អន្តរជាតិ
ICC បញ្ជូនអ្នកជំនាញដ៏ច្រើនទៅអ៊ុយក្រែនដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម
18, May 2022 , 9:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបញ្ជូនក្រុមអ្នកជំនាញចំនួន ៤២ នាក់ ដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី ចាប់ផ្តើមនៅខែកុម្ភៈ។​ សេចក្តីថ្លែងការណ៍របស់អគ្គរដ្ឋអាជ្ញា ICC លោក Karim Khan បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៧ ខែឧសភា ដោយបន្តថា នេះជាដំណើរការស៊ើបអង្កេតទ្រង់ទ្រាយដ៏ធំបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។

 
បួនថ្ងៃបន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចាប់ផ្តើមស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាម ដែលអាចត្រូវបានប្រព្រឹត្តនៅអ៊ុយក្រែន។ ដើម្បីពន្លឿនដំណើរការស៊ើបអង្កេត អគ្គរដ្ឋអាជ្ញា ICC លោក Karim Khan នៅថ្ងៃទី១៧ ខែឧសភា បានបញ្ជូនក្រុមអ្នកជំនាញ៤២ រូប រួមមានអ្នកស៊ើបអង្កេត អ្នកជំនាញផ្នែកកោសល្យវិច្ច័យ និងបុគ្គលិកជំនួយផ្សេងទៀតដើម្បីប្រមូលព័ស្តុតាង និងទិន្ន័យនៅអ៊ុយក្រែន។ 
 
«ក្រុមការងារ នឹងពន្លឿនការស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្ម ដែលស្ថិតក្រោមយុត្តាធិការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ និងផ្តល់ការគាំទ្រដល់អាជ្ញាធរជាតិអ៊ុយក្រែន»។ អគ្គរដ្ឋអាជ្ញា ICC លើកឡើងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១៧ ខែឧសភា ដោយបញ្ជាក់ថា ការបញ្ជូនក្រុមការងារដ៏ច្រើនឱ្យស៊ើបអង្កេតក្នុងសំណុំរឿងតែមួយបែបនេះ គឺមិនធ្លាប់មានពីមុនទេ តាំងពីICC ត្រូវបានបង្កើតឡើង។  
 
បើតាមលោក Khan ក្រុមការងារខាងលើ នឹងជួយប្រមូលសក្ខីកម្មរបស់សាក្សី អត្តសញ្ញាណនៃសម្ភារធ្វើកោសល្យវិច្ច័យ ព្រមទាំងជួយធានាថា ព័ស្តុតាងដែលប្រមូលបានមកនឹងអាចយកទៅប្រើក្នុងដំណើរការនីតិវិធីនាថ្ងៃខាងមុខបាន។ ទន្ទឹមនេះ លោកក៏បានអរគុណដល់រដ្ឋាភិបាលហូឡង់ដែលបានបញ្ជូនអ្នកជំនាញ ដើម្បីជួយបេសកកម្មនេះផងដែរ ខណៈក្រុមការងារកំពុងធ្វើការជាមួយអ្នកជំនាញកោសល្យវិច្ឆ័យបារាំង ដែលកំពុងមានវត្តមាននៅអ៊ុយក្រែន។ 
 
ពាក់ព័ន្ធនឹងសំណុំរឿងនេះ លោក Khan កន្លងមក បាន​និយាយថា អ៊ុយក្រែនគឺជាកន្លែងឧក្រិដ្ឋកម្ម អំឡុងពេលលោកធ្វើទស្សនកិច្ចនៅក្រុង Bucha ក្នុងខែមេសា ដែលសាកសពយ៉ាងច្រើនត្រូវបានប្រទះឃើញនៅតាមផ្លូវ បន្ទាប់ពីរុស្ស៊ីដកទ័ពចេញនៅចុងខែមីនា។ អ៊ុយក្រែនបានចោទកងទ័ពរុស្ស៊ីថាសម្លាប់ជនស៊ីវិលទាំងនេះ ប៉ុន្តែរុស្ស៊ីបានច្រានចោល ហើយអះអាងថាព្រឹត្តិការណ៍នៅទីក្រុង Bucha ជារឿងប្រឌិដ្ឋ។
 
តាមរបាយការណ៍របស់ការិយាល័យស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅថ្ងៃទី១៧ ខែឧសភា ជនស៊ីវិលនៅអ៊ុយក្រែនរងគ្រោះជាង ៧ពាន់នាក់ ដោយមានអ្នកស្លាប់លើស ៣ពាន់នាក់ និងរបួសយ៉ាងតិច ៤ពាន់នាក់ ។ ទន្ទឹមនឹងនេះ យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ប្រជាជនជាង ៦លាននាក់បានភៀសខ្លួនចេញពីប្រទេស ដែលប្រហែល ៩០ ភាគរយជាស្ត្រី និងកុមារ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com