អន្តរជាតិ
G7 សន្យាផ្តល់លុយជាង១៨,៤​​ពាន់លានដុល្លារបន្ថែម​ដល់​​អ៊ុយក្រែន​
20, May 2022 , 9:29 pm        
រូបភាព
រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G7 និងភាគីពាក់ព័ន្ធ ថតរូបជុំគ្នានៅទឹកដីអាល្លឺម៉ង់។ រូបថត AFP
រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G7 និងភាគីពាក់ព័ន្ធ ថតរូបជុំគ្នានៅទឹកដីអាល្លឺម៉ង់។ រូបថត AFP
ក្រុមប្រទេសជឿនលឿនទាំង៧ (G7) នៅថ្ងៃទី១៩ ខែឧសភា បានព្រមព្រៀងគ្នាផ្តល់ប្រាក់ជាង ១៨,៤​​ពាន់លានដុល្លារឱ្យអ៊ុយក្រែនដើម្បីបង់លើការចំណាយនានា។ ការសន្យាផ្តល់ជំនួយបន្ថែមនេះ ធ្វើឡើងក្រោយនាយករដ្ឋមន្រ្តីអ៊ុយក្រែនស្នើសុំជំនួយបន្ថែមទប់ទល់នឹងរុស្ស៊ី។​


រដ្ឋមន្ត្រីហិរញ្ញវត្ថុរអាម៉េរិក Janet Yellen បានប្រាប់អ្នកកាសែតនៅថ្ងៃទី១៩ ខែឧសភានៅឯកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេស G7 ដែលធ្វើឡើងនៅអាល្លឺម៉ង់ថា ប្រទេស G7 នឹងបន្តគាំទ្រអ៊ុយក្រែន និងរួមគ្នាផ្តល់ជំនួយតាមតម្រូវការដើម្បីឱ្យអ៊ុយក្រែនឆ្លងផុតបញ្ហានេះ។ ជាលទ្ធផល ប្រទេស G7 ប្ដេជ្ញាចិត្តផ្ដល់លុយ១៨,៤ពាន់លានដុល្លារឱ្យអ៊ុយក្រែន។
 
ក្រៅតែពីសន្យាផ្តល់ប្រាក់បន្ថែម ប្រទេស G7​ ក៏បានសន្យាផ្តល់គ្រឿងសព្វាវុធបន្ថែមដល់អ៊ុយក្រែនដែរ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លិងខិន បានអនុម័តរួចហើយកញ្ចប់ជំនួយ១០០លានដុល្លារដល់អ៊ុយក្រែនប្រើប្រាស់លើការទិញអាវុធ គ្រឿងបរិក្ខារ និងការផ្គត់ផ្គង់ផ្សេងៗបន្ថែម។
 
ទាក់ទងរឿងជំនួយនេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmyhal​ បានបង្ហោះលើបណ្តាញសង្គម Twitter ថា ការគាំទ្ររបស់ប្រទេសដៃគូផ្សេងៗនឹងជួយឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះការតែឆាប់ បើទោះបីជារុស្ស៊ីព្យាយាមបន្តសកម្មភាពរបស់ខ្លួនក្ដី។ 
 
នៅសប្តាហ៍មុន រុស្ស៊ីទទួលបានជ័យជម្នះដ៏ធំបំផុតរបស់ខ្លួនចាប់តាំងចូលឈ្លានពានអ៊ុយក្រែន ដោយកងទ័ពអ៊ុយក្រែននៅទីក្រុង Mariupol ចុះចាញ់ក្រោយការឡោមព័ទ្ធជិតបីខែ។ យ៉ាងណាមិញ កងកម្លាំងរុស្ស៊ីក៏បានចាញ់ក្នុងសមរភូមិនៅតំបន់ផ្សេងដែរ ដូចជាតំបន់នៅភាគខាងជើងអ៊ុយក្រែន និងតំបន់ជុំវិញរដ្ឋធានីកៀវជាដើម។ 
 
ជិតបីខែមកនេះ លទ្ធផលចុងក្រោយនៃសង្រ្គាមនៅអឺរ៉ុបដ៏ធំបំផុតក្រោយសង្គ្រាមលោកលើកទី២នេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ខណៈរុស្ស៊ីនិងអ៊ុយក្រែនបន្តប្រឈមមុខដាក់គ្នា។ បើតាមទីក្រុងមូស្គូ កងទ័ពអ៊ុយក្រែនប្រមាណ ១៧៣០ នាក់បានសុំចុះចាញ់នៅទីក្រុង Mariupol​។ 
 
លើសពីនេះ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមដែលមានមូលដ្ឋាននៅស្វ៊ីស អះអាងថា ខ្លួនបានទទួលអ្នកទោសសង្គ្រាមរាប់រយនាក់ដែលរុស្ស៊ីបានចាប់ខ្លួន៕
 

Tag:
 G7
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com