អន្តរជាតិ
នាយករដ្ឋមន្រ្តីសិង្ហបុរី ព្រមានការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់អាស៊ី
26, May 2022 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ។ រូបថតហ្វេសប៊ុកលោក លី
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ។ រូបថតហ្វេសប៊ុកលោក លី
នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី សៀនឡុង នៅថ្ងៃទី២៦ ខែឧសភា បានព្រមានពីការរត់ប្រណាំងអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់អាស៊ី ប្រសិនបើបណ្តាប្រទេសក្នុងតំបន់នេះ ផ្តោតលើសន្តិសុខជាតិខ្លួនឯងជាងស្ថិរភាពតំបន់។ ការព្រមានរបស់លោកលី ធ្វើឡើងស្របពេលសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ខណៈកូរ៉េខាងជើង បានសាកល្បងមីស៊ីលជាច្រើនលើក។

 
បញ្ហាក្នុងតំបន់អាស៊ី នៅតែមានភាពតានតឹងយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន។ កូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនប្រភេទ បន្ទាប់ពីកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរត្រូវជាប់គាំងនៅក្នុងឆ្នាំ ២០១៩។ មិនតែប៉ុណ្ណោះ ជម្លោះរុស្ស៊ី និងអ៊ុយក្រែន រួមទាំងការកើនឡើងឥទ្ធិពលចិន ក្នុងតំបន់ បានធ្វើឱ្យប្រទេសខ្លះ ក្នុងតំបន់អាស៊ី បានបង្កើនការចំណាយលើវិស័យយោធា ដើម្បីសន្តិសុខជាតិ។ 
 
ក្នុងសន្និសីទអនាគតអាស៊ី ដែលរៀបចំដោយកាសែត Nikkei Asia នៅក្នុងក្រុងតូក្យូ លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានថ្លែងថា នៅជប៉ុន និងកូរ៉េខាងត្បូង បញ្ហាសំខាន់ៗ ត្រូវបានលើកយកមកជជែកយ៉ាងខ្លាំង ក្នុងនោះរួមមានការពង្រាយអាវុធនុយក្លេអ៊ែរលើដែនដីប្រទេសទាំងពីរ និងការពង្រឹងសមត្ថភាពអភិវឌ្ឍអាវុធនុយក្លេអ៊ែរថែមទៀត។ 
 
«បើយើងមើលបញ្ហាសន្តិសុខតំបន់ត្រឹមទស្សនៈរបស់ប្រទេសមួយៗ យើងអាចឈានដល់ការរត់ប្រណាំសព្វាវុធ និងលទ្ធផលមិនល្អ»។ លោក លី បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ប្រទេសក្នុងតំបន់គួរតែធ្វើការរួមគ្នា ដើម្បីពង្រឹងសន្តិសុខសមូហភាព។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី ក៏បានលើកឡើងពីទំនាក់ទំនងចិន-អាម៉េរិកផង។ ត្រង់ចំណុចនេះ លោក លី បានពន្យល់ថា បើទំនាក់ទំនងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង នៅតែមានភាពតានតឹងជាមួយគ្នា វានឹងនាំឱ្យមានការបែងចែកជាពីរនៅក្នុងវិស័យបច្ចេកវិទ្យា, ច្រវាក់ផលិតកម្ម ឬវិបាកកាន់តែធ្ងន់ធ្ងរ។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ មេដឹកនាំសិង្ហបុរី បានជំរុញឱ្យប្រទេសមហាអំណាចទាំងពីរបង្កើតបណ្តាញទំនាក់ទំនងមួយ ដើម្បីកាត់បន្ថយភាពតានតឹង ដូចអាម៉េរិក បានបង្កើតជាមួយសហភាពសូវៀតនៅក្នុងសម័យសង្រ្គាមត្រជាក់។
 
ក្រៅពីបញ្ហាខាងលើ លោក លី បានលើកពីបញ្ហាមួយចំនួនផ្សេងទៀតដូចជា បញ្ហាឧបទ្វីបកូរ៉េ សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។ បើតាមលោក លី ប្រទេសទាំងអស់ក្នុងតំបន់ ត្រូវតែមានការប្រុងប្រយ័ត្ន ក្នុងការគ្រប់គ្រងភាពតាងតឹងទាំងនោះ ដែលអាចផ្ទុះឡើងនូវជម្លោះ ហើយថែមទាំងអាចរីកសាយកាន់តែធំ។ 
 
ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់ លោក លី បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលសិង្ហបុរីតែងគាំទ្រ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានសម្ពោធក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដោយមានសមាជិកចំនួន ១៣ប្រទេស។ ដោយក្របខណ្ឌមួយនេះ ខុសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងគ្មានការអនុគ្រោះពន្ធ នាយករដ្ឋមន្រ្តីសិង្ហបុរី បានបង្ហាញក្តីសង្ឃឹមថា IPEF អាចក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃណាមួយ។ 
 
មិនតែប៉ុណ្ណោះ លោក លី ក៏បានមើលឃើញពីតួនាទីចិន ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។ បើតាមប្រមុខរដ្ឋាភិបាលសិង្ហបុរី ចិន គឺជាតួអង្គដ៏សំខាន់នៅក្នុងតំបន់ និងមិនអាចដកចេញពីភាពជាដៃគូសេដ្ឋកិច្ចបាន។ លោកទំនងជាមើលឃើញពីទីផ្សារចិន ដែលមានចំនួនប្រជាជនដ៏ច្រើនរហូតដល់ជាង ១,៤ពាន់លាននាក់៕ 
 

Tag:
 សិង្ហបុរី
  ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com