អន្តរជាតិ
ថៃ និងវៀតណាម សហការគ្នាលើការគ្រប់គ្រងតម្លៃអង្ករលើទីផ្សារអន្តរជាតិ
27, May 2022 , 9:29 pm        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ Xinhua
លោក ប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ Xinhua
ថៃ និងវៀតណាម គួរតែរួមគ្នាបង្កើនតម្លៃអង្ករដើម្បីពង្រឹកម្លាំងចរចាលើទីផ្សារសកល។ លោក ប្រាយុទ្ធ ចន្ទអូចា បានសង្កត់ធ្ងន់បែបនេះ ស្របពេលតម្លៃអង្ករនៅតែទាប បើទោះពិភពលោក កំពុងប្រឈមបញ្ហាសន្តិសុខស្បៀង និងការកើនឡើងនៃតម្លៃអាហារក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី២៧ ខែឧសភា។

 
ជម្លោះអ៊ុយក្រែន និងរុស្ស៊ី បានបង្កឱ្យមានបញ្ហាសន្តិសុខស្បៀងអាហារយ៉ាងខ្លាំង ដោយអ៊ុយក្រែន មិនអាចនាំចេញស្រូវសាលី និងផលិតផលកសិកម្មផ្សេងទៀតបាន។ ម្យ៉ាងវិញទៀត ឥណ្ឌា កន្លងមក ក៏បានប្រកាសផ្អាកនាំចេញស្រូវសាលីថែមទៀត។ បញ្ហានេះ បានធ្វើឱ្យតម្លៃអាហារមួយចំនួន ឡើងថ្លៃ ខណៈពេលសេដ្ឋកិច្ចពិភពលោក ទើបតែងើបបណ្តើរៗពីជំងឺកូវីដ-១៩។ 
 
បើទោះតម្លៃស្រូវសាលី និងពោត បានហក់ឡើងខ្ពស់ក៏ដោយ តែតម្លៃអង្ករនៅតែទាប ដែលបញ្ហានេះ ធ្វើឱ្យប៉ះពាល់ដល់កសិករយ៉ាងខ្លាំង។ ទាក់ទិននឹងបញ្ហាខាងលើ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា បានអំពាវនាវឱ្យថៃ និងវៀតណាមរួមគ្នា បង្កើនតម្លៃអង្ករ ដើម្បីពង្រឹងអំណាចនៃការចរចានៅក្នុងទីផ្សារសកល។ ថៃ និងវៀតណាម សុទ្ធតែជាប្រទេសនាំចេញអង្ករធំដូចគ្នា។
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បានលើកឡើងថា ចំណាត់ការដូចខាងលើ អាចផ្តល់ផលប្រយោជន៍ជាច្រើនដល់កសិករនៅក្នុងប្រទេសទាំងពីរ ស្របពេលតម្លៃអង្ករមិនបានហក់ឡើង។ 
 
អនុរដ្ឋមន្រ្តីអភិវឌ្ឍជនបទ និងកសិកម្មវៀតណាម លោក Tran Thanh Nam បានជួបជាមួយមន្រ្តីថៃ នៅថ្ងៃទី២៦ ខែឧសភា ដើម្បីពិភាក្សាពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការលើអង្ករផង។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
 
ការជំរុញឱ្យបង្កើនតម្លៃអង្ករនេះ ធ្វើឡើងស្របពេលបណ្តាប្រទេសមួយចំនួនដាក់ចេញគោលនយោបាយការពារស្បៀងរបស់ខ្លួន និងការកើនឡើងតម្លៃទំនិញនៅក្នុងទីផ្សារ។ អង្ករ ត្រូវបានចាត់ទុកជាគ្រាប់ធញ្ញជាតិមួយប្រភេទ ដែលជួយការពារសន្តិសុខអាហារពិភពលោក ស្របពេលសង្រ្គាមនៅអ៊ុយក្រែន ប៉ះពាល់ការផ្គត់ផ្គង់នោះ។ វាមានកត្តាមួយចំនួន ដែលធ្វើឱ្យតម្លៃអង្ករ មិនបានហក់ឡើងដូចស្រូវសាលី និងពោត មានផលិតកម្មគ្រប់គ្រាន់ ការផ្គត់ផ្គង់ដ៏ច្រើនលើសលុប រួមទាំងអង្ករមានស្រាប់នៅក្នុងឃ្លាំង។ 
 
មួយរយៈចុងក្រោយ អង្កររបស់ថៃ មានតម្រូវការច្រើនពីទីផ្សារសកល ដោយសារការបន្ធូរបន្ថយការរឹតត្បិតលើជំងឺឆ្លងសកល។ តាមការបញ្ជាក់របស់រដ្ឋមន្រ្តីពាណិជ្ជកម្មថៃ លោក Jurin Laksanawisit ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី២៧ ខែឧសភា ការដឹកជញ្ជូនអង្ករអាចកើនខ្ពស់ដល់ ៨លានតោន ក្នុងឆ្នាំនេះ បើធៀបនឹងចំនួន ៦,១ លានតោន នៅក្នុងឆ្នាំ២០២១៕ 
 

Tag:
 ថៃ
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com