ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សជនជាតិដើម ផ្តោតលើការអភិវឌ្ឍឃុំ-សង្កាត់តាមព្រំដែន
31, May 2022 , 10:55 am        
រូបភាព
ក្បួនឃោសនារកសំឡេងគាំទ្ររបស់គណបក្សជនជាតិដើមប្រជាធិបតេយ្យ នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុក Sroy Khet
ក្បួនឃោសនារកសំឡេងគាំទ្ររបស់គណបក្សជនជាតិដើមប្រជាធិបតេយ្យ នៅសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុក Sroy Khet
ដោយ៖ ទេពញាណ 
 
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដែលកើតចេញពីក្រុមប្រជាពលរដ្ឋជាជនជាតិដើមភាគតិចនៅកម្ពុជា មើលឃើញពីសារសំខាន់នៃការអភិវឌ្ឍឃុំ-សង្កាត់តាមព្រំដែន។ ដូច្នេះហើយ ទើបគណបក្សនេះ បានសរសេរចេញជាគោលនយោបាយ១ថា គណបក្សខ្លួន នឹងអភិវឌ្ឍឃុំ-សង្កាត់តាមព្រំដែន និងត្រូវសហប្រតិបត្តិការជាមួយប្រទេសជិតខាង។

 
គោលនយោបាយស្តីពីការអភិវឌ្ឍឃុំ-សង្កាត់តាមព្រំដែន គឺជាគោលនយោបាយទី៣ ក្នុងចំណោមគោលនយោបាយទាំង៦របស់គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា សម្រាប់យកទៅអនុវត្តនៅឃុំ-សង្កាត់។ គោលនយោបាយ៥ទៀត រួមមាន ទី១ ថែរក្សាអត្តសញ្ញាណជនជាតិដើមមិនឲ្យបាត់បង់ ទី២ ផ្តល់សេវាសាធារណៈឲ្យទាន់ពេលវេលា និងមិនគិតកម្រៃពីប្រជាពលរដ្ឋ ទី៤ ការពារធនធានធម្មជាតិ មិនអនុញ្ញាត្តឲ្យមានការបំផ្លាញពីជនខិលខូច ព្រមទាំងអនុវត្តច្បាប់ឲ្យស្មើភាពគ្នា ទី៥ បញ្ឈប់ការរើសអើងអ្នកនយោបាយគ្រប់រូបភាព ទី៦ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន អំពើហិង្សា និងការពារសុវត្ថិភាពប្រជាពលរដ្ឋ។
 
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០១៧មក មានលោក ប្លាង ស៊ីន ជាប្រធាន។ គណបក្សនេះ បានចូលរួមការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ ក្នុងឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនីតិកាលទី៦ ក្នុងឆ្នាំ២០១៨ តែពុំទទួលបានកៅអីឡើយទាំងនៅឃុំ-សង្កាត់ទាំងនៅរដ្ឋសភា។

សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលជាអាណត្តិថ្មី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានដាក់បេក្ខជន២០២នាក់ ឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាមឃុំ-សង្កាត់ចំនួន១៩ ក្នុងចំណោមឃុំ-សង្កាត់សរុប១៥៦២នៅទូទាំងប្រទេស។ ក្នុងរយៈពេល១៤ថ្ងៃនេះ គឺពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា គណបក្សនានា កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងគាំទ្រពីប្រជាពលរដ្ឋ៕ 
 

Tag:
 គណបក្សជនជាតិដើមប្រជាធិបតេយ្យ
  គោលនយោបាយ
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com