អន្តរជាតិ
ក្រុមប្រទេស G7 ប្រាប់តាលីបង់ឱ្យឈប់រឹតត្បិតសិទ្ធិស្ត្រីអាហ្វហ្កានីស្ថាន
13, May 2022 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) នៅថ្ងៃទី១២ ខែឧសភា ទទូចឱ្យក្រុមតាលីបង់បន្ធូរបន្ថយការរឹតបន្តឹងសិទ្ធិស្ត្រីនៅអាហ្វហ្កានីស្ថាន។ បើតាមប្រមុខការទូតក្រុមប្រទេស​ G7  ក្រុមតាលីបង់ដែលកំពុងដឹកនាំប្រទេស បានរឹតបន្តឹងកាន់តែខ្លាំងឡើងលើសិទ្ធិស្ត្រី និងក្មេងស្រីនៅអាហ្វហ្កានីស្ថាន។


បញ្ហានៅអាហ្វហ្កានីស្ថាន​ ត្រូវបានរដ្ឋមន្រ្តីការបរទេសក្រុមប្រទេស G7 លើកយកទៅពិភាក្សានាជំនួបថ្ងៃទី១២ ដល់ថ្ងៃទី១៤​ ខែឧសភា នៅទីក្រុង Weissenhaus ។ ប្រមុខការទូត G7 បានរឹតរិះគន់ការរឹតបន្តឹងសិទ្ធិស្រ្តី និងកុមារីអាហ្វហ្កានីស្ថានពីសំណាក់ក្រុមតាលីបង់។
 
បើតាមក្រុមប្រទេស​ G7 តាលីបង់បានបង្កើនការរឺតបន្តឹងលើសិទ្ធិសេរីភាពស្ត្រីនិងកុមារីកាន់តែខ្លាំងជាងមុន​ ផ្ទុយពីការសន្យារបស់ខ្លួនកន្លងមក។ ស្ត្រីនៅអាហ្វហ្កានីស្ថានត្រូវបានហាមឃាត់មិនឱ្យដើរហើរដោយគ្មានបុរសជាសាច់ញាតិ ខណៈកុមារីត្រូវបានរំខានមិនឱ្យចូលសាលារៀនជាហូរហែ។​ ក្រុមតាលីបង់ ថ្មីៗនេះ បានបញ្ជាឱ្យស្ត្រីបិទបាំងមុខនៅទីសាធារណៈ ដែលច្បាប់បែបនេះ ត្រូវបានប្រើប្រាស់នៅពេលក្រុមតាលីបង់នៅកាន់អំណាចគ្រប់គ្រងដ៏តឹងរ៉ឹងកាលពីអតីតកាល។ ​
 
«ជាមួយនឹងវិធានការទាំងនេះ ក្រុមតាលីបង់នឹងរឹតតែឃ្លាតឆ្ងាយបន្ថែមទៀតពីសហគមន៍អន្តរជាតិ»។ រដ្ឋមន្ត្រីការបរទេសនៃប្រទេស G7 និងប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) បានលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍រួម។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយដោយបារាំង ក្រុមប្រទេស​ G7 បានអំពាវនាវឱ្យតាលីបង់ចាត់វិធានការជាបន្ទាន់ដើម្បីលុបចោលការរឹតបន្តឹងលើស្ត្រី និងកុមារី និងគោរពសិទ្ធិ។ សេចក្តីថ្លែងការណ៍ដដែល ក៏បានថ្កោលទោសនិងប្រឆាំងយ៉ាងខ្លាំងចំពោះទង្វើតាលីបង់ ហើយក្រុម G7​ ក៏នឹងបន្តគាំទ្រប្រជាជនអាហ្វហ្កានីស្ថានក្នុងការទាមទារសិទ្ធិរបស់ពួកគេក្រោមច្បាប់អន្តរជាតិផងដែរ។
 
គិតមកត្រឹមពេលនេះ តាលីបង់ក្តោបក្ដាប់អំណាចបានជាង៨ខែហើយ បន្ទាប់ពីអាម៉េរិកនិងសម្ព័ន្ធមិត្តបានដកទ័ពទាំងស្រុងចេញពីទឹកដីអាហ្វហ្កានីស្ថាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ បើតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ប្រជាជនអាហ្វហ្កានីស្ថានជាង២,៦លាននាក់បានភៀសខ្លួនចេញពីប្រទេសនឹងកំពុងស្នាក់នៅក្នុងប្រទេសផ្សេងៗ៕
 

Tag:
 អាហ្វហ្កានីស្ថាន
  G7
© រក្សាសិទ្ធិដោយ thmeythmey.com