អន្តរជាតិ
សេតវិមាន​ស្វាគមន៍​ប្រទេស​ហ្វ៊ីជី​ដែល​ចូលរួម​ផែនការ​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក
28, May 2022 , 7:30 pm        
រូបភាព
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (ឆ្វេង) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​នាយករដ្ឋមន្ត្រី​ស្តីទី​ហ្វ៊ីជី​លោក Aiyaz Sayed-Khaiyum នៅ​ទីក្រុង Nadi ប្រទេស​ហ្វ៊ីជី​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken (ឆ្វេង) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​មួយ​ជាមួយ​នាយករដ្ឋមន្ត្រី​ស្តីទី​ហ្វ៊ីជី​លោក Aiyaz Sayed-Khaiyum នៅ​ទីក្រុង Nadi ប្រទេស​ហ្វ៊ីជី​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២២។
ដោយ: VOA
ប្រទេស​ហ្វ៊ីជី​នឹង​ចូលរួម​ក្នុង​គម្រោង​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ឬ IPEF របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ដែន​កោះ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​មុន​ដំបូង​គេ​ដែល​បានចូល​រួម​នៅ​ក្នុង​ផែនការនៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​កើន​ឡើងនៅ​ក្នុង​តំបន់។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

 
ការប្រកាស​នេះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi ចាប់​ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ដ៏​ធំ​មួយ​ទៅ​កាន់​ប្រទេស​នានាដែល​ជាដែន​កោះ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក រួម​ទាំង​ប្រទេស​ហ្វ៊ីជី​ផង​ដែរ។ តំបន់​នោះ​កំពុង​ក្លាយជា​ជួរ​មុខ​នៃ​ការតានតឹង​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ការប្រកួត​ប្រជែង​បញ្ចេញ​ឥទ្ធិពល​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។
 
លោក Wang បាន​ទៅដល់​តំបន់​នោះ​នៅ​សប្តាហ៍​នេះ​ដើម្បី​ស្វះស្វែង​រក​កិច្ចព្រមព្រៀង​១០ប្រទេស​ជាមួយ​បណ្តា​ប្រទេស​ដែន​កោះ​នៅ​ទីនោះ​ អំពី​សន្តិសុខ​និង​ពាណិជ្ជកម្ម​ដែល​បាន​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​និង​សម្ពន្ធមិត្ត​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​របស់​ខ្លួន​មាន​ការ​ព្រួយ​កង្វល់។
 
សេតវិមាន​បាន​ស្វាគមន៍​ប្រទេស​ហ្វ៊ីជី​ថា ជា​សមាជិក​ស្ថាបនិក​មួយ​របស់​គម្រោង​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ឬ IPEF ដែល​ខ្លួន​បាន​និយាយ​ថា ឥឡូវ​នេះ រួមមាន​ប្រទេស​មកពី​តំបន់​អាស៊ី​ភាគ​ឦសាន្ត​និង​អាស៊ី​អាគ្នេយ៍ អាស៊ី​ខាង​ត្បូង អូសេអានី​និង​ប្រជុំ​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។
 
លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ទូទាំង​ភូមិសាស្ត្រ យើង​បាន​បង្រួបបង្រួម​ការ​តាំងចិត្ត​របស់​យើង​ធ្វើ​ឱ្យ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី បើក​ចំហ​និង​មាន​វិបុលភាព»។ លោក​បាន​សង្កត់​ពី​សារៈសំខាន់​របស់​ប្រទេស​ហ្វ៊ីជី​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ។
 
មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋបាល​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ដោយ​បន្ថែម​ប្រទេស​ហ្វ៊ីជី​មួយ​ទៀត​នោះ​ គម្រោង​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ឬIPEFឥឡូវនេះ​តំណាង​ឱ្យ​ភាព​ចម្រុះ​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។
 
លោក​ប្រធានាធិបតី Biden បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៃ​គម្រោង​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ឬ IPEF នៅ​ដើម​សប្តាហ៍​នេះ​ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី១​របស់​លោកក្នុង​នាមប្រធានាធិបតីសហរដ្ឋ​អាមេរិក​ទៅ​កាន់​តំបន់​អាស៊ី​ ដែល​បាន​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិកបន្ថែម​ទៀត។
 
ហ្វ៊ីជី​ជា​ប្រទេស​ទី១៤​ដែល​ចូលរួម​ក្នុង​ការ​ចរចា​របស់​គម្រោង​សេដ្ឋកិច្ច​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ឬ IPEF ដោយមិន​មាន​ប្រទេស​ចិននោះ​ទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com