អន្តរជាតិ
ប៉ូលិសស្រីលង្កា ចាប់ខ្លួនសមាជិកសភាបក្សកាន់អំណាច២រូបពីការញុះញង់ឱ្យមានហិង្សា
19, May 2022 , 11:29 am        
រូបភាព
ដោយ:
ប៉ូលិសស្រីលង្កា បានចាប់ខ្លួនសមាជិកសភាមកពីបក្សកាន់អំណាច២រូបពីបទចោទញុះញង់ឱ្យមានអំពើហិង្សាកាលពីសប្តាហ៍មុន។ នេះបើតាមមន្រ្តីម្នាក់ស្រីលង្កានៅថ្ងៃទី១៨ ខែឧសភា។ បាតុកម្មពេលនោះ បង្កឱ្យមនុស្សស្លាប់៩នាក់។

 
អគ្គរដ្ឋអាជ្ញាស្រីលង្កានៅថ្ងៃទី១៦ ខែឧសភា បានបង្គាប់នាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មឱ្យចាប់ខ្លួនបុគ្គល ២២ នាក់ដោយរួមមានអតីតរដ្ឋមន្រ្តី និងសមាជិកសភាជុំវិញការញុះញង់ឱ្យមានហិង្សាលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលដោយសន្តិវិធីកាលពីថ្ងៃទី៩ ខែឧសភា។ ជាលទ្ធផលនៃការស៊ើបអង្កេត សមាជិកសភាពីររូបរបស់បក្សកាន់អំណាចស្រីលង្កា លោក Sanath Nishantha និង លោក Milan Jayathilake ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៧ ខែឧសភា ហើយបន្តឃុំខ្លួនដល់ថ្ងៃទី២៥ ខែឧសភា។
 
«វា​មាន​ព័ស្តុតាង​ដោយចំៗ​ប្រឆាំង​នឹង​សមាជិក​សភា​ទាំង​ពីរ​រូប ហើយ​នោះ​ជា​មូលហេតុ​ដែល​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​»។ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែឧសភាស្រង់សម្តីរបស់មន្រ្តីស្រីលង្កាបែបនេះ។ 
 
លោក Sanath Nishantha និង Milan Jayathilake ស្ថិតក្នុងចំណោមអ្នកនយោបាយ ២២ នាក់ទៀតរួមមានអតីតនាយករដ្ឋមន្ត្រី ម៉ាហ៊ិនដា​ រ៉ាចាប៉ាក់សា និងកូនប្រុសលោក ដែលត្រូវបានដកហូតលិខិតឆ្លងដែនកាលពីសប្តាហ៍មុន ក្រោយប្រឈមនឹងបទចោទខាងលើ។ 
 
កាលពីនៅថ្ងៃទី៩ ខែឧសភា ក្រុមអ្នកគាំទ្របក្សកាន់អំណាចរាប់ពាន់នាក់បានជួបជុំនៅរដ្ឋធានីកូឡុំបូ ហើយវាយប្រហារក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលដោយសន្តិវិធី។ ការប៉ះទង្គិចគ្នានេះបណ្តាលឱ្យមនុស្សយ៉ាងតិច២២៥នាក់បញ្ជូនទៅមន្ទីរពេទ្យ​ ខណៈ៩នាក់ស្លាប់។ មិនតែប៉ុណ្ណោះ ប៉ូលិសស្រីលង្កាបានចាប់ខ្លួនប្រជាជនប្រហែល៥០០នាក់ ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការដុតបំផ្លាញផ្ទះអ្នកនយោបាយជាង៧០ខ្នង។
 
ទន្ទឹមនេះ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet និងសហភាពអឺរ៉ុបនៅថ្ងៃទី១០ ខែឧសភា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើហិង្សាទាំងនេះ ហើយអំពាវនាវឱ្យអាជ្ញាធរស្រីលង្កាស៊ើបអង្កេត។ 
 
មកទល់ពេលនេះ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់នៅតែបន្តធ្វើកូដកម្មក្រៅការិយាល័យប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ដោយទាមទារឱ្យលោកចុះចេញពីតំណែងមួយទៀត ស្របពេលលោក Ranil Wickremesignhe ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីកាលពីសប្តាហ៍មុនជំនួសឱ្យបងរបស់លោក។ លោក Wickremesignhe នៅតែមិនទាន់អាចបង្កើតគណៈរដ្ឋមន្រ្តីពេញលេញបាន បើទោះជាទទួលបានការគាំទ្រពីបក្សប្រឆាំងធំៗពីរក្នុងការបង្កើតរដ្ឋាភិបាលរួបរួមដើម្បីទាញប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចក៏ដោយ៕​
 
 
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com