អន្តរជាតិ
អង្គការឧតុនិយមពិភពលោក៖ ​បម្រែបម្រួលអាកាស កើនដល់កម្រិតខ្ពស់ថ្មីមួយទៀតក្នុងឆ្នាំ២០២១
20, May 2022 , 8:59 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
អង្គការឧតុនិយមពិភពលោក (WMO) បានចេញផ្សាយរបាយការណ៍ថ្មីមួយនៅថ្ងៃទី១៨ ខែឧសភា ដោយបង្ហាញពីសញ្ញាអាសន្នកំពុងកើតមាន ដែលចង្អុលបង្ហាញថា ​បញ្ហាប្រែបម្រួលអាកាសធាតុបានកើនដល់កំណត់ត្រាថ្មីមួយទៀតក្នុងឆ្នាំ២០២១​។​


នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិបត្តិអាកាសធាតុបានញាំញីដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិទាំងពួងជាមួយគ្រោះទឹកជំនន់ ការឡើងកម្តៅផែនដី និងគ្រោះរាំងស្ងួតនៅតាមតំបន់មួយចំនួន។ ​បើតាមអង្គការឧតុនិយមពិភពលោក (WMO)​ សញ្ញាអាសន្ន៤ចំណុចមា​ន​ កម្រិតឧស្ម័នផ្ទះកញ្ចក់ ការកើនឡើងកម្រិតទឹកសមុទ្រ​ ការឡើងកម្តៅនិងជាតិអាស៊ីតក្នុងទឹកសមុទ្រ បានឆ្លុះបង្ហាញពីហានិភ័យ និងកម្រិតអាសន្នខ្ពស់មួយទៀតក្នុងឆ្នាំ២០២១។
 
«អាកាសធាតុយើង កំពុងផ្លាស់ប្តូរនៅចំពោះមុខយើងហើយ។» ប្រធាន WMO លោក​​​ Petteri Taalas សង្កត់ធ្ងន់បែបនេះក្នុងរបាយការណ៍ស្ថានភាពអាកាសធាតុឆ្នាំ២០២១ សចេញថ្ងៃទី១៨ ខែឧសភា ដោយបន្តថា​​ ឧស្ម័នផ្ទះកញ្ចក់ដ៏ច្រើនសម្បើមដែលបញ្ចេញដោយសកម្មភាពមនុស្ស នឹងបណ្តាលឱ្យផែនដីក្តៅយូរអង្វែងជាច្រើនជំនាន់ទៀត។ លោក អះអាងទៀតថា​​ ការកើនឡើងកម្ពស់ទឹកសមុទ្រ កម្រិតអាស៊ីត និងកម្តៅក្នុងសមុទ្រ ក៏នឹងមានវត្តមានរាប់រយឆ្នាំទៀតដែរ បើសិនមនុស្សជាតិ​ មិនរកមធ្យោបាយបន្ថយកម្រិតកាបូនក្នុងបរិយាកាស។
 
បើតាម​​ WMO កម្រិតកាបូនឌីអុកស៊ីត និងឧស្ម័នមេតានក្នុងបរិយាកាសនៅឆ្នាំ២០២១ បានកើនឡើងលើសពីកំណត់ត្រាមុនៗ។ របាយករណ៍ខាងលើក៏បានបញ្ជាក់ដែរថា ​រយៈពេល៧ឆ្នាំចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១​ សុទ្ធសឹងជាឆ្នាំដែលក្តៅបំផុតជាប្រវត្តិសាស្រ្ត។ បច្ចុប្បន្ន ពិភពលោក ឡើងកម្តៅ១,១អង្សាលើសពីកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ដែលកៀកនឹងកម្រិតកំណើនសីតុណ្ហភាពដែលបានកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនឱ្យលើសពី១,៥អង្សា។
 
ចំណែក មហា​សមុទ្រ ត្រូវបានកត់ត្រាថា បានឡើងកម្តៅលឿនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដោយឈានដល់កម្រិតខ្ពស់ថ្មីមួយទៀតក្នុងឆ្នាំ២០២១ នេះដែរ។ មហាសមុទ្រឡើងក​ម្តៅដោយសារវាបានស្រូបយកចំហាយកម្តៅដែលប្រមូលផ្តុំនៅលើផែនដីប្រហែល៩០ភាគរយ​ និងឧស្ម័នកាបូនឌីអុកស៊ីតប្រហែល២៣ភាគរយ។
 
លើសពីនេះ កម្រិតជាតិអាស៊ីតក្នុងសមុទ្រ ក៏ត្រូវបានរាយការណ៍ថា ស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល២៦០០០ឆ្នាំចុងក្រោយនេះដែរ ដោយសារទឹកសមុទ្របានស្រូបយកកាបូនឌីអុកស៊ីតកាន់តែច្រើនពីបរិយាកាសហើយធ្វើប្រតិកម្មជាមួយសារធាតុនោះ។ ឯកម្រិតទឹកសមុទ្រវិញ ក៏បានកើនឡើង ៤,៥មីលីម៉ែត្រក្នុងទសវត្សន៍ចុងក្រោយនេះ។ កម្រិតទឹកសមុទ្រចន្លោះឆ្នាំ២០១៣ដល់ឆ្នាំ២០២១ បានកើនឡើងទ្វេដងបើធៀបនឹងឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០២។
 
ពាក់ព័ន្ធនឹងរបាយការណ៍ថ្មីនេះ​ អគ្គលេខាធិការរបស់​ UN លោក ​អាន់តូនីញ៉ូ ​ហ្គូតេរ៉េស ​ក៏បានអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងផ្លាស់ប្តូរទៅរកការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ មុនពេលពិភពលោក ត្រូវបានបំផ្លាញ៕
 
 
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com