អន្តរជាតិ
កូរ៉េខាងជើង រួចខ្លួនម្ដងទៀត ក្រោយចិននិងរុស្ស៊ីវ៉េតូសំណើអាម៉េរិកឱ្យ​ដាក់​ទណ្ឌកម្ម​បន្ថែម
27, May 2022 , 3:59 pm        
រូបភាព
ចិន និងរុស្ស៊ីនៅថ្ងៃទី២៦ ខែឧសភា បានប្រើសិទ្ធិវ៉េតូរបស់ខ្លួនប្រឆាំងនឹងសំណើអាម៉េរិកនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN)​ ​ឱ្យ​ដាក់​ទណ្ឌកម្ម​បន្ថែមលើ​កូរ៉េខាងជើងជុំវិញការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបនាពេលថ្មីៗនេះ។ ​តំណាងចិន និងរុស្ស៊ីក្នុងកិច្ចប្រជុំ ក៏បានអះអាងថា ការដាក់ទណ្ឌកម្មបន្ថែមនឹងមិនអាចស្រាយបញ្ហាណាមួយឡើយ។


នៅមួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន ទៅកាន់តំបន់អាស៊ី ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីល ៣ គ្រាប់​រួមទាំងមីស៊ីលអន្តរទ្វីបផង។ ក្រោយការបាញ់សាកល្បងថ្មីនេះ អាម៉េរិកបានដាក់សំណើទៅក្រុមប្រឹក្សា​សន្តិសុខឱ្យបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើង។ 
 
បើតាមមន្ត្រីអាម៉េរិក​ សេចក្តីព្រាងដំណោះស្រាយដែលបានដាក់ស្នើនេះ នឹងរឹតត្បិតបន្ថែមទៀតនូវសមត្ថភាពរបស់កូរ៉េខាងជើង​ ក្នុងការជំរុញកម្មវិធីអាវុធប្រល័យលោកនិងកម្មវិធីមីស៊ីលបាលីស្ទិក ជួយសម្រួលដល់ការអនុវត្តទណ្ឌកម្ម​ និងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅកូរ៉េខាងជើង។ យ៉ាងណាមិញ សំណើនេះ មិនអាចចេញជារូបរាងឡើយ។
 
ក្នុងការបោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយ​របស់អាម៉េរិកនៅថ្ងៃទី២៦ ខែឧសភា សមាជិកក្រុមប្រឹក្សា​សន្តិសុខ១៣ បានបោះឆ្នោតគាំទ្រ ខណៈចិននិងរុស្ស៊ីបានវ៉េតូ។ សេចក្តីព្រាងដំណោះស្រាយដែលស្នើដោយអាម៉េរិកនេះ ក៏បានស្នើឱ្យកាត់បន្ថយការនាំចេញប្រេង និងថ្នាំជក់ទៅកាន់កូរ៉េខាងជើងផងដែរ។ 
 
ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN​ លោកស្រី Linda Thomas-Greenfield បានពណ៌នាការបោះឆ្នោតនេះថា ជារឿងដ៏ខកចិត្តសម្រាប់ក្រុមប្រឹក្សាសន្តិសុខ។ លោកស្រីក៏បានប្រាប់ក្រុមប្រឹក្សាទៀតថា ពិភពលោកកំពុងប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងច្បាស់ដែលបង្កដោយកូរ៉េខាងជើង ឯការអត់ធ្មត់ និងភាពស្ងៀមស្ងាត់របស់ក្រុមប្រឹក្សាសន្តិសុខនឹងមិនបានលុបបំបាត់ ឬកាត់បន្ថយការគំរាមនោះទេ។ 
 
សូមបញ្ជាក់ថា ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ ក្រុមប្រឹក្សាសន្តិសុខបានបង្កើនការដាក់ទណ្ឌកម្មជាលំដាប់ ដើម្បីកាត់ផ្តាច់ចំណូលដែលកូរ៉េខាងជើងប្រើដើម្បីគាំទ្រកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ខ្លួន។ យ៉ាងណាមិញ ចិន​និងរុស្ស៊ីតែងស្នើ និងជំរុញឱ្យមាន​ការ​បន្ធូរបន្ថយ​ទណ្ឌកម្មលើកូរ៉េខាងជើងក្រោមហេតុផល​មនុស្សធម៌​។
 
លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ UN បានប្រាប់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី២៦ ខែឧសភាថា ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងកូរ៉េខាងជើង​ ជាផ្លូវដែលនាំទៅរកភាពជាប់គាំង គ្មានប្រសិទ្ធភាព និងអមនុស្សធម៌។ ឯលោក Zhang Jun ឯកអគ្គរដ្ឋទូតចិនប្រចាំ UN ក៏បានលើកឡើងស្រដៀងគ្នាថា ការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងកូរ៉េខាងជើងនឹងមិនជួយដោះស្រាយបញ្ហាឡើយ ហើយនឹងនាំទៅរកផលប៉ះពាល់អវិជ្ជមាន និងការកើនឡើងនៃការប្រឈមមុខដាក់គ្នា។
 
«ស្ថានភាពនៅឧបទ្វីបបានវិវត្តទៅសភាពដូចសព្វថ្ងៃនេះ ដោយសារគោលនយោបាយមិនច្បាស់លាស់របស់អាម៉េរិក និងបរាជ័យក្នុងការរក្សាលទ្ធផលពីកិច្ចសន្ទនាមុនៗ»។ លោក Zhang Jun បានប្រាប់ក្រុមប្រឹក្សាសន្តិសុខបែបនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com