កីឡាជាតិ
ជាតិ
ក្រុម​បាល់ទាត់​កម្ពុជា បញ្ចប់​ស៊ីហ្គេម​លើកទី៣១ ដោយមាន​៤ពិន្ទុ
16, May 2022 , 6:19 pm        
រូបភាព
ប្រភពរូបថត៖ FAM
ប្រភពរូបថត៖ FAM
ក្រុម U23 កម្ពុជា ស្មើ ២-២ ជាមួយក្រុម​កំពូល​តារាង​ម៉ាឡេស៊ី នាការប្រកួត​ចុងក្រោយពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម នៅកីឡដ្ឋាន Thien Truong រសៀលថ្ងៃទី​១៦ ខែឧសភា នេះ។

 
ដើមតង់ទី១ ក្រុមទាំងពីរ​ មិនសូវសម្រុកគ្នាខ្លាំងទេ  លុះចូលដល់នាទី១៥ កីឡាករម៉ាឡេស៊ី បានស៊ុតចំ ហ៊ុល ​គីមហ៊ុយ អ្នកចាំទីកម្ពុជា។ ២០នាទីកន្លងទៅ ម៉ាឡេស៊ី គ្រប់គ្រងបាល់បានយ៉ាងល្អ ដោយបានដាក់សម្ពាធលើជម្រើសជាតិកម្ពុជា ជាច្រើនលើក តាមរយៈការលើកបាល់ជ្រុង (Corner) ជាច្រើនលើក។
 
ម៉ាឡេស៊ី មានឱកាសជាច្រើនសម្រាប់ទម្លាយសំណាញ់ទីកម្ពុជា តែប្រព័ន្ធការពាររបស់កម្ពុជា ល្អជាងការប្រកួត ជាមួយសិង្ហបុរី។ ដោយឡែក សៀង ចន្ធា របស់កម្ពុជា មិនអាចប្រើបច្ចេកទេសអូសផុតខ្សែការពារម៉ាឡេស៊ីបានទេ។
 
សៀង ចន្ធា បានបង្កើតឱកាសសម្រាប់ជម្រើសជាតិកម្ពុជា ជាច្រើនលើក ខណៈ ហ៊ុល គឹមហុយ អ្នកចាំទី បានសង្គ្រោះបាល់ជាច្រើនលើកដូចគ្នា។ លុះដល់នាទី៤០ ម៉ាឡេស៊ី បានស៊ុតម្ដងទៀតពីចម្ងាយ តែត្រូវ គីមហ៊ុ សង្គ្រោះបាន។
ចូលដល់នាទី៤៥+១ កម្ពុជា ទទួលបាល់ពិន័យ១១ម៉ែត្រ ដោយស៊ុតបញ្ចូលទី ដោយកីឡាករ ជួន ចាន់ចាវ។ មួយគ្រាប់ របស់ ជួន ចាន់ចាវ គឺជាការគោរពដល់វិញ្ញាណក្ខ័ន្ធ លោក ឫទ្ធី សំណាង ស្ថាបនិក និងជាប្រធានក្លិបភ្នំពេញក្រោន ផងដែរ។
 
ចូលដល់តង់ទី២ នាទី៥១ ម៉ាឡេស៊ី តាមស្មើ តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ ពីកីឡាករ Hadi Fayyadh។ នាទី៦១ ណារ៉ុង កក្កដា បានទម្លាយសំណាញ់ទី ម៉ាឡេស៊ី ដោយតាមការបញ្ជូនបាល់ពីមិត្តរួមក្រុម ស៊ិន សុវណ្ណមករា នាំឲ្យកម្ពុជានាំមុខ ២-១ បណ្ដោះអាសន្ន។ ចូលដល់នាទី៦៨ Hadi Fayyadh របស់ម៉ាឡេស៊ី បានស៊ុតបញ្ចូលទី នាំឲ្យស្មើ២-២។ គី រីណា ត្រូវប្ដូចេញនាទី៧២ ដោយជំនួសវិញដោយ ម៉ៅ ពិសិដ្ឋ។
 
ម៉ាឡេស៊ី បន្ដដាក់សម្ពាធលើកម្ពុជាថែមទៀត តែជាមួយគ្នា កម្ពុជា បានវាយបកបានជាច្រើនលើក។ លទ្ធផលបន្ដដល់នាទី៨៦ សៀង ចន្ធា ត្រូវប្ដូរចេញ និងជំនួសដោយ ផាត់ សុខា។ នាទី៩០+២ កម្ពុជា ស្ទើរតែមានឱកាសរកបានមួយគ្រាប់ទៀត តែត្រូវ អ្នកចាំទីម៉ាឡេស៊ីសង្គ្រោះបាន។
 
បញ្ចប់ការប្រកួត កម្ពុជា ស្មើជាមួយ ម៉ាឡេស៊ី ២-២ ក្នុងកីឡដ្ឋាន Thien Troung ។ ម៉ាឡេស៊ី ត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបជាមួយម្ចាស់ផ្ទះវៀតណាម។ 
 
សមាសភាពជម្រើស ១១នាក់ដំបូង សម្រាប់ប្រកួតជាមួយ ម៉ាឡេស៊ី មាន៖ ហ៊ុល គឺមហ៊ុយ (អ្នកចាំទី), ជា សុខម៉េង, ជូ ស៊ីនទី, តាំង ប៊ុនឆៃ, សឿត ណាវ៉ា, សារ ទី, ជួន ចាន់ចាវ, សៀង ចន្ធា, ស៊ិន សុវណ្ណមករា, គី រីណា និង វ៉ាង ដាវីន។

ក្នុង​ការ​ប្រកួតពូល B កម្ពុជាបើកឆាក​ដោយឈ្នះឡាវ ៤-១ ប៉ុន្តែចាញ់សិង្ហបុរី ១-០ ចាញ់ថៃ ៥-០ មុននឹងស្មើ ម៉ាឡេស៊ី ២-២៕
 
 

Tag:
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com