អន្តរជាតិ
UN ព្រមានពីវិបត្តិស្បៀងអាហារពិភពលោកបង្កដោយសង្រ្គាម
19, May 2022 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៨ ខែឧសភា​ ព្រមានថា វិបត្តិស្បៀងអាហារពិភពលោកដែលកំពុងកើនឡើង​អាចអូសបន្លាយទៅជាច្រើនឆ្នាំប្រសិនបើគ្មានការឆ្លើយតបត្រឹមត្រូវទេនោះ។ បើតាម UN វិបត្តិស្បៀងអាហារនេះ ប្រែកាន់តែអាក្រក់ដោយសារសង្គ្រាមនៅអ៊ុយក្រែន។ ឯធនាគារពិភពលោកក៏ប្រកាសផ្តល់ជំនួយបន្ថែមជាង១២ពាន់លានដុល្លារដើម្បីកាត់បន្ថយហានិភ័យនេះ។


អសន្តិសុខស្បៀងអាហារ កំពុងកើនឡើងដោយសារសីតុណ្ហភាពពិភពលោកបន្តកើនឡើង ការរាតត្បាតនៃជំងឺឆ្លង និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលនាំឱ្យមានកង្វះខាតផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងជីលើពិភពលោក។
 
នៅឯកិច្ចប្រជុំ UN នៅទីក្រុងញូវយ៉កស្តីពីសន្តិសុខស្បៀងពិភពលោក អគ្គលេខាធិការ UN អាន់តូនីញ៉ូ ហ្គូតេរ៉េស បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែន បានបង្កការគំរាម និងធ្វើឱ្យមនុស្សរាប់សិបលាននាក់ប្រឈមមុខនឹងអសន្តិសុខស្បៀងអាហារ។ លោក ហ្គូតេរ៉េស អះអាងថា កង្វះអាហារូបត្ថម្ភ ភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្ស អាចអូសបន្លាយរាប់ឆ្នាំ។ ដើម្បីដោះស្រាយវិបត្តិ ប្រមុខ UN រូបនេះ និងសមាជិក UN ដទៃ នឹងជំរុញឱ្យរុស្ស៊ី​ឈប់រារាំងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។ 
 
ការឈ្លានពានរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន និងទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិដែលបានដាក់លើរុស្ស៊ី បានប៉ះពាល់ដល់ការផ្គត់ផ្គង់ជី ស្រូវសាលី និងទំនិញផ្សេងទៀតដែលអ៊ុយក្រែននិងរុស្ស៊ីនាំចេញ។ បញ្ហានេះបានធ្វើឱ្យតម្លៃស្បៀងអាហារ និងប្រងឥន្ធនៈឡើងថ្លៃជាខ្លាំង ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍ​។ ​រុស្ស៊ី និងអ៊ុយក្រែនបានផ្គត់ផ្គង់ស្រូវសាលីលើពិភពលោកជាង៣០ភាគរយ។
 
មុនការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ អ៊ុយក្រែនត្រូវបានគេចាត់ទុកថាជាអ្នកផ្គត់ផ្គង់យ៉ាងសំខាន់របស់ពិភពលោក ដោយបាននាំចេញកសិផលជាង៤,៥លានតោនក្នុងមួយខែតាមរយៈកំពង់ផែរបស់ខ្លួ​​ន។ លើសពីនេះ អ៊ុយក្រែនក៏ជាអ្នកផ្គត់ផ្គង់ស្រូវសាលីជា១២ភាគរយលើទីផ្សារពិភពលោកដែរ។ 
 
«សូមបញ្ជាក់ឱ្យច្បាស់ គ្មានដំណោះស្រាយដ៏មានប្រសិទ្ធភាពណាមួយចំពោះវិបត្តិស្បៀងអាហារដោយមិនធ្វើឱ្យផលិតកម្មស្បៀងរបស់អ៊ុយក្រែនដំណើរការឡើងវិញឡើយ»។ លោក ហ្គូតេរ៉េស បានសង្កត់ធ្ងន់បែបនេះក្នុងកិច្ចប្រជុំដដែល ដោយបន្តថា រុស្ស៊ីត្រូវតែអនុញ្ញាតមានការចេញគ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាពដែលរក្សាទុកក្នុងកំពង់ផែអ៊ុយក្រែន។
 
ក្រោយការលើកឡើងនេះ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី​ ប្លិងខិន ដែលជាប្រធានកិច្ចប្រជុំ និងលោក David Beasleyប្រធានកម្មវិធីស្បៀងអាហារពិភពលោក បានគាំទ្រការលើកឡើងនេះ។ 
 
តាមពិតទៅ អសន្តិសុខស្បៀងបានចាប់ផ្តើមកើនឡើង តាំងពីមុនពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនមក។ ក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ចំនួនមនុស្សដែលជួបប្រទះវិបត្តស្បៀងអាហារធ្ងន់ធ្ងរបានកើនឡើងទ្វេដងពី១៣៥លាននាក់ដល់ជាង២៧៦លាននាក់នាពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមទិន្នន័យពី UN។
 
កន្លងមក ធនាគារពិភពលោកបានផ្តល់ជំនួយជាច្រើនដើម្បីទប់ទល់នឹងវិបត្តិនេះ។ ការប្រកាសផ្តល់ជំនួយ១២ពាន់លានដុល្លាររបស់ធនាគារពិភពលោកបន្ថែមនេះ ​បានធ្វើឱ្យថវិកាសរុបសម្រាប់គម្រោង ១៥ ខែខាងមុខលើការទប់ទល់នឹងអសន្តិសុខស្បៀងអាហារកើនដល់៣០ពាន់លានដុល្លារ។ ជំនួយលើកមុនចំនួន១៨,៧ពាន់លានដុល្លារ ត្រូវប្រើសម្រាប់គម្រោងដែលទាក់ទងនឹងបញ្ហាសន្តិសុខអាហារ និងអាហារូបត្ថម្ភនៅអាហ្វ្រិក មជ្ឈិមបូព៌ា អឺរ៉ុបខាងកើត អាស៊ីកណ្តាល និងអាស៊ីខាងត្បូង៕
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com