ជាតិ
សត្វស្លាប ៦ប្រភេទ សម្បូរនៅតំបន់ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ
22, May 2022 , 9:59 am        
រូបភាព
អង្គការ Birdlife & Naturelife in Cambodia
អង្គការ Birdlife & Naturelife in Cambodia
ដោយ:
ភ្នំពេញ៖ ​សត្វស្លាប ៦ប្រភេទ ជាសត្វសម្បូរបង្គួរ ក្នុងចំណោមសត្វចំនួន៨៦ប្រភេទ ក្នុងសៀវភៅសត្វស្លាបនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលចងក្រងរវាងក្រសួងបរិស្ថាន និងអង្គការ Naturelife។ សត្វស្លាបទាំងនោះរួមមាន​​ សត្វចង្កៀលខ្យល ក្រសារធ្នង់ ត្រយងខ្លួនរលោង កុកគ្រោងធំ កុកគ្រោងតូច ក្រសារប្រផេះ។




ចង្កៀលខ្យល នៅក្នុងតំបន់ការពារទេសភាពបឹងព្រែល្ពៅ។ រូបភាពដោយ លោក ឈាន សុជាតិ _ Natural life

ចង្កៀលខ្យល៖ ជាប្រភេទសត្វសម្បូរបង្គួរ Least Concern (LC)ភាសាអង់គ្លេសមានឈ្មោះ Pied Bushchat ។ ចង្កៀលខ្យលអាចមានទំហំខ្លួនចន្លោះពី៦៨ ទៅ៨១សង់ទីម៉ែត្រ​។ សត្វនេះមានមាឌធំ ចំពុះមានប្រហោង ខ្លួនពណ៌ស។ ចំណែកឯ ស្លាបទី១ ទី២ និងកន្ទុយមានពណ៌ខ្មៅ។ ជម្រកសត្វប្រភេទនេះ​ នៅតាមព្រៃលិចទឹក វាលលិចទឹក និងវាលស្រែលិចទឹក។ វត្តមានរបស់ចង្កៀលខ្យលបន្តពូជ និងរស់នៅក្នុងតំបន់ការពារបឹងព្រែកល្ពៅពេញមួយឆ្នាំ។
 


ក្រសារធ្នង់នៅក្នុងតំបន់ការពារទេសភាពបឹងព្រែល្ពៅ។ រូបភាពដោយ លោក ឈាន សុជាតិ _ Natural life

ក្រសារធ្នង់៖ ជាប្រភេទសត្វសម្បូរបង្គួរ Least Concern (LC)ភាសាអង់គ្លេសមានឈ្មោះ Purple Heron សម្រាប់ទំហំខ្លួនចន្លោះពី៧៨ ទៅ៩០សង់ទីម៉ែត្រ។ ក្រសារធ្នង់នៅពេលពេញវ័យគេអាចចម្គាល់ត្រង់បន្ទូលក្បាលខ្មៅ និងបន្តដោយកំប៉ោយវែង កវែងមានពណ៌ទឹកក្រូច និងមានឆ្នូតខ្មៅចាប់ពីគល់ចំពុះតាមបណ្ដាយករហូតដល់ទ្រូង ពោះនិងគែមលើផ្នែកក្រោមនៃស្លាបពណ៌ឈាមជ្រូក។ របាយរបស់សត្វប្រភេទនេះ បន្តពូជ និងមាននៅក្នុងបឹងព្រែកល្ពៅ ចំណែកឯជម្រករបស់វា នៅតាមវាលភក់ រុក្ខជាតិបឹង និងទន្លេ។
  

 ត្រយងខ្លួនរលោង នៅក្នុងតំបន់ការពារទេសភាពបឹងព្រែល្ពៅ។ រូបភាពដោយ លោក ឈាន សុជាតិ _ Natural life


ត្រយងខ្លួនរលោង៖ ជាសត្វប្រភេទសម្បូរបង្គួរ Least Concern (LC) ភាសាអង់គ្លេសមានឈ្មោះ Glossy Ibis ដោយមានទំហំចន្លោះពី៥៥ ទៅ៦៥សង់ទីម៉ែត្រ។ នៅរដូវមិនបន្តពូជ សត្វប្រភេទនេះ មានមាឌតូចជាងត្រយងដទៃ ខ្លួនមានពណ៌ប្រផេះ ក្រម៉ៅ ស្លាបពណ៌កំភែនជើងពណ៌ដី ក្បាល និងកមានអុជៗស។ ចំណែកឯ រដូវបន្តពូជ វាមានក្បាលស និងដងខ្លួនមានពណ៌កាហ្វេ ដោយបន្ទូលក្បាលពណ៌បៃតង។ សម្រាប់ជម្រកសត្វប្រភេទនេះ នៅតំបន់វាលភក់មានរុក្ខជាតិ។ ចំពោះរបាយវត្តមានរបស់វា ក្នុងបឹងព្រែកល្ពៅ នៅដើមរដូវទឹកឡើងចន្លោះពីខែមិថុនា ដល់ខែសីហា។ 
 


កុកគ្រោងធំនៅក្នុងតំបន់ការពារទេសភាពបឹងព្រែល្ពៅ។ រូបភាពដោយ លោក ឈាន សុជាតិ _ Natural life

កុកគ្រោងធំ៖ ជាប្រភេទសត្វសម្បូរបង្គួរ Least Concern (LC) ភាសាអង់គ្លេសមានឈ្មោះ Great Egret ដោយមានទំហំ ៨៥ទៅ១០២ សង់ទីម៉ែត្រ។ នៅរដូវមិនបន្តពូជ វាជាកុកធំជាងគេ កវែងដូចពស់ហើយកក្ងក់ ចំពុះលឿងវែងស្រួច មានជើងខ្មៅ។ ចំពោះសត្វឈ្មោលក្រោយរដូវបន្តពូជ មានបំពង់កពណ៌ខៀវចាស់។ ចំណែកឯរដូវបន្តពូជ ជង្គង់ពណ៌ផ្កាឈូក ស្មងជើងមានម្រាមខ្មៅ ចំពុះក៏ខ្មៅ។ វាល់ភក់រុក្ខជាតិ វាលស្រែ  ព្រមទាំងព្រៃកោងកាងនិងតំបន់ឆ្នេរ។ សម្រាប់របាយរបស់វា មាននៅបឹងព្រែកល្ពៅពេញមួយឆ្នាំ។
  

កុកគ្រោងតូច នៅក្នុងតំបន់ការពារទេសភាពបឹងព្រែល្ពៅ។ រូបភាពដោយ លោក ឈាន សុជាតិ _ Natural life

កុកគ្រោងតូច៖  ជាប្រភេទសត្វសម្បូរបង្គួរ Least Concern (LC) ភាសារអង់គ្លេសមានឈ្មោះ Little Egret ដោយមានទំហំខ្លួនចន្លោះ៥៥ ទៅ៦៥សង់ទីម៉ែត្រ។ នៅរដូវមិនបន្តពូជខ្លួនទាំងមូលពណ៌ស ចំពុះខ្មៅ ជើងខ្មៅ ប្រអប់ជើង និងម្រាមពណ៌លឿង។ នៅរដូវបន្ដពូជ ក្បាលរបស់វាមានកំប៉ោយរោមរែងពីសរសៃ រោមទ្រូងនិងកន្ទុយបះជ្រោង មានដៅក្រហមនៅដើមភ្នែកគល់ចំពុះ ប្រអប់ជើង និងម្រាមពណ៌ក្រហម។ ចំពោះជម្រាករបស់វា នៅតាមវាលភក់រុក្ខជាតិ វាលស្រែ តាមតំបន់ដំណាំកសិកម្ម និងតំបន់ឆ្នេរ។ ចំណែកឯរបាយ វានៅក្នុងតំបន់ការពារបឹងព្រែកល្ពៅពេញមួយឆ្នាំ។
  

ក្រសារប្រផេះ នៅក្នុងតំបន់ការពារទេសភាពបឹងព្រែល្ពៅ។ រូបភាពដោយ លោក ឈាន សុជាតិ _ Natural life

ក្រសារប្រផេះ៖ ជាសត្វប្រភេទសម្បូរបង្គួរ Least Concern (LC) ភាសាអង់គ្លេសមានឈ្មោះ Grey Heron និងមានទំហំដងខ្លួន៩០ទៅ៩៨សង់ទីម៉ែត្រ។ នៅរដូវបន្តពូជ នៅផ្នែកខ្នងពណ៌​ប្រផេះក្រម៉ៅ ក្បាលនិងកមានពណ៌សប្រលែត បន្ទូលក្បាលមានរោម កំប៉ោយវែងពណ៌ខ្មៅ ចំពុះលឿង ផ្នែកក្រោមស្លាបមានពណ៌ខ្មៅឆ្នូតកណ្ដាលប្រៀផេះ។ នៅរដូវបន្ដពូជ ចំពុះពណ៌លឿងទុំ។ ចំណែកឯជម្រក របស់វានៅតំបន់ដីសើមផ្សេងៗ និងតំបន់ឆ្នេរ វាលស្រែ និងព្រៃកោងកាង។ ចំពោះរបាយរបស់សត្វប្រភេទនេះ បន្តពូជនិងរស់នៅក្នុងតំបន់ការពារបឹងព្រែកល្ពៅពេញមួយឆ្នាំ៕
 

Tag:
 សត្វស្លាប
  បឹងព្រែកល្ពៅ
  សៀវភៅសត្វស្លាប
© រក្សាសិទ្ធិដោយ thmeythmey.com