អន្តរជាតិ
កូរ៉េខាងជើង រាយការណ៍ករណីអ្នកស្លាប់ដំបូងដោយសារជំងឺកូវីដ-១៩
13, May 2022 , 3:05 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម_ ជុងអ៊ុន ប្រជុំជាមួយមន្រ្តីក្រោយការផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម_ ជុងអ៊ុន ប្រជុំជាមួយមន្រ្តីក្រោយការផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ។ រូបថត KCNA
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី១៣ ខែឧសភា ប្រកាសថា មនុស្ស៦នាក់ បាន​ស្លាប់​ដោយសារជំងឺកូវីដ-១៩ ហើយស្របពេលជាមួយគ្នានេះ ប្រជាជនរាប់សិបពាន់​នាក់ទៀត​កំពុង​ចេញ​រោគសញ្ញាក្ដៅខ្លួន។ អាជ្ញាធរសុខាភិបាលប្រទេសនេះ កំពុងព្យាយាមរៀបចំប្រព័ន្ធធ្វើតេស្ត និងព្យាបាល​អ្នកជំងឺផងដែរ។

 
មួយថ្ងៃក្រោយរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ កូរ៉េខាងជើង ក៏ចាប់ផ្ដើមមានអ្នកស្លាប់ដោយសារជំងឺនេះ។ នៅថ្ងៃទី១២ ខែឧសភា ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ពីករណីវីរុសឆ្លងអូមីក្រុង BA.2។ បើតាម KCNA មនុស្សប្រមាណ៣៥ម៉ឺននាក់ រងផលប៉ះពាល់ដោយសារជំងឺនេះ។ ក្នុងចំណោមមនុស្ស៣៥ម៉ឺ​ននាក់ ​មនុស្សជាង១៨ម៉ឺននាក់ កំពុងត្រូវបានដាក់ដាច់ដោយឡែក និង​សម្រាក​ព្យាបាល​។ ប៉ុន្តែ KCNA មិន​បាន​បញ្ជាក់ពីតួលេខជាក់លាក់អ្នកជំងឺដែលតេស្តវិជ្ជមានជំងឺកូវីដ-១៩ នោះទេ។
 
មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩។ ការផ្ទុះឡើងករណីឆ្លងដោយ​មិន​ដឹងប្រភពនេះ បាន​ចាប់ផ្ដើមតាំងពីចុងតែមេសាឯណោះ។
 
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក៏ទៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែឧសភា ដើម្បីពិនិត្យមើលស្ថានភាព និងការឆ្លើយតបបន្ទាប់ពីបានប្រកាសភាពអាសន្នធ្ងន់ធ្ងរ។ លោកក៏​បាន​បញ្ជាឱ្យបិទខ្ទប់ប្រទេសចាប់ពីថ្ងៃ ទី១២ ខែឧសភាផងដែរ។
 
លោក គីម ក៏បានរិះគន់មន្រ្តីកូរ៉េខាងជើង និងលើកឡើងពីចំណុចខ្សោយរបស់ប្រព័ន្ធការពារជំងឺ​ដែល​បានបង្កើតរួច។ មេដឹកនាំកូរ៉េខាងជើងរូបនេះ បានកំណត់ការធ្វើចត្តាឡីស័ក និងការព្យាបាល​អ្នក​ជំងឺ​ជា​អាទិភាពចម្បង ខណៈអំពាវនាវឱ្យរៀបចំវិធីសាស្រ្តព្យាបាលតាម​បែបវិទ្យាសាស្ត្រឱ្យបានលឿន​បំផុត ហើយត្រូវជំរុញវិធានការផ្គត់ផ្គង់ថ្នាំព្យាបាលផងដែរ។
 
ការរីករាលដាលយ៉ាងឆាប់រហ័សនេះ នឹងបង្កផលប៉ះពាល់ខ្លាំងលើប្រព័ន្ធសុខាភិបាលនៅកូរ៉េខាង​ជើង​ដែលខ្វះខាតធនធានស្រាប់។ កូរ៉េខាងជើង ក៏បានបដិសេធជំនួយពីអន្តរជាតិដូចជា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ជាដើម។
 
នៅថ្ងៃទី១៣ ខែឧសភា ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ក៏ស្នើផ្ដល់វ៉ាក់សាំងឱ្យកូរ៉េខាងជើងផងដែរ។
 
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com