អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី​ ប្រកាសបណ្តេញមន្រ្តីទូតបណ្តាប្រទេសអឺរ៉ុបសរុប ៨៥នាក់ចេញពីប្រទេស ​
19, May 2022 , 6:11 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
ដោយ:
រុស្ស៊ី នៅថ្ងៃទី១៨ ខែឧសភា បានប្រកាសបណ្តេញមន្រ្តីទូតជាច្រើននាក់មកពីប្រទេស​បារាំង ​អ៊ីតាលី និងអេស្ប៉ាញ ដើម្បីសងសឹក ចំពោះចំណាត់ការរបស់អឺរ៉ុប ដែលបានបណ្តេញមន្រ្តីទូតរុស្ស៊ីជាច្រើននាក់ នាកន្លងមក​​ជុំវិញប្រតិបត្តិការពិសេសនៅអ៊ុយក្រែន។

 
ក្រសួងការបរទេសរុស្ស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានប្រកាសថា ខ្លួនបានបណ្តេញបុគ្គលិកចំនួន៣៤នាក់ ចេញពីស្ថានទូតបារាំងនៅក្នុងទឹកដីរុស្ស៊ី ដោយទុកពេល២សប្តាហ៍។

ការប្រកាសនេះបានធ្វើឡើង ក្រោយពីក្រុងម៉ូស្គូ បានកោះហៅឯកអគ្គរដ្ឋទូតបារាំងប្រចាំរុស្ស៊ី​លោក​ Pierre  Levy និងប្រាប់ពី ទង្វើរបស់បារាំងលើការបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួន ៤៥នាក់។ រុស្ស៊ី បានចាត់ទុកការសម្រេចរបស់បារាំងនោះជាបង្កហេតុ និងគ្មានមូលហេតុត្រឹមត្រូវ។
 
បន្ថែមពីនេះ ក្រសួងការបរទេសរុស្ស៊ី ក៏បានប្រកាសបណ្តេញបុគ្គលិកទូតរបស់អេស្ប៉ាញចំនួន២៧នាក់ និងស្ថានអគ្គកុងស៊ុលប្រចាំនៅទីក្រុង​ Saint Petersburg ចេញដែរ ដោយទុកពេល ៧ថ្ងៃ។ ក្រសួងការបរទេសរុស្ស៊ី ក៏បានប្រាប់អគ្គរដ្ឋទូតអេស្ប៉ាញលោក​ Marcos Gomez Martinezថា ​ការបណ្តេញអ្នកការទូតរុស្ស៊ីចេញពីក្រុង​ Madrid នឹងជះផលអវិជ្ជមានដល់ទំនាក់ទំនងរុស្ស៊ី និងអេស្ប៉ញ។ កន្លងមក ​អេស្ប៉ាញ បានបណ្តេញមន្រ្តី និងបុគ្គលិកទូតរបស់រុស្ស៊ីចំនួន២៥នាក់ចេញពីប្រទេសខ្លួន ក្រោមហេតុផលការពារផលប្រយោជន៍ និងសន្តិសុខជាតិ។
 
ទន្ទឹមនេះ​​​ នៅថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក​ស្រី Maria Zakharova បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា ​អ្នកការទូតអ៊ីតាលី ២៤នាក់ ក៏ត្រូវបានបណ្តេញចេញដែរ។ 
 
ពាក់ព័ន្ធនឹងការបណ្តេញមន្រ្តីការទូតជាច្រើននាក់នេះ​​​ ក្រសួងការបរទេសនៅក្រុងប៉ារីស​ បានថ្កោលទោសយ៉ាងខ្លាំងដោយអះអាងថា សកម្មភាពរបស់ក្រុងម៉ូស្គូ មិនមានមូលដ្ឋានស្របច្បាប់។ ក្រសួងការបរទេសខាងលើបានលើកឡើងទៀត​ថា ​មន្រ្តីការទូតបារាំងបានបំពេញកាតព្វកិច្ចយ៉ាងល្អ ក្រោមក្របខណ្ឌនៃអនុសញ្ញាក្រុងវីយែនស្តីពីទំនាក់ទំនងការទូតនិងកុងស៊ុល ខណៈដែលក្រុងប៉ារីសបានបណ្តេញបុគ្គលិកទូតរុស្ស៊ីកាលពីខែមេសានោះ គឺដោយសារសង្ស័យអ្នកទាំងនោះជាក្រុមចារកម្ម​។
 
ឯនាយករដ្ឋមន្រ្តីអ៊ីតាលី លោក​ Mario Draghi បានរិះគន់ភាគីរុស្ស៊ីថា ជាសកម្មភាពវាយប្រហារលើប្រទេសខ្លួន។ចំណែកអេស្ប៉ាញបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបដិសេធលើការសម្រេចរបស់រុស្ស៊ី និង​ចោទរុស្ស៊ីមិនបានផ្អែកលើគោលការណ៍នៃផលប្រយោជន៍រួម​។​
 
ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានចូលអ៊ុយក្រែន អ៊ីតាលី ​បារាំង និងអេស្ប៉ាញ ស្ថិតក្នុងចំណោមប្រទេសអឺរ៉ុបដែលបានបណ្តេញមន្រ្តីរុស្ស៊ីជាង៣០០នាក់ ដោយបានចោទប្រកាន់អ្នកការទូតរុស្ស៊ីទាំងនោះលើការប្រព្រឹត្តិអំពើចារកម្មជាច្រើនករណី។ ប៉ុន្តែក្រុងម៉ូស្គូ​​ បានបដិសេធ៕ 
 
 
 
 

Tag:
 រុស្ស៊ី
  បារាំង
  អេស្ប៉ាញ
  អ៊ីតាលី
© រក្សាសិទ្ធិដោយ thmeythmey.com