អន្តរជាតិ
កូរ៉េខាងជើងអះអាងថា មានលទ្ធផលល្អក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ទោះករណីសង្ស័យកើនឡើង
20, May 2022 , 4:29 pm        
រូបភាព
កូរ៉េខាងជើងនៅថ្ងៃទី២០ ខែ ឧសភា អះអាងថា ខ្លួនទទួល​បាន​លទ្ធផល​ល្អប្រសើរ​ក្នុង​ការ​ទប់​ស្កាត់កា​រ​រីករាលដាលជំងឺកូវីដ-១៩ ជាមួយនឹងការចាត់វិធានការយ៉ាងលឿន និងការណែនាំរបស់ប្រមុខដឹកនាំកំពូល គីម ជុងអ៊ុន ។ ប៉ុន្តែស្របពេលជាមួយគ្នានេះករណីក្ដៅខ្លួនសរុបបន្តកើនឡើងលើសពី​២​លាន​ករណី​ឯណោះ​ ដែលជាសញ្ញាបង្ហាញពីភាពធ្ងន់ធ្ងរនៃការឆ្លងជំងឺនេះនៅរដ្ឋកុម្មុយនីស្តឯកោមួយនេះ។

 
នៅកូរ៉េខាងជើង ស្ថានភាពជំងឺកូវីដ-១៩ ហាក់មិនទាន់ធូរស្រាលនោះឡើយមួយសប្ដាហ៍ក្រោយការប្រកាសជាផ្លូវការផ្ទុះករណីឆ្លងក្នុងប្រទេស ដោយករណីអ្នកក្ដៅខ្លួនសរុបមានរហូតដល់២លានករណីទៅហើយ។ សហគមន៍អន្តរជាតិ បានព្រួយបារម្ភពីផលប៉ះពាល់ដល់ប្រជាជនប្រទេសមួយនេះ ពិសេស​ក្រុមងាយរងគ្រោះ។ អាម៉េរិក និងកូរ៉េខាងត្បូង ក៏បានបោះដៃផ្ដល់ជំនួយដែរ តែកូរ៉េខាងជើងមិនអើពើ។ 
 
ទោះករណីក្ដៅខ្លួនដែលស្ថិតក្រោមការសង្ស័យជាករណីវិជ្ជមាននៅមានកម្រិតខ្ពស់ក្ដី ទីភ្នាក់ងារ​ព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី២០ ខែឧសភា រាយការណ៍ថា វិធានការទប់​ស្កាត់​ជំងឺ​កូវីដ-១៩ ទទួលបានលទ្ធផលល្អប្រសើរ។
 
«លទ្ធផលល្អត្រូវបានរាយការណ៍ជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ដែលកំពុង​បន្តមាន»។ KCNA បានអះអាងបែបនេះរួចក៏បន្ថែមថា ទោះបីជាស្ថិតក្រោមស្ថាន ភាពរឹតត្បិត​ជា​អតិបរមាក៏ដោយ ការធ្វើកសិកម្មនៅតែបន្ត ហើយរោងចក្រក៏កំពុងដំណើរការ ហើយ​កូរ៉េខាងជើង​ក៏​គ្រោង​រៀបចំពិធីបុណ្យសពសម្រាប់អតីតឧត្តមសេនីយ៍ម្នាក់ផង។ ឯផលិតកម្មតាមរោងចក្រ​ផ្សេងៗ ត្រូវ​បានបន្តដោយមិនមានការផ្អាកដំណើរការឡើយដើម្បីគាំទ្រវិស័យឯទៀត។
 
ក្នុងរបាយការណ៍របស់ KCNA ដដែលនោះ នៅថ្ងៃទី១៩ ខែឧសភា ករណីក្ដៅខ្លួនថ្មីមាន ២៦ ម៉ឺននាក់ និងអ្នកស្លាប់មាន២នាក់។ សរុបករណីក្ដៅខ្លួនមាន ២,២៤លានករណី ខណៈអ្នកស្លាប់មាន៦៥នាក់។ ដូចរាល់ដង កូរ៉េខាងជើងនៅតែមិនបានរាយការណ៍ពី​ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ឡើយ។ នៅថ្ងៃទី១៨ ខែឧសភា ខណៈករណីឆ្លងបានធ្លាក់ចុះនៅទីក្រុងព្យុងយ៉ាង កូរ៉េខាងជើង ក៏អះអាងថា ករណីឆ្លងជំងឺ​នេះ កំពុងឈានទៅរកអំណោយផល ឬប្រសើរជាងមុន ។​
 
ប៉ុន្តែមន្ត្រីកូរ៉េខាងត្បូង អះអាងថា កូរ៉េខាងជើងមិនអាចសន្និដ្ឋានបែបនេះឡើយ ខណៈ​ដែល​កូរ៉េខាងជើងមិនទាន់បែងចែកឱ្យច្បាស់ពីករណីអ្នកក្ដៅខ្លួន និងករណីអ្នកឆ្លងជំងឺកូវីដ-១៩ នៅឡើយ។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន 38 North ដែលតាមដានស្ថានការណ៍កូរ៉េខាងជើង លោក Martyn Williams អះអាងថា ករណីគ្រុនក្តៅដែលត្រូវបានរាយការណ៍ដោយរដ្ឋាភិបាល​កូរ៉េខាង​ជើង ​ធ្លាក់​ចុះ​នៅទីក្រុងព្យុងយ៉ាងមែន ប៉ុន្តែបានកើនឡើងនៅតាមខេត្តជនបទ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com