អន្តរជាតិ
មេដឹកនាំ EU ៖ អឺរ៉ុបចង់ធ្វើជាតួអង្គសំខាន់ក្នុងការដោះស្រាយភាពបញ្ហាអាស៊ី នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ថតជាមួយមេដឹកនាំសហភាពអឺរ៉ុប។ រូបថត AFP
× ពីទឹកដីជប៉ុន មេដឹកនាំសហភាពអឺរ៉ុប (EU) នៅថ្ងៃទី១២ ខែឧសភា អះអាងថា សហភាពអឺរ៉ុបចង់ក្លាយជាតួអង្គសំខាន់នៅតំបន់អាស៊ីលើការជួយជ្រោមជ្រែងដោះស្រាយភាពតានតឹងដែលកំពុងកើតមាននៅអាស៊ី។
ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ូឡា វ៉ុន ដឺ លៃអេន និងប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល បានធ្វើដំណើរទៅកាន់ជប៉ុន ដើម្បីចូលរួមជំនួបជប៉ុន-EU ជាមួយនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ។ ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួប មេដឹកនាំអឺរ៉ុបទាំងពីរ បានលើកឡើងថា ខណៈភាពតានតឹងនៅតំបន់អាស៊ីក៏កំពុងកើតមាន សហភាពអឺរ៉ុបចង់ និងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងបញ្ហានេះ ។
លោកស្រី វ៉ុន ដឺ លៃអេន ថ្លែងថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ដែលរីកចម្រើន ប៉ុន្តែវាក៏ជាតំបន់ជម្លោះផងដែរ ដោយមានបញ្ហាជម្លោះជាច្រើន ដូចជាសមុទ្រចិនខាងត្បូងនិងខាងកើត ព្រមទាំងការបាញ់មីស៊ីលសាកល្បងរបស់កូរ៉េខាងខាងជើងឥតឈប់ឈរ។
«EU មានបំណងចង់ចូលរួមដើរតួនាទីដ៏សកម្ម ជាអ្នកជួយគាំទ្រ និងដោះស្រាយក្នុងភាពតានតឹងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ។ យើងចង់បង្កើនការទទួលខុសត្រូវបន្ថែមទៀតក្នុងតំបន់នេះព្រោះថា ឥណ្ឌូប៉ាស៊ីហ្វិក ពិតជាសំខាន់សម្រាប់ភាពរុងរឿងរបស់ពួកយើង។» លោកស្រី វ៉ុន ដឺ លៃអេន បន្តបែបនេះដោយបន្ថែមថា សង្រ្គាមដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន កំពុងបង្កើនក្តីបារម្ភពីការកើនឡើងឥទ្ធិពលនិងមហិច្ឆតារបស់ចិនផងដែរ។
ប្រមុខដឹកនាំសហភាពអឺរ៉ុបទាំងពីររូបក៏បានព្រមានអំពីទំនាក់ទំនងជិតសិ្នទ្ធរបស់ចិនជាមួយរុស្ស៊ី និងថ្កោលទោសចលនាឯកតោភាគីដើម្បីប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងនៅតំបន់ណាមួយនៃពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com