អន្តរជាតិ
លោកហ្សេលេនស្គី ប្រាប់អឺរ៉ុបឱ្យឈប់លេងសើចជាមួយរុស្ស៊ី ហើយដាក់ទណ្ឌកម្មបន្ថែម
27, May 2022 , 5:19 pm        
រូបភាព
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ការិយាល័យប្រធានាធិបតីអ៊ុយក្រែន
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ការិយាល័យប្រធានាធិបតីអ៊ុយក្រែន
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ក្នុងថ្ងៃទី២៦ ខែឧសភា បានជំរុញសហភាពអឺរ៉ុប ឱ្យដាក់ទណ្ឌកម្មកញ្ចប់ទី៦ លើរុស្ស៊ី ដើម្បីបញ្ឈប់លំហូរថវិកាទៅក្នុងប្រទេសមួយនេះដែលអាចបង្វែរចូលយោធា។ បើតាមលោកហ្សេលេនស្គី ការដាក់សម្ពាធកាន់តែខ្លាំងលើរុស្ស៊ី ពិតជាសំខាន់ណាស់ ក្នុងការជួយជីវិតប្រជាជន។

 
មកទល់ពេលនេះ សហភាពអឺរ៉ុប នៅតែមិនទាន់ឯកភាពលើទណ្ឌកម្មកញ្ចប់ទី ៦ ដែលរួមទាំងការហាមឃាត់នាំចូលប្រេងពីរុស្ស៊ីនៅឡើយទេ ដោយប្រទេសមួយចំនួន ដែលបន្តពឹងផ្អែកប្រេងលើរុស្ស៊ីខ្លាំង បានបដិសេធ និងទាមទាររយៈពេលមួយ ដើម្បីអាចឈប់ទិញប្រេងពីរុស្ស៊ីបាន។ ហុងគ្រី ឆែក និងស្លូវ៉ាគី បានជំទាស់ទណ្ឌកម្មប្រេងលើរុស្ស៊ី។ រុស្ស៊ីវិញ កំពុងផ្តោតប្រតិបត្តិការយោធារបស់ខ្លួនលើទីក្រុងចំនួនពីរទៀតដូចជា ក្រុង Sievierodonetsk និងក្រុង Lysychansk ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ 
 
ដោយអឺរ៉ុបមានភាពយឺតយ៉ាវក្នុងការដាក់ចេញទណ្ឌកម្មលើរុស្ស៊ី មេដឹកនាំអ៊ុយក្រែន បានត្អូញត្អែរ និងជំរុញឱ្យដាក់សម្ពាធលើក្រុងមូស្គូបន្ថែម។
 
«តើសហភាពអឺរ៉ុបត្រូវការប៉ុន្មានសប្តាហ៍ ដើម្បីឯកភាពលើទណ្ឌកម្មកញ្ចប់ទី៦?» លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានចោទជាសំណួរបែបនេះទៅសហភាពអឺរ៉ុប ក្នុងវីដេអូបង្ហោះលើបណ្តាញសង្គមFacebook ដោយបន្តអះអាងថា រុស្ស៊ីបានទទួលលុយប្រមាណ១ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ ពីការលក់ប្រភពថាមពលរបស់ខ្លួន។ 
 
បើតាមលោក ហ្សេលេនស្គី វាពិតជាសំខាន់ណាស់ក្នុងការដាក់ដាក់សម្ពាធលើរុស្ស៊ី ដើម្បីជួយជីវិតមនុស្សជាច្រើននាក់។ កន្លងមក អ្នកជំនាញយល់ថា លុយមួយផ្នែកនៃចំណូលពីប្រភពថាមពល អាចត្រូវបានរុស្ស៊ីបង្វែរចូលយោធា ដើម្បីបន្តប្រតិបត្តិការយោធានៅអ៊ុយក្រែន។ 
 
ប្រធានាធិបតីអ៊ុយក្រែនដដែលជឿថា ជម្លោះមួយនេះនឹងអាចត្រូវបានបញ្ឈប់ ប្រសិនបើពិភពលោក ដាក់ចេញវិធានការដូចអ្វីដែលពួកគេប្រឈមមុខ ហើយប្រសិនបើមិនលេងសើចជាមួយរុស្ស៊ី និងមានបំណងពិតប្រាកដក្នុងការបញ្ចប់សង្រ្គាម។ 
 
មកទល់ពេលនេះ វាមានរយៈពេលជាង ៣ខែហើយ ដែលរុស្ស៊ីនៅតែបន្តប្រតិបត្តិការយោធានៅអ៊ុយក្រែន។ ស្របពេលរុស្ស៊ីវាយប្រហារ អ៊ុយក្រែនបានទទួលសព្វាវុធជាច្រើនសន្ធឹកសន្ធាប់ពីអាម៉េរិក និងសម្ព័ន្ធមិត្ត៕ 
 

Tag:
 អឺរ៉ុប
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com