អន្តរជាតិ
នាយករដ្ឋមន្រ្តីថ្មីស្រីលង្កា ពិបាកបង្កើតរដ្ឋាភិបាល ខណៈប្រជាជនបន្តធ្វើបាតុកម្ម
14, May 2022 , 10:29 am        
រូបភាព
លោក Ranil Wickremesinghe ស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីចំពោះមុខប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា។ រូបថត Xinhua
លោក Ranil Wickremesinghe ស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីចំពោះមុខប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា។ រូបថត Xinhua
ដោយ:
នាយករដ្ឋមន្រ្តីថ្មីស្រីលង្កា Ranil Wickremesinghe កំពុងជួបទុក្ខលំបាកលើការបង្កើតរដ្ឋាភិបាលចម្រុះ ដើម្បីដឹកនាំប្រទេស និងដោះស្រាយវិបត្តិ​សេដ្ឋកិច្ចក្នុងប្រទេស ក្រោយពីសមាជិកសភារបស់គណបក្សប្រឆាំងបដិសេធមិនព្រមដឹកនាំក្រសួងហិរញ្ញវត្ថុ។ នៅតាមដងផ្លូវ ប្រជាជនស្រីលង្កា បន្តជួបជុំប្រឆាំងការដឹកនាំសព្វថ្ងៃដដែល។


​​នៅល្ងាចថ្ងៃទី១២ ខែឧសភា​​ ​លោក​ Ranil Wickremesinghe បានស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីស្រីលង្កា ជំនួសលោក ម៉ាហ៊ិនដា រ៉ាចាប៉ាក់សា ដើម្បីដោះស្រាយវិបត្តិស្រីលង្កាដ៏អាក្រក់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្រ្ត។ វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ កង្វះភ្លើងប្រើប្រាស់ជាច្រើនខែ និងបាតុកម្មពាសពេញប្រទេស កំពុងអុកឡុកប្រទេសនេះជាំខ្លាំង។ 
 
លោក Ranil ដែលធ្លាប់កាន់តំណែងនេះ៥លើករួចមកហើយ អះអាងថា រូបលោកបានទទួលការគាំទ្រគ្រប់គ្រាន់លើការឡើងដឹកនាំប្រទេសនេះ​ ​ហើយ​លោកក៏បានទាក់ទងទៅកាន់សម្ព័នមិត្តដ៏មានឥទ្ធិពលដើម្បីចូលរួមជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិ។ ប៉ុន្តែលោកកំពុងប្រឈមមុខផ្លូវរលាក់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី។ ​សមាជិកសភាគណបក្សប្រឆាំងដ៏សំខាន់ Harsha De Silva បានបដិសេធជាសារធារណៈ មិនព្រមទទួលតំណែងរដ្ឋមន្រ្តីហិរញ្ញវត្ថុឡើយ ហើយថែមទាំងជំរុញឱ្យមានការផ្លាស់ប្តូររដ្ឋាភិបាលតែម្តង។
 
«ប្រជាជនស្រីលង្កាមិនបានស្នើសុំឱ្យមានល្បែងនយោបាយឬកិច្ចព្រមព្រៀងអ្វីទេ ​ប៉ុន្តែប្រជាជនចង់បានប្រព័ន្ធថ្មីមួយដែលអាចការពារអនាគតរបស់ពួកគេ។»​ សមាជិកសភាខាងលើបានថ្លែងបែបនេះក្នុងសេចក្តីថ្លែងការណ៍មួយ មុនលើកឡើងទៀតថា ​រូបលោកនឹងទៅចូលរួមតស៊ូជាមួយប្រជាជនដើម្បីផ្តួលរលំប្រធានាធិបតី​លោក​ ហ្គោតាបាយ៉ា​​ រ៉ាចាប៉ាក់សា ហើយមិនគាំទ្រដាច់ខាតលើដំណោះស្រាយនយោបាយណាមួយដែលរក្សាមេដឹកនាំត្រកូល រ៉ាចាប៉ាក់សា ឱ្យនៅដឹកនាំប្រទេសនោះ។
 
អស់ពេលជាច្រើនសប្តាហ៍ហើយ ប្រជាជនស្រីលង្កានៅតែបន្តការតវ៉ា បើទោះជាអតីតនាយករដ្ឋមន្រ្តី រ៉ាចាប៉ាក់សា បានចុះចេញពីតំណែងក្តី។ ក្រុមបាតុករទាំងនោះមិនស្កប់ចិត្តឡើងដោយបន្តបាតុកម្មទាមទារឱ្យប្រធានាធិបតីស្រីលង្កាលាលែងជុំវិញការអសមត្ថភាពលើការគ្រប់គ្រងវិបត្តិក្នុងស្រុក ដែលជាដើមហេតុធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ដល់បាត៕​
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com