អន្តរជាតិ
ក្រោយដាក់ពាក្យចូលណាតូជាមួយគ្នា ហ្វាំងឡង់និងស៊ុយអ៊ែត នឹងទិញអាវុធរួមគ្នាទៀត
19, May 2022 , 3:59 pm        
រូបភាព
ប្រធានាធិបតីហ្វាំងឡង់ Sauli Ninisto និងនាយករដ្ឋមន្ត្រីស៊ុយអែត Magdalena Andersson។ រូបថត Xinhua
ប្រធានាធិបតីហ្វាំងឡង់ Sauli Ninisto និងនាយករដ្ឋមន្ត្រីស៊ុយអែត Magdalena Andersson។ រូបថត Xinhua
ក្រោយដាក់ពាក្យសូមចូលសម្ព័ន្ធយោធាណាតូជាផ្លូវការមិនបានមួយថ្ងៃផង ហ្វាំងឡង់ និងស៊ុយអែត​ក៏​ព្រមព្រៀងទិញអាវុធ កាំភ្លើងចល័ត និងអាវុធការពាររថក្រោះជាមួយគ្នា។ នេះបើតាម​សេចក្ដី​ថ្លែងការណ៍របស់ក្រសួងការពារជាតិហ្វាំងឡង់នៅថ្ងៃទី ១៨ ខែឧសភា។

 
សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនបានធ្វើឱ្យប្រទេសប្រកាន់ជំហរមិនចូលសម្ព័ន្ធយោធាមានហ្វាំងឡង់ និង ស៊ុយអែត កែប្រែគោលនយោបាយរាប់សិបឆ្នាំ មកសុំចូលរួមជាមួយណាតូដើម្បីការពារសុវត្ថិភាព និង​សន្តិសុខរបស់ខ្លួន។ ប្រទេសទាំងពីរនៅថ្ងៃទី១៨​ ខែឧសភា ក៏បានដាក់ពាក្យស្នើសុំចូលជា​សមាជិក​សម្ព័ន្ធយោធាណាតូនេះជាផ្លូវការរួចហើយ ទោះបីជាក្រុងមូស្គូបានព្រមានពីផលវិបាកជាច្រើនដងក្ដី។
 
នៅថ្ងៃដដែល ក្រសួងការពារជាតិហ្វាំងឡង់បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រទេសជិតខាងទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការនៅ​ក្នុងការធ្វើលទ្ធកម្មការពារជាតិ​ដោយហ្វាំងឡង់​បាន​ចូល​រួមក្នុងកិច្ចព្រមព្រៀងមួយដើម្បីទទួលបានអាវុធប្រឆាំងរថក្រោះពីក្រុមហ៊ុនផលិតអាវុធស៊ុយអែត Saab Dynamics។ 
 
សេចក្ដីថ្លែងការណ៍ដដែលនោះក៏បន្តថា រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ Antti Kaikkonen ក៏បើកផ្លូវដល់​ការទិញអាវុធធុនតូចរួមគ្នាជាមួយស៊ុយអែតដូចជា​កាំភ្លើងខ្លី កាំភ្លើងធុនស្រាល និងអាវុធ​សម្រាប់​ការពារខ្លួនដែរ។
 
«លទ្ធកម្មរួមគ្នា នឹងធ្វើឱ្យចំនួនអាវុធការពារសំខាន់ៗនៅហ្វាំងឡង់និងស៊ុយអែត​ប្រសើរ​ឡើង​ព្រោះ​ប្រទេសទាំងពីរអាចធ្វើប្រតិបត្តិការតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចគ្នា»។ សេចក្ដី​ថ្លែង​ការណ៍​ខាងលើបញ្ជាក់បែបនេះ។ ចំណែកកិច្ចព្រមព្រៀងសម្រាប់អាវុធប្រឆាំងនឹងរថក្រោះ, កាំភ្លើងធុនធ្ងន់, មីស៊ីល, គ្រាប់រំសេវ និងឧបករណ៍ពាក់ព័ន្ធផ្សេងកំពុងរង់ចាំការសម្រេចចិត្តវិនិយោគដាច់​ដោយ​ឡែក​ពី​គ្នា៕
 
 
 
 

Tag:
 ហ្វាំងឡង់
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com