អន្តរជាតិ
កូរ៉េខាងជើង បង្កើនការផលិតឱសថនិងសម្ភារវេជ្ជសាស្ត្រដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩
19, May 2022 , 7:29 pm        
រូបភាព
ដើម្បីទប់ទល់ជំងឺកូវីដ-១៩ ដែលបន្តរីករាលដាលខ្លាំង កូរ៉េខាងជើង កំពុងបង្កើនផលិតកម្មឱសថ​ព្យាបាល និងសម្ភារវេជ្ជសាស្ត្ររួមមានថ្នាំសម្លាប់មេរោគ និងទែម៉ូម៉ែត្រវាស់កម្ដៅ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ករណីសង្ស័យជំងឺកូវីដ-១៩ នៅតែហក់ឡើងខ្លាំងដដែល។

 
អស់រយៈពេលមួយសប្ដាហ៍មកហើយ កូរ៉េខាងជើង កំពុងចាត់វិធានការរឹតត្បិត និងបិទខ្ទប់ប្រទេស​ទាំង​ស្រុងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ខណៈកង្វះខាតថ្នាំព្យាបាលជាបញ្ហា​មួយ​ដែល​បណ្ដាលឱ្យអ្នកជំងឺបាត់បង់ជីវិតបន្តបន្ទាប់ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជំរុញឱ្យ​មាន​ការ​បង្កើនផលិតកម្មឱសថ ការព្យាបាលតាមបែបវិទ្យាសាស្ត្រ និង​ការបង្កើនការផ្គត់​ផ្គង់​ថ្នាំតា​មត​ម្រូវការ​។
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ថ្ងៃទី១៩ ខែឧសភា ទីក្រុងព្យុងយ៉ាង បានពង្រីក​ការ​ផលិតឱសថបុរាណ​កូរ៉េដែលអាចកាត់​បន្ថយ​គ្រុនក្តៅ​ និង​ការ​ឈឺចាប់។ ជាមួយគ្នានេះ រោងចក្រនានា ក៏​កំពុងផលិតថ្នាំចាក់ ថ្នាំពេទ្យ និងទែម៉ូម៉ែតត្រ រីឯការផ្គត់ផ្គង់ផ្នែកសម្ភារវេជ្ជសាស្រ្ត​ក្នុង​រដ្ឋធានីព្យុងយ៉ាង និងតំបន់ក្បែរនោះក៏កំពុងត្រូវបានធ្វើឡើងយ៉ាងសកម្មផងដែរ​។ អាជ្ញាធរកូរ៉េខាងជើង បាន​រៀប​ចំ​មណ្ឌលធ្វើចត្តាឡីស័កន្ថែមទៀត ខណៈការសម្លាប់មេរោគបានធ្វើឡើងទូទាំងប្រទេស។
 
«អំបិលរាប់ពាន់តោន ត្រូវបានដឹកជញ្ជូនជាបន្ទាន់ទៅកាន់ទីក្រុងព្យុងយ៉ាងដើម្បីផលិតថ្នាំសម្លាប់​មេរោគ»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងរាយការណ៍បែបនេះ។ លើសពីនោះ ករណីក្ដៅខ្លួនថ្មី មានជាង២៦ម៉ឺននាក់ ហើយករណីស្លាប់មានមួយទៀតនៅថ្ងៃទី១៨ ខែឧសភា។ ជាសរុប ករណីក្ដៅខ្លួនមាន ១,៩លាននាក់ ហើយអ្នកស្លាប់មាន៦៣នាក់។ យ៉ាងណាមិញ កូរ៉េខាងជើងនៅតែមិ​ន​បញ្ជាក់​ពី​ចំនួន​អ្នកឆ្លងជំងឺកូវីដ-១៩ សរុប។
 
ទាក់ទងការព្យាបាលវិញ ដោយគ្មានយុទ្ធនាការចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ និងបទពិសោធព្យាបាល​ជំងឺ​មួយនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានលើកទឹកចិត្ត​អ្នកជំងឺឱ្យប្រើ​ថ្នាំបំបាត់ការឈឺចាប់ និង​ថ្នាំ​អង់ទីប៊ីទិច ក៏ដូចជាការព្យាបាលតាមអ្វីដែលមាននៅផ្ទះរួមមានខ្ពុរមាត់ទឹក អំបិល និងផឹកតែជាដើម។
 
ទោះជួបវិបត្តិធ្ងន់ធ្ងរបែបនេះក្ដី កូរ៉េខាងជើង​ មិនអើពើសំណើផ្ដល់ជំនួយរបស់ កូរ៉េខាងត្បូងនិងអាម៉េរិកឡើយ តែបោះដៃរកចិនដែលជាសម្ព័ន្ធមិត្តចាស់។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap យន្តហោះចំនួន ៣ គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo បានទៅដល់ចិនហើយបានត្រឡប់ទៅ ទីក្រុងព្យុងយ៉ាងវិញកាលពីថ្ងៃទី១៥ ខែឧសភាដោយបានដឹកសម្ភារពេទ្យមួយចំនួនផង។
 
ជុំវិញវិបត្តិជំងឺកូវីដ-១៩នៅកូរ៉េខាងជើងនេះដែរ ទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) បានព្រមានអំពីផលវិបាកដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជន២៥លាននាក់ ខណៈប្រទេសមួយនេះមា​ន​ប្រព័ន្ធសុខាភិបាលដ៏ទន់ខ្សោយ៕
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com