ជាតិ
កម្មករផ្ទេរសិទ្ធិឱ្យសហជីពប្ដឹងទៅតុលាការ ដើម្បីសុំការពារទ្រព្យសម្បត្តិក្នុងរោងចក្រឃែនធើរេន
31, May 2022 , 5:59 pm        
រូបភាព
 កម្មករនិយោជិតឃែនធើរេននាំគ្នាហែទៅក្រសួងការងារ នាព្រឹកថ្ងៃទី ៣១ ខែឧសភា។ រូបពីអ្នកស្រី សាន់ សុផា ប្រធានសហជីពចលនាកម្មករ
កម្មករនិយោជិតឃែនធើរេននាំគ្នាហែទៅក្រសួងការងារ នាព្រឹកថ្ងៃទី ៣១ ខែឧសភា។ រូបពីអ្នកស្រី សាន់ សុផា ប្រធានសហជីពចលនាកម្មករ
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ កម្មករកម្មការីនីរោងចក្រឃែនធើរេន នឹងផ្ទេរសិទ្ធិឱ្យទៅសហជីពតំណាងកម្មករ ដើម្បីដាក់ពាក្យបណ្ដឹងទៅតុលាសុំដីកាការពារទ្រព្យសម្បត្តិក្នុងរោងចក្រ។


កម្មករកម្មការីនីជាង ២០០នាក់ នៅព្រឹកថ្ងៃទី ៣១ ឧសភា បាននាំគ្នាដើរថ្មើរជើងពីរោងចក្រឃែនធើរេន ទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្ដាប់ពីវិធីដោះស្រាយលើញ្ញត្តិរបស់ពួកគេ កាលពីសប្ដាហ៍មុន។ លោក ទួន សារ៉ែន ប្រធានរដ្ឋបាលសម្ព័ន្ធ​សហជីព​ចល​នា​កម្មក​រ​ បានបញ្ជាក់ថា ក្រសួងនៅតែពុំទាន់មានដំណោះស្រាយឱ្យពួកគេឡើយ។
 
ប្រធានរដ្ឋបាលសម្ព័ន្ធ​សហជីព​ចល​នា​កម្មក​រ​រូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមទូរស័ព្ទថា កម្មករបានសម្រេចគ្នាផ្ទេរសិទ្ធិឱ្យទៅសហជីពរៀបចំឯកសារដាក់ទៅតុលាការ ដើម្បីសុំដីកាការពារទ្រព្យសម្បត្តិរោងចក្រឃែនធើរេន ក្រោយពីគ្មានដំណោះស្រាយសម្រាប់ពួកគេ។ 
 
អ្នកស្រី សាន់ សុផា ប្រធានសហជីពចលនាកម្មករ និងលោក ឆឹង ប៊ុនធឿន ប្រធានសហជីពកម្មករនិយោជិត ជាអ្នកទទួលបន្ទុកលើករណីនេះ។
 
«ក្រសួងមិនមានសិទ្ធិសម្រេច ឬមានវិធានការណ៍ណាមួយ ដើម្បីចាប់សម្រិត ចាប់បង្ខំគេទេ ព្រោះអីក្រសួងគ្រាន់តែជាអ្នកសម្របសម្រួលប៉ុណ្ណោះ គឺមិនមានសិទ្ធិថា ភាគីណាខុស ឬត្រូវនោះទេ។ ម៉ោងនេះយើងដឹងថា ថៅកែវារត់បានហើយ អ៊ឹចឹងមានតែដាក់ទៅតុលាការ ដើម្បីសុំដីកាការពារទ្រព្យសម្បត្តិនៅក្នុងរោងចក្រ»។ នេះបើតាមការរៀបរាប់របស់លោក ទួន សារ៉ែន។
លោកបានបញ្ជាក់ថា ក្រោយដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីសុំការពារទ្រព្យសម្បត្តិរោងចក្រហើយ ពួកគេនឹងស្នើសុំលិខិតមួយទៀត សម្រាប់ផ្សព្វផ្សាយលក់ឡៃឡុងសម្ភារក្នុងរោងចក្រតែម្ដង ដើម្បីយកប្រាក់មកដោះស្រាយបញ្ហាពួកគេ។
 


កម្មករនិយោជិតឃែនធើរេននាំគ្នាហែទៅក្រសួងការងារ នាព្រឹកថ្ងៃទី ៣១ ខែឧសភា។ រូបពីអ្នកស្រី សាន់ សុផា ប្រធានសហជីពចលនាកម្មករ

បច្ចុប្បន្នកម្មករនិយោជិត កំពុងដេកយាមនៅក្នុងរោងចក្រឃែនធើរេន ដើម្បីកុំឱ្យជនខិលខូចលួចគាស់យកសម្ភារចេញពីក្នុងរោងចក្រ។ បើតាមលោក សារ៉ែន ពេលសុំដីកាការពារទ្រព្យសម្បត្តិហើយ កម្មករនិយោជិត នឹងមានឱកាសទៅធ្វើការនៅកន្លែងផ្សេងទៀត ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។ « ពេលដីកាចេញមក កម្មករមិនមានសិទ្ធិ ឬកាតព្វកិច្ចការពារទៀតទេ។
សូម្បីម្ចាស់អាគារក៏មិនអាចចូលទៅក្នុងនោះបានដែរ រហូតដល់វិវាទនេះមានដំណោះស្រាយ ទើបអាចមានសិទ្ធិចេញចូល ឬដាក់ជួលទៀតបាន»។ នេះបើតាមប្រធានរដ្ឋបាលសម្ព័ន្ធ​សហជីព​ចល​នា​កម្មករ ដែលបានបញ្ជាក់ថា ពួកគេនឹងទៅជួបមេធាវីដើម្បីរៀបចំឯកសារទៅតុលាការសុំដីកាការពារទ្រព្យសម្បត្តិ នៅថ្ងៃទី១ មិថុនា៕
 
 
 

Tag:
 ឃែនធើរេន
  សេដ្ឋកិច្ច
  វិវាទការងារ
© រក្សាសិទ្ធិដោយ thmeythmey.com