អន្តរជាតិ
ឥណ្ឌូណេស៊ី នឹងបើកឱ្យនាំចេញប្រេងដូងវិញ ចាប់ពីថ្ងៃទី២៣ ខែឧសភា
20, May 2022 , 8:29 pm        
រូបភាព
ដោយ:
ឥណ្ឌូណេស៊ីនឹងលុបចោលការបិទការនាំចេញប្រេងដូងចាប់ពីថ្ងៃទី២៣ ខែឧសភាទៅ បន្ទាប់ពីស្ថានភាពផ្គត់ផ្គង់ប្រេងចម្អិនអាហារក្នុងស្រុកប្រសើរឡើង។ ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូប្រកាសបែបនេះនៅថ្ងៃទី១៩ ខែឧសភា។

 
បើទោះជាតម្លៃប្រេងចម្អិនអាហារក្នុងស្រុកមិនទាន់ធ្លាក់ដល់០,៩៦ដុល្លារមួយលីត្រតាមការកំណត់ក៏ដោយ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងបើកឱ្យនាំចេញប្រេងដូងវិញ ដែលជាជីវភាពប្រជាជន ១៧លាននាក់ក្នុងឧស្សាហកម្មប្រេងដូង។ 
 
«ដោយផ្អែកលើការផ្គត់ផ្គង់នៃប្រេងចម្អិនអាហារ និងការគិតគូរពីប្រជាជន១៧លាននាក់នៅក្នុងឧស្សាហកម្មប្រេងដូងដែលជាកសិករ និងកម្មករបន្ទាប់បន្សំផ្សេងទៀត ខ្ញុំបានសម្រេចចិត្តថា ការនាំចេញប្រេងចម្អិនអាហារនឹងបើកឡើងវិញនៅថ្ងៃទី២៣ ខែឧសភា»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍តាមប្រព័ន្ធវីដេអូរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នៅថ្ងៃទី១៩ ខែឧសភា។ បើតាមលោក វីដូដូ រដ្ឋាភិបាលនឹងបន្តត្រួតពិនិត្យអ្វីគ្រប់យ៉ាងឱ្យបានដិតដល់ដើម្បីធានាថា តម្លៃប្រេងចម្អិនអាហារនឹងសមរម្យតាមតម្រូវការ​។
 
ប៉ុន្មានថ្ងៃមុនប្រកាសដកបម្រាម កសិករឥណ្ឌូណេស៊ីរាប់រយនាក់បានធ្វើបាតុកម្មនៅរដ្ឋធានីហ្សាកាតា និងផ្នែកផ្សេងៗទៀតនៃប្រទេសដោយទាមទារឱ្យរដ្ឋាភិបាលបញ្ចប់ការបិទនាំចេញប្រេងដូង​ ដោយសារវិធានការនេះធ្វើឱ្យប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះយ៉ាងខ្លាំង។ ស្របគ្នានេះ ការបើកឱ្យនាំចេញប្រេងដូងវិញអាចនឹងជំរុញឱ្យតម្លៃប្រេងបន្លែនៅលើទីផ្សារពិភពលោកថយចុះ ខណៈកំពុងកើនឡើងដោយសារផលប៉ះពាល់នៃសង្រ្គាមនៅអ៊ុយក្រែន។
 
ពាក់ព័ន្ធនឹងរឿងនេះ ប្រទេសប្រជុំកោះនៅអាស៊ីអាគ្នេយ៍មួយនេះបានផ្អាកការនាំចេញប្រងដូងកាលពីចុងខែមេសា ដើម្បីធានាការផ្គង់ផ្គង់ក្នុងស្រុក ក៏ដូចជាក្នុងបំណងកុំឱ្យតម្លៃប្រេងចម្អិនអាហារ និងទំនិញប្រើប្រាស់ក្នុងផ្ទះកើនឡើងថែមទៀត។ ប្រេងដូង ជាផលិតផលដែលមានតម្រូវការខ្ពស់នៅឥណ្ឌូណេស៊ី ដោយប្រេងប្រភេទនេះត្រូវបានយកមកប្រើប្រាស់រាប់ចាប់ពីសូកូឡា រហូតដល់គ្រឿងសម្អាង។ 
 
ឥណ្ឌូណេស៊ី ជាប្រទេសនាំចេញប្រេងដូងធំជាងគេ ដោយផ្គត់ផ្គង់ប្រហែល៦០ភាគរយនៃប្រេងដូងពិភពលោក ហើយ១ភាគ៣នៃទិន្នផលប្រើប្រាស់ដោយទីផ្សារក្នុងស្រុក។ ទន្ទឹមនេះ ឥណ្ឌា ចិន សហភាពអឺរ៉ុប និងប៉ាគីស្ថាន គឺជាដៃគូនាំចូលប្រេងដូងរបស់ឥណ្ឌូណេស៊ីធំជាងគេ៕
 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com