អន្តរជាតិ
លោក បៃឌិន គាំទ្របេក្ខភាពស៊ុយអែតនិងហ្វាំងឡង់នៅណាតូ ឯតួកគីនៅតែប្រឆាំង
20, May 2022 , 11:58 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ថ្លែងសុន្ទរកថាជាមួយប្រធានាធិបតិហ្វាំងឡង់ សាវលី នីនីស្តូ (ឆ្វេង) និងនាយករដ្ឋមន្រ្តីស៊ុយអែត ម៉ាកដាលេណា អាន់ឌើសុន (ស្ដាំ)។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ថ្លែងសុន្ទរកថាជាមួយប្រធានាធិបតិហ្វាំងឡង់ សាវលី នីនីស្តូ (ឆ្វេង) និងនាយករដ្ឋមន្រ្តីស៊ុយអែត ម៉ាកដាលេណា អាន់ឌើសុន (ស្ដាំ)។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី១៩ ខែឧសភា ស្វាគមន៍មេដឹកនាំស៊ុយអែត និងហ្វាំងឡង់នៅសេតវិមាន បន្ទាប់ពីប្រទេសទាំងពីរស្នើសុំចូលសម្ព័ន្ធយោធាណាតូរួចមកក្រោមហេតុផលបារម្ភពីសន្តិសុខជាតិ។ លោក បៃឌិន រីករាយយ៉ាងខ្លាំងចំពោះការចូលរួមរបស់ប្រទេសអឺរ៉ុបទាំងពីរនេះក្នុងសម្ព័ន្ធយោធាអន្តរអាត្លង់ទិក។ ប៉ុន្តែស៊ុយអែត និងហ្វាំងឡង់ អាចជួបឧបសគ្គ ព្រោះតួកគីជំទាស់។

 
«ហ្វាំងឡាំង និងស៊ុយអែត នឹងធ្វើឱ្យណាតូកាន់តែខ្លាំង។» ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន​ និយាយបែបនេះក្នុងសុន្ទរកថានៅសួនច្បារ Rose Garden ក្នុងសេតវិមាន ដែលឈរដោយប្រធានាធិបតីហ្វាំងឡង់ សាវលី នីនីស្តូ និងនាយករដ្ឋមន្រ្តីស៊ុយអែត ម៉ាកដាឡេណា អាន់ឌើសុន។ ​លោក បៃឌិន​ ចាត់ទុកការចូលរួមរបស់ប្រទេសទាំងពីរក្នុងប្លុកយោធានេះ ជាមូលដ្ឋានគ្រឹះនៃសន្តិសុខអាម៉េរិក។  
 
បើតាមលោក បៃឌិន ស៊ុយអែត និងហ្វាំងឡង់ គោរពតាមលក្ខខណ្ឌរបស់ណាតូ ហើយរដ្ឋបាលលោក ក៏កំពុងដាក់ឯកសារដើម្បីសុំសច្ចាប័នពីសភាលើបេក្ខភាពប្រទេសទាំងពីរ នៅពេលសមាជិកណាតូផ្ដល់ភ្លើងបៃតងរួចរាល់។ តាមច្បាប់ណាតូ បេក្ខភាពណាមួយ ត្រូវទទួលការគាំទ្រពីប្រទេសសមាជិកទាំង៣០ ។
 
យ៉ាងណាមិញ តួកគី ក៏បានចេញមុខជំទាស់ការបញ្ចូលប្រទេសអឺរ៉ុបខាងជើងទាំងពីរ ពិសេសបេក្ខភាពរបស់ស៊ុយអែតក្រោមហេតុផលរដ្ឋាភិបាលស្តុកខុលគាំទ្របក្សពលករឃើដដែលតួកគីចាត់ទុកជាអង្គការភេរវកម្ម។ ក្រុងអង់ការ៉ា ក៏ចង់ឱ្យប្រទេសទាំងពីរលើកបម្រាមលក់អាវុធផងដែរ។ ក្នុងសារវីដេអូបង្ហោះនៅថ្ងៃទី១៩ ខែឧសភា លោកប្រធានាធិបតី តៃយីប អ៊ែរដូហ្កាន់ អះអាងថា តួកគីប្រាប់សម្ព័ន្ធមិត្តរួចពីជំហរជំទាស់របស់ខ្លួន។
 
ចំពោះមុខលោក បៃឌិន លោកប្រធានាធិបតី នីនីស្តូ និយាយថា ហ្វាំងឡង់បើកចំហដល់ការជជែកពីក្ដីបារម្ភរបស់តួកគី ហើយប្ដេជ្ញាផ្ដល់ការការពារសន្តិសុខដល់តួកគីដូចដែលតួកគីផ្ដល់ការធានាដល់សមាជិកណាតូឯទៀតដែរ។ ទាក់ទងសំណុំរឿងបក្សពលករឃើដ លោក នីនីស្តូ អះអាងថា​ ហ្វាំងឡង់មិនលែងសើចចំពោះរឿងភេរវកម្មនេះ។
 

Tag:
 អាម៉េរិក
  ស៊ុយអែត
  ហ្វាំងឡង់
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com