អន្តរជាតិ
អាម៉េរិក​ បន្ធូរ​ទណ្ឌកម្ម​ខ្លះ​លើ​វេណេស៊ុយអេឡា ដើម្បី​ជំរុញកិច្ច​ចរចា​នយោបាយក្នុងប្រទេស
18, May 2022 , 7:29 pm        
រូបភាព
ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ
ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ
អាម៉េរិក កំពុងរៀបចំបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនលើវេណេស៊ុយអេឡាដើម្បីលើកទឹកចិត្តឱ្យមានកិច្ចសន្ទនានយោបាយរវាងរបបប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ និងគណបក្សប្រឆាំងក្នុងប្រទេស។ នេះបើតាមការបញ្ជាក់មន្ត្រីជាន់ខ្ពស់អាម៉េរិកនៅថ្ងៃទី១៧ ខែឧសភា។


«អាម៉េរិកកំពុងអនុវត្តវិធានការមួយចំនួនតាមសំណើរបស់រដ្ឋាភិបាលបណ្តោះអាសន្នវេណេស៊ុយអេឡា និងគណបក្សប្រឆាំងដែលកំពុងចរចាជាមួយរដ្ឋាភិបាល ដើម្បីគាំទ្រការសម្រេចចិត្តរបស់ពួកគេក្នុងការវិលត្រឡប់ទៅកាន់តុចរចានៅឯម៉ិកស៊ិកវិញ»។ មន្ត្រីជាន់ខ្ពស់អាម៉េរិកដែលមិនបានបញ្ចេញអត្តសញ្ញាណមួយរូបបានលើកឡើងបែបនេះនៅថ្ងៃទី១៧ ខែឧសភា។ 
 
បើតាមមន្ត្រីអាម៉េរិក ការបន្ធូរបន្ថយទណ្ឌកម្មកំពុងដំណើរការតាមសំណើរបស់រដ្ឋាភិបាលបណ្តោះអាសន្នដែលដឹកនាំដោយលោក ហ័ន ក្វៃដូ ហើយត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរដើម្បីត្រលប់ទៅកិច្ចពិភាក្សាវិញ។ ត្រង់នេះ អាម៉េរិក​បន្តគាំទ្រការសន្ទនាដោយសន្តិវិធីចំពោះវិបត្តិនយោបាយ សេដ្ឋកិច្ច និងមនុស្សធម៌នៅវេណេអ៊ុយអេឡា។ 
 
វិធានការទាំងនេះ ក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនប្រេងអាម៉េរិក Chevron ចរចាជាមួយក្រុមហ៊ុនប្រេងរដ្ឋ PDVSA លើលក្ខខណ្ឌពាណិជ្ជកម្មផ្សេងៗនាពេលអនាគតនៅវេណេស៊ុយអេឡាផងដែរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ដដែល។ 
 
ចំណែក​ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា Delcy Rodriguez សរសេរលើបណ្តាញសង្គម Twitter ថា រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនប្រេងអាម៉េរិក និងអឺរ៉ុប ចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅវ៉េណេស៊ុយអេឡាផងដែរ។ យ៉ាងណាមិញ លោកស្រីក៏បានសង្កត់ធ្ងន់ថា វ៉េណេស៊ុយអេឡានៅតែចង់បានការលុបចោលទាំងស្រុងនូវទណ្ឌកម្មខុសច្បាប់របស់លោកខាងលិច ដែលបង្កការប៉ះពាល់ដល់ពលរដ្ឋក្នុងប្រទេស។ 
 
បន្ទាប់ពីភាពជាប់គាំងនយោបាយរយៈពេល ៣ ឆ្នាំក្នុងប្រទេស ស្ថានភាពសេដ្ឋកិច្ច និងសង្គមនៅវ៉េណេស៊ុយអេឡា បានវិវត្តកាន់តែយ៉ាប់យ៉ឺនទៅ។ ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានលើកទឹកចិត្តឱ្យលោក​ ម៉ាឌុយរ៉ូចូលតុចរចាជាមួយក្រុមប្រឆាំងវិញផងដែរ។ 
 
រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោក ក្វៃដូ ត្រូវបានទទួលស្គាល់ដោយប្រទេសជិត ៦០ រួមមានអាម៉េរិកជាដើម ទទួលស្គាល់ថាជារដ្ឋាភិបាលស្របច្បាប់ចាប់តាំងពីឆ្នាំ ២០១៩ មក។ ប៉ុន្តែ បើទោះបីជាទទួលបានការគាំទ្រពីអន្តរជាតិក្តីក៏ រដ្ឋាភិបាលដឹកនាំដោយលោក ក្វៃដូ នៅតែមិនអាចបណ្តេញលោក ម៉ាឌុយរ៉ូ ពីអំណាចបាន។ 
 
កិច្ចចរចារវាងរដ្ឋាភិបាលលោក ម៉ាឌុយរ៉ូ និងក្រុមប្រឆាំង បានជាប់គាំងតាំងពីខែតុលា នៅពេលដែលអាម៉េរិកចាប់ឃុំខ្លួនអ្នកជំនួញជនជាតិកូឡុំប៊ីលោក Alex Saab ដែលត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ឱ្យរបបលោក ម៉ាឌុយរ៉ូ ៕
 

Tag:
 អាម៉េរិក
  វ៉េណេស៊ុយអេឡា
© រក្សាសិទ្ធិដោយ thmeythmey.com