ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ជា មុនី សុំភ្ជាប់សាច់ឈាមជាមួយភ្លើងទៀន
31, May 2022 , 9:59 pm        
រូបភាព
លោក ជា មុនី និយាយនៅមុខរូបសំណាកលោក ជា វិជ្ជា ជាបង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ដែលជាថ្ងៃរម្លឹកខួប១៨ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា។ រូបពីវីដេអូលើបណ្តាញសង្គម
លោក ជា មុនី និយាយនៅមុខរូបសំណាកលោក ជា វិជ្ជា ជាបង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ដែលជាថ្ងៃរម្លឹកខួប១៨ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា។ រូបពីវីដេអូលើបណ្តាញសង្គម
លោក ជា មុនី ប្អូនប្រុសរបស់លោក ជា វិជ្ជា មេសហជីពដ៏ល្បីល្បាញ ដែលត្រូវបានគេបាញ់សម្លាប់ កាលពី១៨ឆ្នាំមុន បានសរសេរលិខិតជូនទៅលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សនេះដែរ។ លិខិតរបស់លោក ចុះកាលបរិច្ឆេទ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។



លោក ជា មុនី អតីតប្រធានសហព័ន្ធសហជីពសេរីកម្មករកម្ពុជា (FTUWKC) បានសរសេរក្នុងលិខិតថា៖«កម្មវិធីនយោបាយរបស់គណបក្សភ្លើងទៀន បានយកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សយ៉ាងពិតប្រាកដ ដែលធ្វើឲ្យរូបខ្ញុំ មានជំនឿទុកចិត្តដ៏កក់ក្តៅបំផុត»។ 
  
គេ មិនទាន់ដឹងថា លោក ជា មុនី នឹងទទួលបានតំណែងអ្វីក្នុងគណបក្សភ្លើងទៀនឡើយ។ សារព័ត៌មានថ្មីៗ ព្យាយាមទាក់ទងទៅសួរលោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន តែលោក ពុំទទួលការហៅចូល។

ក្នុងថ្ងៃតែមួយនេះ លោក ទូច សើ ប្រធានបច្ចុប្បន្ននៃសហព័ន្ធសហជីពសេរីកម្មករកម្ពុជា បានចេញលិខិតអំពាវនាវដល់កម្មករកម្មការិនី ឲ្យចូលរួមបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ មេសហជីពរូបនេះ រំលេចក្នុងលិខិតអំពាវនាវរបស់ខ្លួនថា៖«សន្លឹកឆ្នោតសម្ងាត់របស់បងប្អូន ដែលបោះឆ្នោតជ្រើសរើសត្រូវ គឺជាជោគវាសនារបស់ប្រទេសជាតិ និងជាជោគវាសនារបស់បងប្អូនផ្ទាល់ជាម្ចាស់ឆ្នោត»។ 
 
គណបក្សភ្លើងទៀន ស្ថិតក្នុងចំណោមគណបក្សទាំង១៧ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ គណបក្សភ្លើងទៀន បានដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមឃុំ-សង្កាត់ចំនួន១៦២៣ ក្នុងចំណោមឃុំ-សង្កាត់សរុប១៦៥២នៅទូទាំងប្រទេស៕   
 
 

Tag:
 ជា មុនី
  គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com