អន្តរជាតិ
ចិន គ្រោងធ្វើសមយុទ្ធយោធាថ្មីទៀតនៅសមុទ្រចិនខាងត្បូង
27, May 2022 , 8:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ:
ចិននឹងធ្វើសមយុទ្ធមួយទៀតនៅសមុទ្រចិនខាងត្បូងនៅថ្ងៃទី២៨ ខែឧសភា។ ការប្រកាសធ្វើសមយុទ្ធនេះកើតឡើង មួយសប្តាហ៍ក្រោយចិនរងការរិះគន់ពីមហាអំណាចលោកខាងលិចជុំវិញមហិច្ឆតាយោធារបស់ខ្លួននៅទូទាំងតំបន់ប៉ាស៊ីហ្វិក។


មហាអំណាចចិន ​ចាប់ផ្តើមពង្រីកឥទ្ធិពលខ្លួននៅកាន់តំបន់បាស៊ីហ្វិកដោយការចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុននិងកំពុងស្វះស្វែងរកកិច្ចព្រមព្រៀងសន្តិសុខនិងពាណិជ្ជកម្មបន្ថែមជាមួយប្រទេសកោះប៉ាស៊ីហ្វិកចំនួន១០ផ្សេងទៀត។
 
ស្របពេលរងការរិះគន់ចំពោះសកម្មភាពនេះ ចិនគ្រោងធ្វើសមយុទ្ធមួយក្នុងដែនសមុទ្រដែលមានរយៈចម្ងាយប្រហែល២៥គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃខេត្តហៃណាន ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូងស្រាប់។
 
«ខណៈសមយុទ្ធយោធាចាប់ផ្តើម ​ច្រកចូលដែនសមុទ្រចិននឹងត្រូវបិទ។» រដ្ឋបាលសុវត្ថិភាពដែនសមុទ្រចិនប្រកាសនៅថ្ងៃទី២៦ ខែឧសភា​។ បើតាមការប្រកាសព័ត៌មាន​ ​ផ្ទៃទឹកប្រហែល១០០គីឡូម៉ែត្រការ៉េ នឹងត្រូវហាមឃាត់មិនឱ្យនាវានានាធ្វើចរាចរណ៍ក្នុងរយៈពេល៥ម៉ោង។
 
សមុទ្រចិនខាងត្បូង ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់របស់ពិភពលោក ជាទីប្រទាញប្រទង់រវាងចិន និងប្រទេសមួយចំនួនទៀត។ ចិនទាមទារស្ទើរទាំងស្រុងដែនទឹកក្នុងសមុទ្រនេះ ដែលជាន់គ្នានឹងការអះអាងរបស់វៀតណាម ហ្វីលីពីន និងព្រុយណេទៀតផង៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com