ជាតិ
សង្គមជាតិ
ហេតុអ្វីអន្តរជាតិ មិនដាក់អ្នកសង្កេតការណ៍បោះឆ្នោត?
25, May 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ អ្នកតាមព្រឹត្តិការណ៍សង្គម យល់ថា អវត្តមានមន្ត្រីអង្កេតការណ៍អន្តរជាតិ លើដំណើរការបោះឆ្នោតឃុំ-សង្កាត់ ព្រោះពួកគេ មិនជឿលើភាពឯករាជ្យរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ប៉ុន្តែ គ.ជ.ប អះអាងថា មូលដ្ឋាននៃការវាយតម្លៃការបោះឆ្នោតមិនអាស្រ័យលើ វត្តមានមន្ត្រីអង្កេតការណ៍អន្តរជាតិ និងក្រុមសង្គមស៊ីវិលឡើយ ។

 
កាលពីចុងសប្ដាហ៍មុននេះ សហភាពអឺរ៉ុបប្រចាំកម្ពុជា បានសរសេរសារបង្ហោះលើទំព័រហ្វេសប៊ុកថា ពួកគេមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥នេះឡើយ។ ប៉ុន្តែ ពួកគេ សន្យានឹងចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហាជុំវិញការបោះឆ្នោត។ 
 
ដំណើរបោះឆ្នោតឃុំសង្កាត់ នឹងដំណើរការតាមការគម្រោងទុករបស់ គ.ជ.ប 
 
ទោះបីគ្មាន​ស្ថាប័នអន្តរជាតិ អង្កេតការណ៍និងវាយតម្លៃ លើដំណើរការបោះឆ្នោតឃុំសង្កាត់ ក៏ការបោះឆ្នោតនឹងប្រព្រឹត្តទៅ ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដូចការគ្រោងទុកដែរ។ នេះជាការមើលឃើញរួមរបស់អ្នកតាមដានព្រឹត្តិការណ៍សង្គម សង្គមស៊ីវិល និង គ.ជ.ប។
 

លោក មាស នី អ្នកតាមដានព្រឹត្តិការណ៍សង្គម។ រូបពី រាជបណ្ឌិត្យសភាកម្ពុជា

តែយ៉ាងណាលោក មាស នី អ្នកតាមសង្គមសង្កេតឃើញ ភាពមិនចុះសម្រុងគ្នារវាង សហភាពអឺរ៉ុបនិងរដ្ឋាភិបាលកម្ពុជា កើតមានជាយូរមកហើយ។ ថ្មីៗនេះ លោកក៏កត់សម្គាល់ពីការព្រមានចុងក្រោយរបស់អឺរ៉ុប ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតឃុំសង្កាត់ ដោយដាក់សម្ពាធឲ្យរៀបចំការបោះឆ្នោតដំណើរការទៅដោយសេរី និងយុត្តិធម៌ បើមិនដូច្នោះទេ អឺរ៉ុបនឹងផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខលើកលែងតែអាវុធ(EBA)។ 
 
សារព្រមានរបស់សហភាពអឺរ៉ុបនេះ អាចឲ្យលោក មាស នី យល់ថា សហភាពអឺរ៉ុបមិនដាក់អ្នកអង្កេតការណ៍បោះឆ្នោត គឺបង្ហាញពីការមិនទុកចិត្តលើភាពឯករាជ្យរបស់ គ.ជ.ប ដែលស្ថិតក្រោមគណបក្សកាន់អំណាច ។ 
អ្នកតាមដានរឿងរ៉ាវសង្គមរូបនេះ ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២៣ឧសភា យ៉ាងដូច្នេះ៖ «កាលណាមិនមានវត្តមានអន្តរជាតិមកសង្កេតការណ៍ ធ្វើឲ្យការបោះឆ្នោតនឹង មិនទទួលបានការគាំទ្រពីអន្តរជាតិ ហើយពិសេសអាចមានន័យថា គេនៅតែពិចារណារឿងភាពមិនច្បាស់លាស់លើការទទួលស្គាល់រដ្ឋាភិបាល ដែលជាប់ឆ្នោតថ្មីនៅពេលខាងមុខ»។ 
 
អវត្តមានមន្ត្រីអន្តរជាតិ លើការសង្កេតការបោះឆ្នោតឃុំសង្កាត់នេះ មិនមែនជាបញ្ហាចោទឡើយ ព្រោះច្បាប់អនុញ្ញាតឲ្យមានការស្នើសុំដាក់អ្នកអង្កេតការណ៍ ប៉ុន្តែបើគ្មានអ្នកស្នើសុំ ការបោះឆ្នោតនៅតែដំណើរការជាប្រក្រតី។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងបែបនេះ។ 
 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ រូបពី NEC 

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ហង្ស ពុទ្ធា ថ្លែងយ៉ាងដូច្នេះ៖ «ការវាយតម្លៃការបោះឆ្នោត មិនផ្អែកលើនរណាម្នាក់ទេ គឺផ្អែកលើការរៀបចំរបស់ គ.ជ.ប ផ្អែកលើភាគីពាក់ព័ន្ធ ដោយគណបក្សនយោបាយទទួលបានឬអត់, ម្ចាស់ឆ្នោតដែលទៅបោះឆ្នោតទទួលបានឬទេ ហើយមន្រី្តរៀបចំការបោះឆ្នោត គាត់បានធ្វើត្រឹមត្រូវតាមច្បាប់ហើយឬនៅ! នោះទើបជាមូលដ្ឋាននៃការវាយតម្លៃ»។ 
 
បច្ចុប្បន្ន អ្នកសង្ករតការណ៍បោះឆ្នោតជាតិ មានជាង៥ម៉ឺននាក់ ក្នុងនោះភាគច្រើនមកពីសង្គមស៊ីវិលក្នុងស្រុក ជាង៣០ស្ថាប័ន។ ចំណែក អ្នកសង្កេតការណ៍អន្តរជាតិមិនមានឡើយ។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យ គ.ជ.ប ។
 
«ជាការកត់សម្គាល់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មិនត្រូវបានយកចិត្តទុកដាក់ ដោយអន្តរជាតិខ្លាំងក្លានោះទេ។ អ៊ឹចឹង បើការបោះឆ្នោតតំណាងរាស្រ្តថ្នាក់ជាតិវិញ យើងសង្កេតឃើញអ្នកអង្កេតការណ៍អន្តរជាតិ មានច្រើន»។ នេះបើតាមលោក ពុទ្ធា ដែលបានបញ្ជាក់ដែរថា​ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីអាណត្តិមុន មានអ្នកសង្កេតការណ៍អន្តរជាតិ ប្រមាណ១០០នាក់ប៉ុណ្ណោះ។ 
 
សង្គមស៊ីវិលក្នុងស្រុក មិនហានវាយតម្លៃលើដំណើរការបោះឆ្នោតឡើយ 
 
ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត សង្គមស៊ីវិល មិនទាន់ហា៊នវាយតម្លៃឡើយ ដោយគ្រាន់តែលើកឡើងថា សិទ្ធិបោះឆោះដោយសេរី និងយុត្តិធម៌ នៅមានកម្រិត។ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល សុំមិនបញ្ចេញមតិឲ្យស៊ីជម្រៅឡើយ ចំពោះអវត្តមានមន្ត្រីអន្តរជាតិ លើការសង្កេតការបោះឆ្នោតឃុំសង្កាត់នេះ។ តែលោក យល់ថា សហគមអន្តរជាតិ ទំនងឃ្លាំមើលលំហលទ្ធិប្រជាធិបតេយ្យកម្ពុជា ជុំវិញដំណើរការបោះឆ្នោតនេះ។ 


 លោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល។ រូបពីហ្វេសប៊ុករបស់លោក សាវាង្ស

«គេ(សហគមន៍អន្តរជាតិ)តែងតែជជែកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយឲ្យកម្ពុជាស្ដារឡើងវិញ ហើយបើគេមើលឃើញថាវាអត់ត្រូវតាមលក្ខខណ្ឌ ដែលគេមិនអាចចូលរួមបាន ច្បាស់ណាស់គេមិនចូលរួមដាក់អ្នកសង្កេតការណ៍ទេ។ ព្រោះគេយល់ថា​ ដំណើរការរៀបចំនឹងវាអត់ត្រូវនឹងគេចូលរួម»។ នេះជាការលើកឡើងរបស់ លោក កន សាវាង្ស ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ។ 
 
មូលហេតុដែលក្រុមសង្គមស៊ីវិល មិនវាយតម្លៃលើលទ្ធផលបោះឆ្នោត ដោយសារតែលក្ខខណ្ឌអប្បបរមាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដោយសេរី និងយុត្តិធម៌ ក្នុងឆ្នាំ២០២២ មិនមានភាពប្រសើរឡើង ។ 
 
«ការចូលរួម(សង្កេតការណ៍)របស់សង្គមស៊ីវិលក្នុងស្រុក គឺមិនធ្វើការវាយតម្លៃ លើដំណើរការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ក្នុងដំណើរការបោះឆ្នោតនេះទេ។ គ្រាន់តែឃ្លាំមើលភាពមិនប្រកក្រតីផ្សេងៗ ដែលកើតឡើងក្នុងថ្ងៃបោះឆ្នោតប៉ុណ្ណោះ មិនចេញរបាយការណ៍វាយតម្លៃឡើយ»។ នេះជាការបញ្ជាក់របស់លោក កន សាវាង្ស ។
 
លក្ខខណ្ឌអប្បបរមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មាន៦ចំណុច រួមមាន បរិយាកាសនយោបាយ, សិទ្ធិនយោបាយនិងសិទ្ធិឈរឈ្មោះបោះឆ្នោត , ឆន្ទៈអ្នកបោះឆ្នោតនិងសិទ្ធិបោះឆ្នោត, សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ឯករាជ្យនិងអព្យាក្រឹត្យរបស់កងកម្លាំងប្រដាប់អាវុធ មន្រី្តរាជការនិងតុលាការ និង តួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។ លក្ខខណ្ឌនេះ ត្រូវបានក្រុមសង្គមស៊ីវិលចំនួន៦៤ចេញកាលពីឆ្នាំ២០២១ ។
 
ប៉ុន្តែសង្គមស៊ីវិល ពិនិត្យឃើញថា មានតែលក្ខខណ្ឌ ពីរប៉ុណ្ណោះដែលមានការបំពេញខ្លះៗ គឺសិទ្ធិឈរឈ្មោះបោះឆ្នោត និងតួនាទីរបស់អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។ នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់សង្គមស៊ីវិលចំនួន១៩ ចេញកាលពីសប្ដាហ៍មុន ដោយអះអាងថា ពួកគេមិន វាយតម្លៃលើដំណើរការបោះឆ្នោតឡើយ។ 
 

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ 

ពាក់ព័ន្ធបញ្ហានេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានឆ្លើយតបថា កម្ពុជាមិនមានការបិទសិទ្ធិសេរីភាពលើដំណើការបោះឆ្នោតឡើយ។ សម្រាប់លោក ផៃ ស៊ីផាន ការយល់ឃើញរបស់សង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន គឺគ្រាន់តែជាទស្សនរបស់ពួកគេប៉ុណ្ណោះ។ 
 
អ្នកនាំពាក្យរូបនេះ បានពន្យល់ថា ៖ «លទ្ធផលនៃការវាយតម្លៃការបោះឆ្នោត គឺគ្មានស្ថាប័នណាក្រៅពី គ.ជ.ប នោះទេ ដែលជាអ្នកវាយតម្លៃ។ ដូច្នេះ មិនមែនសុទ្ធតែអង្គការណាមួយ មានសិទ្ធិវាយតម្លៃនោះទេ»។ 
 
បើតាមលោក ផៃ ស៊ីផាន កន្លងមកមានស្ថាប័នសង្គមស៊ីវិលមួយចំនួន ធ្លាប់បានវាយតម្លៃ ប៉ុន្តែមិនត្រូវតាមច្បាប់ ហើយមិនអាចយកជាផ្លូវការបានឡើយ៕ 
 
 
 
 

Tag:
 បោះឆ្នោត
  គ.ជ.ប
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com