អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុនថា ការអភិវឌ្ឍរបស់ចិននៅសមុទ្រចិនខាងកើត ជារឿងមិនអាចទទួលយកបាន
21, May 2022 , 6:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ។ រូបថត AFP
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ។ រូបថត AFP
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២១ ខែឧសភា បង្ហាញការមិនពេញចិត្តជាខ្លាំង ក្រោយចិនបង្កើនការអភិវឌ្ឍនៅតំបន់ក្នុងសមុទ្រចិនខាងកើត។ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ សង្កត់ធ្ងន់ថា នេះជារឿងដែលមិនអាចទទួលយកបាន។


ទំនាក់ទំនងរវាងចិននិងជប៉ុនកន្លងមកជាទំនាក់ទំនងដែលមិនសូវជាចុះសម្រុង ដ្បិតជប៉ុនបារម្ភពីការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។ សកម្មភាពអភិវឌ្ឍរបស់ចិននៅសមុទ្រចិនខាងកើតដែលជាតំបន់មនាជម្លោះ ក៏បានធ្វើឱ្យជប៉ុនរឹតតែព្រួយបារម្ភផងដែរ។ នៅថ្ងៃទី២១ ខែឧសភា ​នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ប្រាប់អ្នកកាសែតនៅភាគខាងលិចទីក្រុងក្យូតូថា រដ្ឋាភិបាល​ជប៉ុនបានតវ៉ាប្រឆាំងនឹងសកម្មភាពរបស់ចិនតាមរយៈការទូតរួចរាល់ហើយ។
 
នៅថ្ងៃទី២០ ខែឧសភា ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ទីក្រុងប៉េកាំងកំពុងទាញយកធនធានធម្មជាតិនៅសមុទ្រចិនខាងកើតដែលចូលដល់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។ តំបន់សេដ្ឋកិច្ចផ្តាច់មុខនេះ ជាតំបន់ជម្លោះរវាងប្រទេសទាំង២ ដោយទាំងចិននិងជប៉ុនសុទ្ធតែទាមទារយករៀងខ្លួន។ ក្រសួងការបរទេសជប៉ុនក៏បានបញ្ជាក់ថា ខ្លួនបានពាក្យបណ្តឹងទៅកាន់ស្ថានទូតចិនរួចហើយ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល ជប៉ុនក៏បានជំរុញឱ្យចិនចាប់ផ្តើមការចរចាឡើងវិញពាក់ព័ន្ធការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ ២០០៨ ទាក់ទងនឹងការអភិវឌ្ឍធនធាននៅសមុទ្រចិនខាងកើត។ កិច្ចព្រមព្រៀងនេះ តម្រូវឱ្យចិននិងជប៉ុនព្រមព្រៀងគ្នាក្នុងការទាញយកឧស្ម័នក្រោមបាតសមុទ្រនៅក្នុងតំបន់ជម្លោះរួមគ្នា និងហាមឃាត់ការខួងយករ៉ែជាឯកតោភាគី។ យ៉ាងណាមិញ កិច្ចចរចាពី​របៀប​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​ផ្អាក​នៅ​ឆ្នាំ ២០១០កន្លងទៅ។
 
«វាគួរឱ្យសោកស្តាយខ្លាំងណាស់ដែលភាគីចិនកំពុងដំណើរការជាឯកតោភាគីជាមួយនឹងការអភិវឌ្ឍនៅក្នុងដែនទឹកនេះ»។​ ក្រសួងការបរទេសជប៉ុនបានលើកឡើងបែបនេះ មុនបន្តថា បញ្ហាព្រំដែននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់មួយចំនួននៅសមុទ្រចិនខាងកើត នៅមិនទាន់បានដោះស្រាយចប់នៅឡើយ។ 
 
ការបែងចែកព្រំដែននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរវាងប្រទេសទាំងពីរ​ នៅជាបញ្ហាដូចគ្នា ដ្បិតភាគីទាំងពីរមិនយល់ស្របនឹងការទាមទាររបស់ភាគីម្ខាងទៀត។ 
 
កន្លងមក ទីក្រុងតូក្យូ​បាន​ចោទ​ចិន​ថាបាន​ដាក់​ទីតាំង​ខួង​ប្រេង​ចំនួន១៧ ដែលនៅជិតព្រំដែន​សមុទ្រ​ជាមួយ​នឹងជប៉ុន។ បើទោះបីជាកន្លែង​ខួង​ប្រេង​ស្ថិត​នៅ​ខាង​ព្រំដែន​ចិនក្តី ប៉ុន្តែ​ទីក្រុង​តូក្យូ​បារម្ភ​ថា រ៉ែ​នៅ​ខាង​ជប៉ុន​ក៏​អាចត្រូវបាន​ទាញ​យកផង​ដែរ៕​ 
 

Tag:
 ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com