ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មាន «សេចក្តីប្តេជ្ញា៨យ៉ាង» ជូនពលរដ្ឋ
30, May 2022 , 1:46 pm        
រូបភាព
លោក ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ថ្លែងក្នុងអង្គសមាជវិសាមញ្ញរបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច កាលពីចុងឆ្នាំ២០២១។ រូបពីវីដេអូរបស់គណបក្សខ្មែរអភិវឌ្ឃន៍សេដ្ឋកិច្ច
លោក ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ថ្លែងក្នុងអង្គសមាជវិសាមញ្ញរបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច កាលពីចុងឆ្នាំ២០២១។ រូបពីវីដេអូរបស់គណបក្សខ្មែរអភិវឌ្ឃន៍សេដ្ឋកិច្ច
ដោយ៖ ទេពញាណ

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានគោលនយោបាយ៨ចំណុច ដើម្បីកែប្រែឃុំ-សង្កាត់ ឲ្យកាន់តែល្អប្រសើរ ដោយគោលនយោបាយទាំង៨ចំណុចនោះ សុទ្ធតែភ្ជាប់ជាមួយពាក្យ «ប្តេជ្ញា» នៅខាងមុខ។



គោលនយោបាយទី១ គឺប្តេជ្ញាបំបាត់ការរើសអើង។ គោលនយោបាយទី២ គឺប្តេជ្ញាបំបាត់អំពើពុករលួយ។ គោលនយោបាយទី៣ គឺប្តេជ្ញាគាំទ្រគម្រោងនៃកញ្ចប់ថវិកាជាតិ សម្រាប់អភិវឌ្ឍនៅមូលដ្ឋាន។ គោលនយោបាយទី៤ គឺប្តេជ្ញាបង្កើតទីផ្សារក្នុងសហគមន៍ និងធានាតម្លៃកសិផល។ គោលនយោបាយទី៥ គឺប្តេជ្ញាលើកកម្ពស់ស្រ្តី ក្នុងការបញ្ចេញមតិ។ គោលនយោបាយ៦ គឺប្តេជ្ញាកោះប្រជុំ និងផ្តល់របាយការណ៍ស្តីពីការអភិវឌ្ឍ រួមទាំងដំណោះស្រាយប្រចាំខែ។ គោលនយោបាយទី៧ គឺប្តេជ្ញាកំណត់ឲ្យច្បាស់អំពីសម្បត្តិរដ្ឋ ដីរដ្ឋ និង ផែនការយុទ្ធសាស្រ្តរបស់រដ្ឋ។ គោលនយោបាយ៨ គឺប្តេជ្ញាទទួលខុសត្រូវខ្ពស់ចំពោះការចុះហត្ថលេខាលើឯកសារការងាររដ្ឋបាល។

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សរសេរក្នុងគោលនយោបាយរបស់ខ្លួនដូច្នេះថា៖«គោលនយោបាយទាំង៨ចំណុចនេះ មានសារសំខាន់ណស់ ដើម្បីកែប្រែមូលដ្ឋាន ដែលបងប្អូនជនរួមជាតិភាគច្រើន ជួបប្រទះនូវទង្វើអយុត្តិធម៌ ហើយសង្ឃឹមថា អាចនឹងមានគោលនយោបាយណាមួយ សម្រាប់ជួយកែប្រែចំណុចអវិជ្ជមានក្នុងឃុំ-សង្កាត់របស់បងប្អូនបាន»។

សម្រាប់បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលស្ថិតក្រោមដឹកនាំរបស់លោក ហួន ច័ន្ទថុន ជាប្រធាន និងលោក ហួន រដ្ឋា ជាអនុប្រធាន បានដាក់បេក្ខជនតែ៨៨នាក់ប៉ុណ្ណោះ ឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមឃុំ-សង្កាត់ចំនួន៤ ក្នុងចំណោមឃុំ-សង្កាត់សរុបចំនួន១៦៥២ នៅទូទាំងប្រទេស។ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាកាលបរិច្ឆេទនៃការបោះឆ្នោត ខណៈពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គឺជាអំឡុងពេលនៃការធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្ររបស់ណបក្សនីមួយៗ៕

Tag:
 គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
  គោលនយោបាយ
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com