កីឡាជាតិ
ជាតិ
កីឡាករប៉េតង់ សុខ ចាន់មាន៖ យើងមិនអាចមើលងាយសមត្ថភាពកីឡាករបរទេសបានទេ
13, May 2022 , 1:22 pm        
រូបភាព
កីឡាករ សុខ ចាន់មាន ប្រកួតកីឡាប៊ូល និងប៉េតង់ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម លើវិញ្ញាសា វាយយកពិន្ទុឯកត្ដជន នាព្រឹកថ្ងៃទី១៣ ខែឧសភា ២០២២
កីឡាករ សុខ ចាន់មាន ប្រកួតកីឡាប៊ូល និងប៉េតង់ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម លើវិញ្ញាសា វាយយកពិន្ទុឯកត្ដជន នាព្រឹកថ្ងៃទី១៣ ខែឧសភា ២០២២
ក្នុងការប្រកួតកីឡាប៊ូល និងប៉េតង់ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម លើវិញ្ញាសា វាយយកពិន្ទុឯកត្ដជន នាព្រឹកថ្ងៃទី១៣ ខែឧសភា លោក សុខ ចាន់មាន ជម្រើសជាតិកម្ពុជា បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។  ជម្រើសជាតិរូបនេះ មានស្មារតីប្រុងប្រយ័ត្ន ចំពោះការប្រកួតបន្ដ។



ការប្រកួតតែងមានឈ្នះហើយ និងចាញ់។ អត្ដពលិកមកពីបណ្ដាលប្រទេស ដែលចូលរួមបានប្រឹងអស់ពីសមត្ថភាព។ អត្ដពលិកជម្រើសជាតិរូបនេះ បានថ្លែងប្រាប់សារព័ត៌មានក្រោយពេលប្រកួតថា៖ «យើង មិនអាចមើលងាយសមត្ថភាពកីឡាករបរទេសបានទេ លុះចូលដល់ទីលានប្រកួតទើប យើងអាចដឹងបាន ទោះជាសមត្ថភាពគេ ខ្លាំង ឬខ្សោយ ក៏ដោយ។»។
 
លោក សុខ ចាន់មាន ថាការប្រកួតជុំជម្រុះនេះ មានសម្ពាធខ្លាំង ហើយពិបាកដោយសារតម្រូវឲ្យប្រកួតតែមួយជុំ ខុសពីលើកមុន ដែលការប្រកួតជុំដំបូង មាន២លើក។ បានន័យថា ការប្រកួតប៉េតង់នៅស៊ីហ្គេមឆ្នាំនេះ ប្រកួតមួយជុំ ជម្រុះយកតែម្ដង ហើយប្រសិនជាចាញ់ គឺអត្ដពលិកមិនមានឱកាសម្ដងទៀតទេ។
 
នៅដើមការប្រកួតជុំជម្រុះ ក្នុងវិញ្ញាសាវាយយកពិន្ទុ កីឡាករកម្ពុជារូបនេះ ធ្វើបានយ៉ាងល្អ ។ តែពេលចូលដល់វគ្គចុងក្រោយ នៃការវាយគ្រាប់ប៊ីនោះ អត្ដពលិករូបនេះ ធ្វើមិនបានល្អទេ ពោលគឺវាយគ្រាប់ប៊ី ៤ដង ហើយមិនត្រូវមួយគ្រាប់ណាឡើយ។ ជុំវិញបញ្ហានេះលោក សុខ ចាន់មាន បានប្រាប់ថា៖«ទំហំប៊ីតូចណាស់ គ្រាប់ប៊ូលពេលខ្លះ អាចវាយខុស ចុះទម្រាំគ្រាប់ប៊ី។»។
 
គួរបញ្ជាក់ផងដែរថា កម្ពុជា មានអត្ដពលិកពីរ២រូប ប្រកួតលើវិញ្ញាសាវាយកពិន្ទុឯកត្តជន ហើយឆ្លងផុតទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងនោះកីឡាករ សុខ ចាន់មាន ត្រូវប្រកួតជាមួយ ជម្រើសជាតិថៃ នៅវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ នៅវេលាម៉ោង២:០០រសៀល ក្រោយរូបគេវាយបាន៣១ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៣ ឆ្លងផុតវគ្គជម្រុះ ខណៈកីឡាករម៉ាឡេស៊ី មាន២៤ពិន្ទុ និងឡាវ ២៦ពិន្ទុ ត្រូវធ្លាក់ចេញ ក្នុងចំណោម៦ប្រទេសចូលរួមប្រកួត។ 
 
ដោយឡែកវិញ្ញាសាផ្នែកនារីវិញ កីឡាការិនី អ៊ុក ស្រីមុំ បានកក់កៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។ កីឡាការិនីកម្ពុជារូបនេះ ឈរលេខ ៤ ក្នុងវគ្គជម្រុះ ក្នុងចំណោម៥ប្រទេសចូលរួម ខណៈម៉ាឡេស៊ី រកបាន ២៤ពិន្ទុ តិចជាងគេ ត្រូវធ្លាក់ចេញពីការប្រកួត។ សម្រាប់វគ្គជម្រុះផ្នែកនារីនេះ កីឡាការិនីឡាវ ២៦ពិន្ទុ, វៀតណាម ២៧ពិន្ទុ និងមីយ៉ាន់ម៉ា ៤១ពិន្ទុ៕
 

Tag:
 ប៊ូល
  ប៉េតង់
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com