ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បក្សរស្មីខេមរា កំណត់ឲ្យពេទ្យនៅមូលដ្ឋានប្រចាំការ២៤ម៉ោង ហើយព្យាបាលពលរដ្ឋដោយមិនយកប្រាក់
30, May 2022 , 11:17 am        
រូបភាព
អនុប្រធានទាំង២រូបរបស់គណបក្សរស្មីខេមរា គឺលោក ហែម ប្រសើរ (កណ្តាល) និង លោក សុន សុភី (ឈរនៅស្តាំដៃលោក ហែម ប្រសើរ) ពេលចុះដឹកនាំធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅតាមបណ្តាខេត្តមួយចំនួន។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សរស្មីខេមរា
អនុប្រធានទាំង២រូបរបស់គណបក្សរស្មីខេមរា គឺលោក ហែម ប្រសើរ (កណ្តាល) និង លោក សុន សុភី (ឈរនៅស្តាំដៃលោក ហែម ប្រសើរ) ពេលចុះដឹកនាំធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅតាមបណ្តាខេត្តមួយចំនួន។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សរស្មីខេមរា
ដោយ៖ ទេពញាណ 
 
ការផ្តល់សេវាសុខភាពសាធារណៈ គឺជាគោលនយោបាយ១ របស់គណបក្សរស្មីខេមរា។ ក្រុមគ្រូទេព្យ ត្រូវមានវត្តមានតាមមន្ទីរពេទ្យ២៤ម៉ោងលើ២៤ម៉ោង ការព្យាបាលដោយមិនយកប្រាក់ និងការរៀបចំឲ្យមានរថយន្តសម្រាប់ដឹកប្រជាពលរដ្ឋទៅមន្ទីរពេទ្យ ជាអាទិ៍ សុទ្ធសឹងតែជាចំណុចសំខាន់ៗក្នុងគោលនយោបាយរបស់គណបក្សនេះ។

 
គណបក្សរស្មីខេរមរា បានចែងក្នុងគោលនយោបាយស្តីពីសេវាសុខភាពសាធារណៈយ៉ាងដូច្នេះថា៖«មណ្ឌលសុខភាពនៅតាមមូលដ្ឋាន តម្រូវឲ្យមានគ្រូពេទ្យប្រចាំការ២៤ម៉ោង មានថ្នាំគ្រប់គ្រាន់ មានរថយន្តយ៉ាងតិច៣គ្រឿងនៅក្នុងមណ្ឌលសុខភាពនីមួយៗ សម្រាប់ដឹកអ្នកជំងឺ រាល់អ្នកជំងឺដែលទៅព្យាបាល ឬទៅពិនិត្យសុខភាព មិនតម្រូវឲ្យយកថ្លៃសេវាឡើយ ជាពិសេស មនុស្សចាស់ជរា កុមារ និង ស្ត្រីមានផ្ទៃពោះដែលត្រូវសម្រាលកូន គឺហាមមិនឲ្យយកថ្លៃសេវាជាដាច់ខាត»។ 
 
គោលនយោបាយស្តីពីសេវាសុខភាពសាធារណៈ គឺជាគោលនយោបាយទី៣ ក្នុងចំណោមគោនយោបាយទាំង៦របស់គណបក្សរស្មីខេមរា សម្រាប់យកទៅអនុវត្តនៅឃុំ-សង្កាត់។ 
 
គោលនយោបាយទី១ ស្តីពីប្រជាពលរដ្ឋជាម្ចាស់អំណាច ចែងថា គណបក្សរស្មីខេមរា ជាអ្នកបម្រើប្រជាពលរដ្ឋ ធ្វើតាមឆន្ទៈប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋជាម្ចាស់អំណាច។ 
 
គោលនយោបាយទី២ ស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ចែងថា កសាងវត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្លូវលំ ផ្លូវថ្នល់បន្ថែម ជួសជុលសមិទ្ធផលចាស់ៗដែលខូចខាតឲ្យប្រែក្លាយទៅជាសភាពល្អដូចដើមវិញ ព្រមទាំងរៀបចំប្រព័ន្ធលូ ជីកប្រឡាយបង្ហៀរទឹកតាមស្រែចម្ការ ដើម្បីងាយស្រួលស្រោចស្រពស្រែចម្ការ។   
 
គោលនយោបាយទី៤ ស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ចែងថា ហាមដាច់ខាតមិនឲ្យមានល្បែងស៊ីសង គ្រឿងញៀន ចោរកម្ម និង ក្មេងទំនើង។ 
 
គោលនយោបាយទី៥ ស្តីពីកិច្ចការងារសាធារណៈ ចែងថា មន្ត្រី មានកាតព្វកិច្ចបម្រើប្រជាពលរដ្ឋឲ្យរហ័សទាន់ចិត្ត មិនពុករលួយ មិនរើសអើង និង មិនប្រកាន់បក្ខពួក។ 
 
គោលនយោបាយទី៦ ស្តីពីការលើកកម្ពស់ស្ត្រី និងកុមារ ចែងថា កុមារ ទទួលបានការគាំពារពីមាតាបិតានិងរាជរដ្ឋាភិបាល បញ្ចៀសការរំលោភបំពាន ការជួញដូរ ការជិះជាន់កម្លាំងពលកម្មគ្រប់រូបភាព ហើយស្ត្រី មានសិទ្ធិស្មើនឹងបុរស ដោយរាល់ការងារសង្គម ការងារនយោបាយ ស្ត្រី ត្រូវមានសិទ្ធិអាទិភាពមុនបុរស។  
 
គណបក្សរស្មីខេមរា មានលោក ស៊ិន សុភាព ជាប្រធាន ហើយលោក ហែម ប្រសើរ និង លោក សុន សុភី ជាអនុប្រធាន។ គណបក្សនេះ ក៏កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដូចគណបក្សដទៃដែរ។ ការឃោសនារកសំឡេងឆ្នោត ចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែឧសភាមក ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា (១៤ថ្ងៃ)។ ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕ 
 

Tag:
 គណបក្សរស្មីខេមរា
  គោលនយោបាយ
  បោះឆ្នោតអាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com