អន្តរជាតិ
រុស្ស៊ីថា មកពីលោកខាងលិចដាក់ទណ្ឌកម្ម ទើបបណ្តាលឱ្យមានវិបត្តិស្បៀង
27, May 2022 , 9:59 am        
រូបភាព
ដោយ:
ប្រធានាធិបតីរុស្ស៊ី វ្ល៉ា​ឌីមៀ ពូទីន នៅថ្ងៃទី២៦ ខែឧសភា ជំរុញឱ្យបណ្តាប្រទេសលោកខាងលិចដកទណ្ឌកម្មចេញជាមួយនឹងការដោះដូរបើកឱ្យនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួនដើម្បីជួយពិភពលោករួចផុតពីវិបត្តិស្បៀង។ បើតាមវិមានក្រេមឡាំង វិបត្តិស្បៀងអាហារទាំងនោះ កើតឡើងដោយសារការដាក់ទណ្ឌកម្មដោយខុសច្បាប់របស់លោកខាងលិចមកលើរុស្ស៊ី។

 
បន្ថែមពីលើមហន្តរាយនៃការស្លាប់ និងការបំផ្លិចបំផ្លាញនៅអ៊ុយក្រែន សង្រ្គាមដោយផ្ទាល់ និងការដាក់ទណ្ឌកម្មរបស់លោកខាងលិច បាននាំឱ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងចម្អិនអាហារ ជី និងប្រេងឥន្ធនៈ កើនឡើងយ៉ាងខ្លាំង។ កាលពីសប្តាហ៍មុន រុស្ស៊ី និងបស្ចិមលោកបន្ទោសគ្នាទៅវិញទៅមកជុំវិញវិបត្តិនេះ ដោយអាម៉េរិកចោទថា រុស្ស៊ីបានបិទច្រកនាំចេញនៅកំពង់ផែនានានៅអ៊ុយក្រែនដើម្បីបង្អាក់ការផ្គត់ផ្គង់។ ចំណែក រុស្ស៊ីអះអាងថា អសន្តិសុខស្បៀងជុំវិញពិភពលោក បង្កដោយទណ្ឌកម្មរបស់លោកខាងលិចទៅវិញទេ។ 
 
ពាក់ព័ន្ធនឹងរឿងនេះ ក្រុងមូស្គូបានដាក់លក្ខខណ្ឌឱ្យបណ្តាប្រទេសលោកខាងលិចដកទណ្ឌកម្មចេញ ដើម្បីឱ្យខ្លួនអាចនាំចេញគ្រាប់ធញ្ញជាតិ និងជីក្នុងការជួយឱ្យពិភពលោកឆាប់ចៀសផុតពីវិបត្តិស្បៀង។ 
 
«ក្រុងមូស្គូ​ត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសំខាន់ដើម្បីយកឈ្នះវិបត្តិស្បៀងតាមរយៈការនាំចេញគ្រាប់ធញ្ញជាតិ និងជីក្នុងលក្ខខណ្ឌដែលលោកខាងលិចដកចេញការគាបសង្កត់ផ្នែកនយោបាយ»។ សេចក្តីថ្លែងការណ៍របស់វិមានក្រេមឡាំងស្រង់សម្តីប្រធានាធិបតីរុស្ស៊ី​ វ្ល៉ាឌីមៀ ពូទីន អំឡុងការនិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី Mario Draghi នៅថ្ងៃទី២៦ ខែឧសភា។ 
 
បន្ថែមពីនេះ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា លោក ពូទីនក៏បានលើកឡើងពីជំហានដែលនឹងត្រូវចាត់វិធានការដើម្បីធានាសុវត្ថិភាពនាវាចរណ៍ដែរ រួមមានការបើកច្រកផ្លូវមនុស្សធម៌ជាប្រចាំសម្រាប់ឱ្យនាវារបស់ជនស៊ីវិលបើកចេញពីកំពង់ផែ Azov និងសមុទ្រខ្មៅដែលត្រូវបានរារាំងដោយសំណាក់អ៊ុយក្រែន។​
 
យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃដដែលបានប្រកាសថា កប៉ាល់៧០គ្រឿងមកពី ១៦ ប្រទេសនៅកំពង់ផែចំនួន ៦ នៅសមុទ្រខ្មៅរួមមាន Odesa, Kherson និង Mykolaiv នឹងត្រូវបានអនុញ្ញាតឱ្យដឹកចេញ ប៉ុន្តែមិនបានបញ្ជាក់ថា កប៉ាល់ប៉ុន្មានដឹកស្បៀងអាហារនោះទេ។ លើសពីនេះ ក្រសួងការបរទេសរុស្ស៊ីក៏បានប្រកាសនៅថ្ងៃទី២៥ ខែឧសភាដែរថា កប៉ាល់បរទេស៥គ្រឿងបានដឹកចេញពីកំពង់ផែ Mariupol។ 
 
សូមបញ្ជាក់ថា អ៊ុយក្រែន ជាប្រទេសនាំចេញស្រូវសាលី ពោត និងប្រេងផ្កាឈូករ័ត្នដ៏ធំក្នុងពិភពលោក។ ប៉ុន្តែសង្រ្គាម និងការបិទច្រកនាំចេញពីសំណាក់រុស្ស៊ីបានរាំងស្ទះដល់លំហូរទំនិញទាំងនេះដែលប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។ រុស្ស៊ីវិញក៏ជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏សំខាន់ដែរ។ អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov ថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃទី២៦ ខែឧសភាថា លោកខាងលិចត្រូវតែលុបចោលការសម្រេចចិត្តខុសច្បាប់ទាំងនោះ។
 
យ៉ាងណាមិញ កន្លងមក មន្ត្រីលោកខាងលិចបានច្រានចោលការលើកឡើងខាងលើរបស់ក្រុងមូស្គូ។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក​ អាន់តូនី ប្លីងខិន បញ្ជាក់កាលពីសប្តាហ៍មុនថា ស្បៀងអាហារ ជី និងគ្រាប់ពូជមិនបានរួមបញ្ចូលក្នុងទណ្ឌកម្មនោះទេ។ ម្យ៉ាងវិញទៀត រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោកស្រី Liz Truss ក៏បានប្រកាសដែរថា ទណ្ឌកម្មនឹងមិនត្រូវដកចេញនោះទេ​ ដរាបណារុស្ស៊ីបន្តឈ្លានពានអ៊ុយក្រែន៕
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com