លោក ABDUL HALIM KADER.BBM ប្រធានសហព័ន្ធកីឡាស៊ីដកអាស៊ាន។ កីឡាសីដក់កម្ពុជា បង្ហាញនូក្តីសង្ឃឹមវិជ្ជមាន ក្នុងដណ្ដើមមេដាយ ក្នុងការប្រកួតស៊ីហ្គេមនេះ ។


មុនការប្រកួតមកដល់ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក៏ដូចជាអត្ដពលិកជម្រើសជាតិ បានហ្វឹកហាត់យ៉ាងសកម្មលើបច្ចេកទេស ។ កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការសហព័ន្ធកីឡាសីដក់ និង ឈិនឡូនកម្ពុជា បានប្រាប់មកកាន់សារព័ត៌មានថ្មីៗតាមTelegram ថា ទោះស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ តែអត្ដពលិកក្មេងៗ បានព្យាយាមហ្វឹកហាត់ដោយមានភាពរីកចម្រើនជាងមុន ។
 
អគ្គលេខាធិការរូបនេះ បន្ថែមថា៖«ការរំពឹងទុក យើងតែងតែមាន ហើយយើង ត្រូវតែព្យាយាមយកមេដាយឲ្យបាន ទាំងវិញ្ញាសាផ្នែកបុរស និងនារី។»។
 
សម្រាប់ការប្រកួតនៅស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន ឆ្នាំ២០១៩ កម្ពុជា បានឈ្នះមេដាយប្រាក់ផ្នែកបុរស លើវិញ្ញាសា ទាត់សីចូលកន្ត្រក់ (Hoop Takraw)។ ដោយឡែក សម្រាប់វិញ្ញាសាផ្នែកនារី កម្ពុជា ទើបបានចូលរួមប្រកួតជាលើកទី១ នៅក្នុងប្រទេសវៀតណាមនេះ។
សមាសភាពកីឡាសីដក់កម្ពុជា ចូលរួមស៊ីហ្គេមនៅវៀតណាមមាន សួង ចាន់ តូរ៉ាទី ប្រតិភូ, លោក ជាតិ ខេមរា គ្រូបង្វឹកបុរស, លោក ឈូន ប៉ុណ្ណរ៉ា គ្រូជំនួយបុរស, កញ្ញា ឯម ពិសិដ្ឋ គ្រូបង្វឹកនារី និង លោកស្រីសន សុភាព គ្រូជំនួយនារី។ 
 
កីឡាករ ជាតិ ខេមរិន្ទ, កីឡាករ ហេង រ៉ាវុធ និង កីឡាករ ឈន សុខុម ប្រកួតលើវិញ្ញាសា ៣ទល់៣ជាក្រុម និង៤ទល់៤ជាក្រុម។ កីឡាករ នុត វិសាល ប្រកួតលើវិញ្ញាសា៣ទល់៣ជាក្រុម និង៤ទល់៤ ២ទល់២។ កីឡាករ ហួត សុវុត្ថា ប្រកួតវិញ្ញាសា ប្រកួត៣ទល់៣ជាក្រុម។ កីឡាករ សេង ស៊ីអ៊ី ប្រកួតវិញ្ញាសា ៣ទល់៣ជាក្រុម និង២ទល់២ជាក្រុម។ ចំណែក សិន ច័ន្ទណេម ប្រកួតវិញ្ញាសា ៣ទល់៣ជាក្រុម និង៤ទល់៤។ លោក ណុំ ហាប់ឈុន ប្រកួតវិញ្ញាសា ៣ទល់៣ជាក្រុម។ កីឡាករ សំ វាសនា ប្រកួតវិញ្ញាសា ៣ទល់៣ជាក្រុម ៤ទល់៤ និង ២ទល់២។ កីឡាករ គៀន កន, កីឡាករ ផេង មិថុនា, និងកីឡាករ ឌី ចាន់ធា ប្រកួតវិញ្ញាសា ៣ទល់៣ជាក្រុម។
 
ដោយឡែក កីឡាការិនីស៊ីដក់កម្ពុជា ដែលត្រូវប្រកួតស៊ីហ្គេមមាន៖ កីឡាការិនី ជា រស្មី, ផូ បញ្ញា និង អ៊ន់ ស្រីនិច ប្រកួតលើវិញ្ញាសា ៤ទល់៤ និង ៣ទល់៣។ កីឡាការិនី វ៉ាន សុជាតា និង ប៉ែន ឌីណែត ប្រកួតលើវិញ្ញាសា ៤ទល់៤។ កីឡាការិនី នុត ករុណា ប្រកួតលើវិញ្ញាសា ២ទល់២ និង ៣ទល់៣។ កីឡាការិនី លី ស្រីពេជ្យ ប្រកួតលើវិញ្ញាសា ២ទល់២។ កីឡាការិនី អោម វួចលាង ប្រកួតវិញ្ញសា ២ទល់២ ៤ទល់៤ និង ៣ទល់៣។
 

Tag:
 ស៊ីហ្គេម
  សីដក់
© រក្សាសិទ្ធិដោយ thmeythmey.com