អន្តរជាតិ
អាម៉េរិក បើកស្ថានទូតនៅក្រុងកៀវឡើងវិញ ​ជាមួយនឹងការតែងតាំងអគ្គរដ្ឋទូតថ្មីប្រចាំអ៊ុយក្រែន
19, May 2022 , 10:29 pm        
រូបភាព
បុគ្គលិកស្ថានទូតអាម៉េរិក បង្ហូរទង់ជាតិនៅស្ថានទូតក្នុងរដ្ឋធានីកៀវ។ រូបថត AFP
បុគ្គលិកស្ថានទូតអាម៉េរិក បង្ហូរទង់ជាតិនៅស្ថានទូតក្នុងរដ្ឋធានីកៀវ។ រូបថត AFP
ដោយ:
អាម៉េរិក បានបើកស្ថានទូតនៅក្រុងកៀវឡើងវិញ​ បន្ទាប់ពីផ្អាកការងារជិតបីខែដោយសារការឈ្លាន​ពានរបស់រុស្ស៊ី។ ក្រសួងការបរទេសអាម៉េរិកប្រកាសបែបនេះនៅថ្ងៃទី១៨ ខែឧសភា ខណៈព្រឹទ្ធសភាអាម៉េរិកនៅថ្ងៃដដែល ក៏បានអនុម័តជាឯកច្ឆ័ន្ទបេក្ខភាពលោកស្រី Bridget Brink ជាអគ្គរដ្ឋទូតថ្មីប្រចាំអ៊ុយក្រែនដែលជាមុខតំណែងទំនេរអស់រយៈពេលបីឆ្នាំមកហើយ។​​

 
ប៉ុន្មានថ្ងៃមុនរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ អាម៉េរិកបិទទ្វារស្ថានទូតរបស់ខ្លួននៅទីក្រុងកៀវ ដោយបារម្ភពីបញ្ហាសន្តិសុខ និងបន្ទាប់ពីបានជម្លៀសបុគ្គលិកចេញបណ្ដើរៗហើយនោះ។ ដោយរដ្ឋធានីកៀវត្រូវបានយោធារុស្ស៊ីសំដៅវាយប្រហារមុនគេ បុគ្គលិកទូតអាម៉េរិកដែលនៅសេសសល់ត្រូវបានផ្លាស់ទៅធ្វើប្រតិបត្តិការនៅទឹកដីប៉ូឡូញវិញដែលជាសម្ព័ន្ធមិត្តបក្សសម្ព័ន្ធយោធាណាតូវិញ។ 
 
បើទោះជាសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត អាម៉េរិក ក៏សម្រេចបើកទ្វារស្ថានទូតវិញ។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៨ ខែឧសភា ថា អាម៉េរិកបញ្ជាក់ពីការប្តេជ្ញាចំពោះប្រជាជន និងរដ្ឋាភិបាលអ៊ុយក្រែនឡើងវិញ។ 
 
«ប្រជាជនអ៊ុយក្រែនជាមួយនឹងជំនួយផ្នែកសន្តិសុខរបស់យើង បានការពារមាតុភូមិរបស់ពួកគេ ប្រឈមមុខនឹងការឈ្លានពានមិនសមហេតុផលរបស់រុស្ស៊ី ហើយជាលទ្ធផល ទង់ជាតិអាម៉េរិកបានបង្ហូតពីលើស្ថានទូតឡើងវិញម្តងទៀត»។ ប្រមុខការទូតអាម៉េរិក លោក ប្លីងខិន អះអាងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍ដដែល។
 
ខណៈកងទ័ពរុស្ស៊ីបន្តវាយប្រហារប្រជាជន និងបង្កការបំផ្លិចបំផ្លាញលើទឹកដីអ៊ុយក្រែនជារៀងរាល់ថ្ងៃ លោក ប្លីងខិនលើកឡើងថា អាម៉េរិកកំពុងអនុវត្តវិធានការបន្ថែមដើម្បីបង្កើនសុវត្ថិភាពបុគ្គលិកស្ថានទូតខ្លួនដែលកំពុងតែត្រឡប់ទៅធ្វើការនៅទីក្រុងកៀវ និងវិធានការសន្តិសុខរបស់អាម៉េរិកថែមទៀត។ 
 
ទន្ទឹមនេះ ព្រឹទ្ធសភាអាម៉េរិកនៅថ្ងៃដដែលបានអនុម័តជាឯកច្ឆ័ន្ទបេក្ខភាពលោកស្រី Bridget Brink ជាអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំអ៊ុយក្រែនដែលជាមុខតំណែងទំនេរអស់រយៈពេលបីឆ្នាំ​ បន្ទាប់ពីអតីតប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានបញ្ជាឱ្យអគ្គរដ្ឋទូតប្រចាំអ៊ុយក្រែន លោកស្រី Marie Yovanovitch ត្រឡប់មកអាម៉េរិកវិញកាលពីឧសភា ឆ្នាំ២០១៩។​​ 
 
លោកស្រី Brink ដែលបច្ចុប្បន្នជាអគ្គរដ្ឋទូតអាម៉េរិកប្រចាំស្លូវ៉ាគី បានបម្រើការងារក្នុងស្ថាប័នការទូតជាច្រើនរួមមាន ឧបការីរងរដ្ឋមន្រ្តីការបរទេសទទួលទទួលបន្ទុកកិច្ចការអឺរ៉ុប និងអាស៊ី-អឺរ៉ុបនៅក្រសួងការបរទេសអាម៉េរិកដែលកិច្ចការលោកស្រីផ្តោតលើតំបន់អឺរ៉ុបខាងកើត និងតំបន់ Caucasus។ លើសពីនេះ លោកស្រីអាចនិយាយភាសារុស្ស៊ីបាន ហើយក៏ធ្លាប់ជាអគ្គរដ្ឋទូតអាម៉េរិកប្រចាំស៊ែប៊ី ស៊ីប ហ្សកហ្ស៊ី និងអ៊ូសបេគីស្ថានផងដែរ៕
 
 

Tag:
 អាម៉េរិក
 ​អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com