ជាតិ
សង្គមជាតិ
មេធាវីរោងចក្រ «ខ្វលីធី» អះអាងថា ថៅកែរោងចក្រឃែនធើរេន និងខ្វលីធី ជាបុគ្គលពីរផ្សេងគ្នា
27, May 2022 , 10:59 pm        
រូបភាព
កម្មករកម្មការីនីហែញត្តិទៅដាក់ជូនក្រសួងការងារ និងនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំកិច្ចអន្តរាគមន៍ ករណីរោងចក្រ ឃែនធើរេន ត្រូវបានបិទទ្វារ។ រូបពីសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា
កម្មករកម្មការីនីហែញត្តិទៅដាក់ជូនក្រសួងការងារ និងនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំកិច្ចអន្តរាគមន៍ ករណីរោងចក្រ ឃែនធើរេន ត្រូវបានបិទទ្វារ។ រូបពីសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា
ដោយ៖ ញឹក សំអូន 

ភ្នំពេញ៖ លោក ហ៊ម ភា មេធាវីរបស់ក្រុមហ៊ុន ខ្វលីធី បានបកស្រាយថា ម្ចាស់រោងចក្រឃែនធើរេន និងរោងចក្រ ខ្វលីធី ជាបុគ្គលពីរនាក់ផ្សេងគ្នា ដោយពុំមានអ្វីជាប់ទាក់ទងនឹងរោងចក្រទាំងពីរឡើយ ។ ការបកស្រាយរបស់មេធាវីនេះ ធ្វើឡើងក្រោយពីក្រុមកម្មកររោងចក្រ ថា ម្ចាស់រោងចក្រឃែនធើរេន គេចវេះលើការបើកប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗដល់ពួកគេ ហើយលួចទៅបើករោងចក្រ ខ្វលីធី ។



មេធាក្រុមហ៊ុន ខ្វលីធី បានបញ្ជាក់ថា ក្រុមហ៊ុន ខ្វលីធី ជារបស់លោក SEOW HON CHEONG ដែលបានបើកដំណើរការប្រមាណ ២០ឆ្នាំហើយ ពុំមែនទើបបើកថ្មីនោះទេ។ រីឯម្ចាស់ក្រុមហ៊ុន ឃែនធើរេន មានលោក PRONOM KUMA SEN GUPTA និងលោក YAP FUNG KONG ជាអ្នកតំណាង និងប្រធានក្រុមទីប្រឹក្សារបស់ក្រុមហ៊ុន ខណៈលោក ជុង វ៉ៃពីវ ជានាយកគ្រប់គ្រង។ ប៉ុន្តែលោក ហ៊ម ភា ក៏ទទួលស្គាល់ថា ថៅកែរោងចក្រទាំងពីរ គឺជាមិត្តភក្តិគ្នា។
 
«លោក ជុង វ៉ៃពីវ មិនមែនជាថៅកែរោងចក្រឃែនធើរេននោះទេ គាត់ជាអ្នកគ្រប់គ្រង។ លោក វ៉ៃពីវ គាត់បំពេញការងារនៅក្នុងរោងចក្រ ខ្វលីធី បានល្អ ពេលនោះម្ចាស់ក្រុមហ៊ុន ក៏បានតែងតាំងគាត់ ជានាយកគ្រប់គ្រងរោងចក្រ ខ្វលីធី។ បន្ទាប់មកថៅកែរោងចក្រឃែនធើរេន ក៏បានស្នើសុំឱ្យលោក វ៉ៃពីវ ទៅជួយគ្រប់គ្រងនៅរោងចក្ររបស់គាត់ដែរ»។ មេធាវីរូបនេះអះអាងដូច្នេះ។
 
កន្លងមកក្រុមហ៊ុន ខ្វលីធី បានសេចក្ដីប្រកាសព័ត៌មានថា ការទាមទាររបស់កម្មករនិយោជិតនៃក្រុមហ៊ុន ឃែនធើរេន ដែលស្នើក្រុមហ៊ុន ខ្វលីធី ទទួលខុសត្រូវចំពោះការទូទាត់ប្រាក់អតីតភាពការងារ និងប្រាក់បំណាត់ផ្សេងៗរបស់ពួកគេនោះ គឺខុសច្បាប់ទាំងស្រុង ព្រោះក្រុមហ៊ុនទាំងពីរ មានភាគហ៊ុនផ្សេងគ្នា និងមានលក្ខនិ្តកៈដាច់ដោយឡែកពីគ្នា។ ដូច្នេះក្រុមហ៊ុន ខ្វលីធី ពុំមានកាតព្វកិច្ចទទួលខុសត្រូវចំពោះការទូទាត់ប្រាក់អតីតភាពការងារ និងប្រាក់បំណាត់ផ្សេងៗនោះឡើយ ព្រោះលោក ជុង វ៉ៃពីវ គ្រាន់តែជានិយោជិតនៃក្រុមហ៊ុនទាំងពីរ។
 
ក្នុងសេចក្ដីប្រកាសដដែលបន្តថា រោងចក្រឃែនធើរេន ពុំបានបើប្រាក់ខែឱ្យលោក វ៉ៃពីវ អស់រយៈពេល ២ឆ្នាំមកហើយ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩។ លោក វ៉ៃពីវ ក៏បានជូនដំណឹងទៅម្ចាស់ក្រុមហ៊ុន ឃែនធើរេន ដើម្បីលាឈប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ។ ក្រោយទទួលបានការឯកភាពពីលោក YAP FUNG KONG និងប្រធានក្រុមជាទីប្រឹក្សារបស់ក្រុមហ៊ុន ឃែនធើរេន លោក វ៉ៃពីវ ក៏បានជូនដំណឹងដល់កម្មករ-កម្មការីនី កាលពីថ្ងៃទី ០៣ ឧសភា ជុំវិញការលាឈប់របស់លោក ហើយកម្មករក៏មានការតវ៉ា ក្រោយឃើញរោងចក្រផ្អាកដំណើរការសកម្មភាព និងរើសម៉ាស៊ីន និងសម្ភារៈមានតម្លៃចេញពីរោងចក្រ។  
 
កន្លងមកកម្មករ បានលើកឡើងថា ថៅកែរោងចក្រឃែនធើរេន បិទទ្វារមិនជូនដំណឹងដល់កម្មករ រួចទៅបើករោងចក្រមួយផ្សេងទៀត នៅម្ដុំផ្សារទួលពង្រ ក្នុងខណ្ឌពោធិ៍សែនជ័យ។
ដោយសារមិនទាន់មានដំណោះស្រាយនេះ ទើបកម្មករ -កម្មការីនីរោងចក្រឃែនធើរេន កាលពីថ្ងៃទី២៣ ឧសភា បាននាំគ្នាដាក់ញត្តិទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជួយរកដំណោះស្រាយឱ្យពួកគេ និងទាមទារឱ្យក្រុមហ៊ុនអនុវត្តស្របតាមច្បាប់ការងារ៕
 

Tag:
 កម្មករ
  ច្បាប់ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com