អន្តរជាតិ
អាម៉េរិកចោទថា រុស្ស៊ីប្រើប្រាស់ស្បៀងអាហារជាអាវុធប្រឆាំងអ៊ុយក្រែន តែរុស្ស៊ីបដិសេធ
20, May 2022 , 5:47 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ថ្លែងទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ។ រូបថត AFP
ដោយ:
រដ្ឋមន្រ្តីការបរទេសអាម៉េរិក​ ​អាន់តូនី ​ប្លីងខិន នៅថ្ងៃទី១៩ ខែឧសភា បានចោទរុស្ស៊ីថា ​បានប្រើប្រាស់ស្បៀងអាហាររបស់អ៊ុយក្រែនជាចំណាប់ខ្មាំងដើម្បី​គាបសង្កត់ប្រជាជនអ៊ុយក្រែន។ ថ្លែងពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ប្រមុខការទូតអាម៉េរិក សង្កត់ធ្ងន់ថា​ សកម្មភាពរុស្ស៊ីមិនត្រឹមតែប៉ះពាល់ប្រជាជនអ៊ុយក្រែនឡើយ ប៉ុន្តែក៏ជះផលវិបាកដល់ប្រជាជនរាប់លានផ្សេងទៀតជុំវិញពិភពលោកដែលពឹងផ្អែកលើការនាំចេញទំនិញរបស់អ៊ុយក្រែនដែរ។ រុស្ស៊ីច្រានចោលការលើកឡើងនេះ។


ចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនមក​​ ផលិតផលកសិកម្មសំខាន់មានគ្រាប់ធញ្ញជាតិ ​ប្រេងឆា ប្រេងឥន្ធនៈ ​និងជីសម្រាប់ដាំដំណាំជាដើម បានកើនឡើងតម្លៃយ៉ាងគំហុកជុំវិញពិភពលោក ដោយសារតែវិបត្តិនៅអ៊ុយក្រែនដែលជាប្រទេសនាំចេញដ៏សំខាន់។
 
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UN) នាថ្ងៃទី១៩ ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន បានទទូចឱ្យរុស្ស៊ីបញ្ឈប់ការបិទច្រកកំពង់ផែរបស់អ៊ុយក្រែនដើម្បីអនុញ្ញាតឱ្យមានការនាំចេញទំនិញដែលបានរក្សាទុកក្នុងកំពង់ផែនោះ។​ បើតាមលោក ប្លីងខិន  មូស្គូប្រហែលគិតថា​ការប្រើប្រាស់យុទ្ធសាស្រ្តបិទស្បៀងរបស់អ៊ុយក្រែន អាចជាអាវុធជួយសម្រេចការឈ្លានពានរបនិងបំបាក់ស្មារតីរបស់ប្រជាជនអ៊ុយក្រែន។ 
 
យ៉ាងណាមិញ​ ការផ្គត់ផ្គត់ស្បៀងអាហារសម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់ និងមនុស្សរាប់លាននាក់ផ្សេងទៀតជុំវិញពិភពលោក កំពុងត្រូវបានយោធារុស្ស៊ីបិទខ្ទប់។ នេះបើតាមលោក ប្លីងខិន។
 
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ​​ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ ​UN លោក​​ Vissaily Nebenzia បានថ្លែងថា ជារឿងមិនពិតទេដែលត្រូវស្តីបន្ទោសរុស្ស៊ីលើវិបត្តិស្បៀងពិភពលោកដែលបានកើតឡើងអស់ពេលប៉ុន្មានឆ្នាំមកហើយនោះ។ លោកនិយាយការពារថា​ យោធារុស្ស៊ីបានព្យាយាមជាច្រើនដងដើម្បីបើកច្រកសុវត្ថិភាពសម្រាប់នាវាដឹកទំនិញ។ លោក Nebenzia ក៏ស្តីបន្ទោសទណ្ឌកម្មលោកខាងលិច ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់ការនាំចេញស្បៀងនិងជីរបស់រុស្ស៊ី។
 
តបការលើកឡើងរបស់អ្នកការទូតរុស្ស៊ី លោក ប្លីងខិន លើកឡើងវិញថា ​រុស្ស៊ីបានបិទខ្ទប់ផលិតផលគ្រាប់ធញ្ញជាតិប្រមាណ២០លានតោននៅឃ្លាំងស្តុកទុកក្រោមដីនៅអ៊ុយក្រែន ​ស្របពេលការផ្គត់ផ្គង់ស្បៀងធ្លាក់ចុះ និងតម្លៃក៏ហក់ឡើងដែរនោះ។
 
មុនការឈ្លានពានរបស់រុស្ស៊ី ទំហំការនាំចេញផលិតផលស្រូវសាលីរបស់រុស្ស៊ីនិងអ៊ុយក្រែនរួមបញ្ចូលគ្នាស្មើនឹងមួយភាគបីនៃការផ្គត់ផ្គង់ស្រូវសាលីរបស់ពិភពលោក។ អ៊ុយក្រែន​ ជាប្រទេសដែលនាំចេញផលិតផល​ពោត គ្រាប់ធញ្ញជាតិ (Barley) និងប្រេងផ្កាឈូករ័ត្ន ។ចំណែក រុស្ស៊ីនិងសម្ព័ន្ធមិត្តបេឡារុស​ ជាប្រទេសដែលនាំចេញប្រមាណ៤០ភាគរយនៃជីប៉ូតាសនិងប្រភេទជីដាក់ដំណាំលើទីផ្សារពិភពលោក៕
 

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com