ជាតិ
បោះឆ្នោត
រដ្ឋមន្រ្តីមហាផ្ទៃរម្លឹកអាជ្ញាធរឡើងវិញ៖ មិនត្រូវយកទ្រព្យសម្បត្តិ និងម៉ោងរដ្ឋ ទៅបម្រើបក្សឡើយ
13, May 2022 , 12:09 pm        
រូបភាព
ក្នុងពិធីសម្ពោធរោងចក្រផលិតចំណីអាហារនៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់
ក្នុងពិធីសម្ពោធរោងចក្រផលិតចំណីអាហារនៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់
ដោយ៖ ទេពញាណ 
 
ខណៈការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មី កាន់តែខិតជិតមកដល់ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោត បានក្រើនរម្លឹកជាថ្មីទៅកាន់អាជ្ញាធរ កុំឲ្យប្រើប្រាស់ទីតាំងរដ្ឋ ទ្រព្យសម្បត្តិរដ្ឋ និង ម៉ោង ដែលត្រូវបំពេញការងារឲ្យរដ្ឋ ជាដើម ទៅបម្រើឲ្យផលប្រយោជន៍គណបក្សនយោបាយណាមួយឡើយ។ សម្តេច បញ្ជាក់ថា ការធ្វើដូច្នេះ គឺជាការរំលោភបំពានទៅលើច្បាប់។

 
ក្នុងពិធីសម្ពោធរោងចក្រផលិតចំណីអាហារនៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ស្ថិតនៅឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ផ្តល់ការណែនាំដល់អាជ្ញាធរ រួមទាំងសមាជិកគណបក្សនយោបាយនានា យ៉ាងដូច្នេះថា៖«សមាជិកគណបក្សនីមួយៗ គណបក្សណាក៏ដោយ ខិតខំឲ្យឈ្នះ តែមិនឲ្យរំលោភច្បាប់។ ឧទាហរណ៍ ការប្រើប្រាស់មធ្យោបាយ [របស់រដ្ឋ] ការប្រើប្រាសទីតាំង [របស់រដ្ឋ] ឬវោហារសាស្រ្ត ការឃោសនា ពេលម៉ោងធ្វើការ [របស់រដ្ឋ] ។ល។ អាហ្នឹង យើងត្រូវតែគោរពតាមច្បាប់ មិនត្រូវរំលោភទេ»។  

សំឡេងរបស់សម្តេច ស ខេង



សម្តេច បានថ្លែងថា ក្នុងនាមជាសមាជិកគណបក្សណាមួយ ដូចជា សមាជិកគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល ជាដើម សមាជិកគណបក្សនោះ មានតួនាទីចូលរួមធ្វើឲ្យគណបក្សខ្លួនឈ្នះឆ្នោត ប៉ុន្តែ ក្នុងនាមជាមន្ត្រីរាជការ គឺត្រូវធ្វើឲ្យការបោះឆ្នោត ទទួលបានជោគជ័យ។ ការបោះឆ្នោត ដែលទទួលបានជោគជ័យ ត្រូវសម្តេច ផ្តល់និយមន័យថា ជាការបោះឆ្នោត ដែលគ្មានហិង្សា គ្មានការលួចបន្លំ មានភាពត្រឹមត្រូវ-សេរី-យុត្តិធម៌ មានតម្លាភាព ស្របតាមច្បាប់ និងតាមបទបញ្ជា-នីតិវិធី។ 
 
សម្តេចប្រធានគណៈបញ្ជាការសន្ដិសុខសម្រាប់ការបោះឆ្នោត បន្តថា ការទទួលបានភាពជោគជ័យក្នុងការបោះឆ្នោត គឺផ្តល់កិត្តិយស កិត្យានុភាព និងមុខមាត់ដល់កម្ពុជា។ សម្តេច ជឿជាក់ថា រដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ រួមទាំងមន្រ្តីមុខងារសាធារណៈ នឹងខិតខំជួយជ្រោមជ្រែងឲ្យការបោះឆ្នោតនៅពេលខាមុខទទួលបានជោគជ័យ។ 
 
សូមរម្លឹកថា សម្តេច ស ខេង បានណែនាំមន្រ្តីរាជការម្តងរួចមកហើយ តាមរយៈលិខិតចុះនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ថា មិនត្រូវយកម៉ោង ដែលត្រូវបំពេញការងាររដ្ឋ ថវិការបស់រដ្ឋ សម្ភារៈរបស់រដ្ឋ ទីកន្លែងរបស់រដ្ឋ និង មធ្យោបាយរបស់រដ្ឋ ទៅធ្វើសកម្មភាពឃោសនាបោះឆ្នោតឲ្យគណបក្សណាមួយឡើយ។ ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលជាអាណត្តិថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ 
 
មានគណបក្ស១៧ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និង គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕ 
 
 
 
 

Tag:
 ស ខេង
  បោះឆ្នោតឃុំ-សង្កាត់
  អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com