អន្តរជាតិ
រុស្ស៊ីថា យោធាអ៊ុយក្រែនក្នុងរោងចក្រដែក Azovstal ទម្លាក់អាវុធហើយ
18, May 2022 , 11:59 am        
រូបភាព
ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១៧ ខែឧសភា អះអាងថា យោធាអ៊ុយក្រែននៅរោងចក្រដែក Azovstal នៅទីក្រុង Mariupol ប្រមាណ២៦៥នាក់ បានព្រមចុះចាញ់ ក្រោយបានតតាំងនឹង​កងទ័ព​រុស្ស៊ីអស់រយៈពេលប៉ុន្មានខែមកនេះ។ ការទម្លាក់អាវុធនេះ ជាការបញ្ចប់ប្រតិបត្តិការ ឡោម​ព័ទ្ធ​របស់​កងកម្លាំងរុស្ស៊ីនៅរោងចក្រដែកមួយនេះផងដែរ។ ប៉ុន្តែវាសនារបស់យោធាអ៊ុយក្រែនទាំងនេះ មិនទាន់ច្បាស់នៅឡើយទេ បើទោះរុស្ស៊ីធ្លាប់ធានាថា ពួកគេនឹងទទួលបានការយកចិត្តទុកក្ដី។

 
រុស្ស៊ីបានចំណាយពេលជិតពីរខែក្នុងការវាយប្រហារទីក្រុង Mariupol ទម្រាំដណ្ដើមបាន ហើយបន្តឡោមព័ទ្ធរោងចក្រដែក Azovstal ដែលមានយោធាអ៊ុយក្រែន និងជនស៊ីវិលប្រមាណ២ពាន់នាក់។ ការជម្លៀសប្រជាជន ត្រូវបានធ្វើជាបន្តបន្ទាប់ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិ និងកាកបាទក្រហមអន្តរជាតិ ខណៈយោធាអ៊ុយក្រែននៅជម្នះការផ្លោងគ្រាប់របស់រុស្ស៊ីដដែល។ យ៉ាងណាមិញ ការតស៊ូនេះ ក៏ត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា។
 
យោងតាមក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១៧ ខែឧសភា កងទ័ពអ៊ុយក្រែន២៦៥ នាក់បានដាក់អាវុធចុះហើយ។​ ក្នុងចំណោមនោះ យោធាំ៥១នាក់បានរងរបួសធ្ងន់ដែលនឹងអាចត្រូវ​បានបញ្ជូន​ទៅ​ព្យាបាលនៅក្រុង Novoazovsk ក្នុងតំបន់ Donetsk ដែលគ្របគ្រងដោយក្រុមផ្ដាច់ខ្លួនអ៊ុយក្រែន។
 
នៅថ្ងៃដដែលនោះ មេបញ្ជាការយោធាអ៊ុយក្រែន ក៏បានប្រកាសថា​​ បេសកកម្ម​ការពារ​រោងចក្រ​ដែក​ត្រូវ​បាន​បញ្ចប់ដែរ។ ទាក់ទងយោធាអ៊ុយក្រែនដែលចុះចាញ់ ប្រធានធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងក្នុងវីដេអូមួយថា អ៊ុយក្រែនត្រូវការវីរបុរសអ៊ុយក្រែននៅរស់មកវិញ។ ប៉ុន្តែ​លោកមិនបានប្រើពាក្យចុះចាញ់ឡើយ ហើយក៏បញ្ជាក់ពីគោលបំណងដោះដូរក្រុមអ្នក ប្រយុទ្ធនៅរោងចក្រដែក Azovstal ជាមួយទាហានរុស្ស៊ីដែលត្រូវបានចាប់ខ្លួននៅអ៊ុយក្រែន។
 
«យើង​សង្ឃឹម​ថា យើង​នឹង​អាច​ជួយ​ជីវិត​របស់ពួកគេបាន។ មានអ្នករបួសធ្ងន់ធ្ងរក្នុងចំណោម ក្រុមអ្នកប្រយុទ្ធ ហើយពួកគេកំពុងទទួលបានការព្យាបាល»។ លោកហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ។
 
ក្នុងវីដេអូដែលបង្ហោះដោយកងកម្លាំងគាំទ្ររុស្ស៊ី យុទ្ធជនជាង៣០នាក់បាន ដឹកទាហាន​ដែល​រងរបួស​ចេញពីរោងចក្រ មុនពេលរថយន្តក្រុងប្រហែលរាប់សិបគ្រឿងបានដឹកអ្នកសេសសល់​ទៅ​កាន់​ទីក្រុង Novoazovsk ។ ប៉ុន្តែ​វា​មិន​ច្បាស់​ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​អ្នក​ប្រយុទ្ធ​នៅ​ពេល​នេះឡើយ។ កន្លងមក វិមានក្រេមឡាំង បានបញ្ជាក់ថា ចំណាត់ការលើក្រុមអ្នកប្រយុទ្ធទាំងនោះ នឹងត្រូវអនុវត្តតាម​បទដ្ឋានអន្តរជាតិ៕
 
 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com