អន្តរជាតិ
លោក Marcos Jr ប្ដេជ្ញាធ្វើឱ្យទំនាក់ទំនងហ្វីលីពីន-ចិនជិតស្និទ្ធជាងមុនក្នុងអាណត្តិរបស់លោក
19, May 2022 , 9:59 am        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន Ferdinand Marcos Jr ។ រូបថត AFP
ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន Ferdinand Marcos Jr ។ រូបថត AFP
បេក្ខជនប្រធានាធិបតីហ្វីលីពីននាំមុខគេ Ferdinand Marcos Jr នៅថ្ងៃទី១៨​ ខែ ឧសភា លើក​ឡើង​ថា ទំនាក់ទំនងរវាងហ្វីលីពីន និងចិន នឹងត្រូវបានពង្រីក និងខិតទៅរកកម្រិត​ខ្ពស់​ជាង​មុន​នៅ​ពេល​ដែលលោកចូលកាន់តំណែងជាប្រធានាធិបតី។​

 
បើទោះលទ្ធផលផ្លូវការនៃការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនមិនទាន់ត្រូវបានប្រកាសក្ដី ការរាប់​សន្លឹកឆ្នោតបានបង្ហាញថា លោក Ferdinand Marcos Jr បាននាំមុខដាច់បេក្ខជន​ប្រជែងដទៃ។ លោក Marcos Jr ផ្ទាល់ ក៏បានប្រកាសជ័យជម្នះស្រេចទៅហើយ។ ចំពោះគោលនយោបាយការបរទេស ប្រធានាធិបតីជាប់ឆ្នោតរូបនេះ ទំនងជាបន្តទំនាក់ទំនងល្អជាមួយចិនតាមរដ្ឋបាលលោក រ៉ូឌ្រីហ្គោ ឌូទើតេ ដដែល។
 
លោក Marcos នៅថ្ងៃទី១៨ ខែឧសភា បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន ស៊ី ជីនភីង ។ លោក ស៊ី ក៏បានធានាគាំទ្រគោលនយោបាយការបរទេសឯករាជ្យរបស់លោក  Marcos ហើយបាន​យល់ព្រមបន្តកិច្ចពិភាក្សាទូលំទូលាយបន្ថែមទៀតនៅពេលអនាគតផងដែរ។ លោក ស៊ី ក៏​បាន​ទទួល​ស្គាល់តួនាទីរបស់ឱពុករបស់លោក Marcos ដែលជាអតីតប្រធានាធិបតីហ្វីលីពីន​ក្នុងកា​រ​បើក​ទំនាក់​ទំនងការទូតជាមួយក្រុងប៉េកាំងផងដែរ។ លោក Marcos វិញ ក៏ប្ដេជ្ញាជំរុញទំនាក់ទំនងនេះដែរ។
 
«ផ្លូវឆ្ពោះទៅមុខគឺការពង្រីកទំនាក់ទំនងរបស់យើងមិនត្រឹមតែទំនាក់ទំនងការទូត ឬពាណិជ្ជកម្ម​ឡើយ តែថែមទាំងទំនាក់ទំនងក្នុងវប្បធម៌, ការអប់រំ, ចំណេះដឹង និងសុខាភិបាលផងដែរ​ដើម្បី​ដោះ​ស្រាយ​ការ​ខ្វែងគំនិតគ្នាបន្តិចបន្តួចដែលយើងមាននៅពេលនេះ»។ លោក Marcos ​បានសង្កត់ធ្ងន់បែបនេះ រួច​បន្ត​ថា​ លោកក៏បានប្រាប់ប្រធានាធិបតីចិនកុំបណ្ដាលឱ្យភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ​ក្លាយ​ជា​ជម្លោះ​ប្រវត្តិសាស្ត្រ។
 
យោងតាមសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយរបស់ស្ថានទូតចិន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ​ដដែល ភាគីទាំងពីរក៏បានផ្ដោតពីរឿងទំនាក់ទំនងទ្វេភាគី និងស្ថានការណ៍ក្នុងតំបន់។ ប្រមុខរដ្ឋចិនក៏បានលើកឡើងថា ក្រុងម៉ានីល និងក្រុងប៉េកាំងគួរបន្តទំនាក់ទំនងមិត្តភាពឱ្យបានរឹងមាំបន្ថែមទៀត។
 
ការសម្រេចលើតំណែងប្រធានាធិបតីហ្វីលីពីនថ្មីជាផ្លូវការដោយសភាហ្វីលីពីន នឹងធ្វើ ឡើងនៅ​ចុង​ខែ​ឧសភានេះ។ ប្រសិនសភាអនុម័តតាមលទ្ធផលឆ្នោតដែលមានស្រាប់ លោក Marcos នឹង​ចូល​កាន់​តំណែងជាប្រធានាធិបតីនៅចុងខែមិថុនា៕
 
 
 
 

Tag:
 ហ្វីលីពីន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com