ជាតិ
សង្គមជាតិ
កម្មករ៖ ថៅកែរោងចក្រ «ឃែនធើរេន» បិទទ្វារមិនជូនដំណឹងដល់កម្មករ ហើយទៅបើកដំណើរការរោងចក្រថ្មី
26, May 2022 , 8:59 pm        
រូបភាព
កម្មករកម្មការីនីហែញត្តិទៅដាក់ជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំកិច្ចអន្តរាគមន៍ ករណីរោងចក្រ ឃែនធើរេន ត្រូវបានបិទទ្វារ។ រូបពីសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា
កម្មករកម្មការីនីហែញត្តិទៅដាក់ជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំកិច្ចអន្តរាគមន៍ ករណីរោងចក្រ ឃែនធើរេន ត្រូវបានបិទទ្វារ។ រូបពីសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ថៅកែរោងចក្រឃែនធើរេន បិទទ្វារមិនជូនដំណឹងដល់កម្មករ រួចទៅបើករោងចក្រមួយផ្សេងទៀត នៅម្ដុំផ្សារទួលពង្រ ក្នុងខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមអ្នកស្រី ឆែម សុខចាន់ ដែលធ្វើការនៅក្នុងរោងចក្រឃែនធើរេន អស់រយៈពេល ១៧ឆ្នាំ។



អ្នកស្រី ឆែម សុខចាន់ ដែលទាមទាររកដំណោះស្រាយការងារនោះ បាននិយាយថា ថៅកែរោងចក្រ «ឃែនធើរេន» ដែលជាជនជាតិចិនកាត់ម៉ាឡេ បានដាក់ច្បាប់លាឈប់ពីរោងចក្រ កាលពីថ្ងៃទី០៥ ខែឧសភា ។ ប៉ុន្តែថៅកែជនជាតិរូបនេះ បានទៅបើកដំណើរការរោងចក្រមួយទៀត ដែលមានឈ្មោះថា «រោងចក្រខូលីធី» ទៅវិញ។ 


 កម្មករកម្មការីនីហែញត្តិទៅដាក់ជូនក្រសួងការងារ និងនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំកិច្ចអន្តរាគមន៍ ករណីរោងចក្រ ឃែនធើរេន ត្រូវបានបិទទ្វារ។ រូបពីសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា 

ស្រ្តីវ័យ ៤៧ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) តាមទូរស័ព្ទដូច្នេះ៖ «កាលពីថ្ងៃទី០៦ ខែមេសា ពួកគាត់បានដឹកម៉ាស៊ីនឡាហ្ស៊ែចេញ ពួកខ្ញុំបានសុំឱ្យអាជ្ញាធរខណ្ឌជួយអន្តរាគមន៍។ បន្ទាប់មកលោក ប៉ាង លីដាង បាននិយាយថា បើគាត់ដោះស្រាយមិនចេញ គាត់នឹងមានវិធានការទៀត។ ចំណែកខាងតំណាងក្រុមហ៊ុនឈ្មោះ គីម លាវបូ និងមេធាវី ហ៊ម ភា គាត់អះអាងថា ចង្វាក់ផលិតកម្មគេនៅតែដើរ»។
 
ក្រោយមានការសន្យាពីភាគីរោងចក្រហើយ កម្មករហាក់មានការស្ងប់ចិត្តបន្តិច ហើយនាំគ្នាទៅ លេងស្រុកកំណើត នាថ្ងៃឆ្នាំថ្មីប្រពៃណីខ្មែរធម្មតា ស្រាប់តែពេលពួកគេមកវិញ ក៏ឃើញម៉ាស៊ីនភ្លើង និងសម្ភារមានតម្លៃដឹកចេញពីរោងចក្រ។ ចំណែកចង្វាក់ផលិកម្មនៅក្នុងរោងចក្រ ក៏ឈប់ដឹកចូលឱ្យពួកកម្មករធ្វើតែម្ដង ខណៈពួកគេនាំគ្នាបន្តដេរខោអាវចាស់ៗ ដែលនៅសល់កន្លងមក រហូតដល់ថ្ងៃទី៧ ខែឧសភា។ នេះបើតាមអ្នកស្រី ឆែម សុខចាន់។
 
អ្នកស្រី ឆែម សុខចាន់ បន្ថែមថា៖«ខ្ញុំជាកម្មករគ្មានអ្វីទាមទារក្រៅពីច្បាប់ការងារទេ ព្រោះថៅកែរោងចក្របានរត់ចោលខ្ញុំពីរដងហើយ។ កាលពីមុនខ្ញុំធ្វើការនៅចាក់អង្រែក្រោមជាមួយគាត់ ហើយគាត់ចោលខ្ញុំមកត្រពាំងថ្លឹង ខ្ញុំមកតាមគាត់ទៀត។ ឥឡូវគាត់ទុកពួកខ្ញុំចោល អត់មាននិយាយអ្វីទាំងអស់»។ 


   កម្មករកម្មការីនីហែញត្តិទៅដាក់ជូនក្រសួងការងារ និងនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំកិច្ចអន្តរាគមន៍ ករណីរោងចក្រ ឃែនធើរេន ត្រូវបានបិទទ្វារ។ រូបពីសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា 

ទាក់ទិនរោងចក្រឃែនធើរេននេះ សហជីព និងតំណាងកម្មករ បានរៀបចំឯកសារសុំឱ្យអាជ្ញាធរខណ្ឌជួយដោះស្រាយរួចហើយ ប៉ុន្តែនៅតែពុំមានដំណោះស្រាយ ទើបពួកគេបន្តដាក់ញត្តិទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ 
 
ដោយសារមិនទាន់មានដំណោះស្រាយហើយ ទើបកម្មករ -កម្មការីនីរោងចក្រឃែនធើរេន កាលពីថ្ងៃទី២៣ ឧសភា បាននាំគ្នាដាក់ញត្តិទៅក្រសួងការងារ ដើម្បីជួយរកដំណោះស្រាយឱ្យពួកគេ និងទាមទារឱ្យក្រុមហ៊ុនអនុវត្តស្របតាមច្បាប់ការងារ។ ពួកគេដាក់ញត្តិនេះ ក្រោយថៅកែរោងចក្រលាឈប់ពីក្រុមហ៊ុន រួចបិទទ្វារដោយមិនជូនដំណឹងដល់ពួកគេ។
 
កញ្ញា ឆែម សុខលីម ជាជំនួយការផ្នែកដេរនៅក្នុងរោងចក្រនោះដែរ បានលើកឡើងថា ញត្តិរបស់កម្មករនេះ ទាមទារឱ្យថៅកែចេញមុខដោះស្រាយ ជុំវិញការបិទទ្វាររោងចក្រ។ 
 
«ពួកខ្ញុំនៅសាខានេះ ថៅកែមិនបានជូនដំណឹងឱ្យពួកខ្ញុំទេ។ គាត់បិទ គឺបិទយកតែម្ដង អ៊ឹចឹងពួកខ្ញុំដាក់ញត្តិទៅខាងក្រសួងឱ្យគាត់ជួយរកដំណោះស្រាយ ឱ្យថៅកែរោងចក្រចេញមុខមកដោះស្រាយឱ្យកម្មករ»។ នេះជាការលើកឡើងរបស់ កញ្ញា សុខលីម ដែលបានបន្ថែមថា ថៅកែចិនកាត់ម៉ាឡេស៊ីរូបនេះ បានបង្កើតរោងចក្រមួយផ្សេងទៀត នៅលើផ្លូវវេងស្រេងដែរ ដោយកម្មករនៅទីនោះធ្វើការធម្មតា។
 
បើតាមស្រ្តីវ័យ២៥ឆ្នាំរូបនេះ បើការដាក់ញត្តិហើយ នៅតែពុំមានដំណោះស្រាយទៀតនោះ ពួកគេនឹងដង្ហែគ្នាទៅដល់មុខផ្ទះសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំឱ្យសម្ដេចជួយអន្តរាគមន៍លើករណីនេះ។ 


   កម្មករកម្មការីនីហែញត្តិទៅដាក់ជូនក្រសួងការងារ និងនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំកិច្ចអន្តរាគមន៍ ករណីរោងចក្រ ឃែនធើរេន ត្រូវបានបិទទ្វារ។ រូបពីសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា 

ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា សន្យាព្យាយាមជួយដោះស្រាយបញ្ហាកម្មករ-កម្មការីនី តាមរយៈពិភាក្សាជាមួយក្រសួងការងារ និងអង្គការក្រៅ​រដ្ឋាភិបាលទាំងនៅក្នុង និងក្រៅប្រទេស ។
 
បច្ចុប្បន្នកម្មករកម្មការីនីខ្លះ បានទៅដេកយាមសម្ភារនៅក្នុងរោងចក្រ ខណៈសន្ទុះកម្មករនៅតែបន្តទាមទារ និងមិនបណ្ដោយឱ្យនិយោជករកស៊ីនៅកម្ពុជា កេងប្រវ័ញញើសឈាមពួកគេឡើយ។ នេះបើតាមលោក ប៉ាវ ស៊ីណា។ 
 
« ក្រុមហ៊ុនបានយកលេះដោះដៃ ដោយមិនទទួលខុសត្រូវទៅលើផលប្រយោជន៍របស់កម្មករ ខណៈរោងចក្រមួយទៀត កំពុងដំណើរការធម្មតា។ អីវ៉ាន់ផ្សេងៗដឹកយកពីរោងចក្រប្រកាសថាបិទទ្វារ(ឃែនធើរ៉េន)។ ដូច្នេះអ្វីដែលកម្មករទាមទារ គឺឱ្យក្រុមហ៊ុនផ្ដល់សំណងតាមផ្លូវច្បាប់។ ហើយក្រុមហ៊ុនមួយទៀតដែលដំណើរការក៏ត្រូវដោះស្រាយរឿងហ្នឹងដែរ»។ លោក ស៊ីណា បានអះអាងប្រាប់សារព័ត៌មានថ្មីៗ។
 
ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជារូបនេះ បញ្ជាក់ថា ថៅកែរោងចក្រឃែនធើរេន បានដឹកសម្ភារចេញពីរោងចក្រអស់ប្រមាណ ៦០ភាគរយហើយ ខណៈសម្ភារដែលនៅសល់សុទ្ធតែពុំសូវមានតម្លៃ។ បច្ចុប្បន្នក្រុមការងាររបស់លោក ស៊ីណា កំពុងទូទាត់ប្រាក់ជូនកម្មកករកម្មការីនី ដែលធ្វើការនៅរោងចក្រឃែនធើរេន ទៅតាមអតីតភាពរបស់ពួកគេ ប៉ុន្តែលោកពុំអាចប្រាប់បានទេថា ពួកគេទទួលបានប្រាក់ក្នុងម្នាក់ៗប៉ុន្មាន។
  

 កម្មករកម្មការីនីហែញត្តិទៅដាក់ជូនក្រសួងការងារ និងនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសុំកិច្ចអន្តរាគមន៍ ករណីរោងចក្រ ឃែនធើរេន ត្រូវបានបិទទ្វារ។ រូបពីសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា 

ជុំវិញរឿងនេះ ក្រុមការងារសារព័ត៌មានថ្មីៗ បានហៅទូរស័ព្ទទៅលោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែរ ប៉ុន្តែពុំមានការឆ្លើយតប។ ចំណែកការសួរនាំតាមបណ្ដាញសង្គមផ្ទាល់ខ្លួនទៅលោក ក៏លោកមើលឃើញហើយ តែមិនឆ្លើយ។
 
រោងចក្រឃែនធើរេន ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ ដោយមានកម្មករ-កម្មការីនីជាង ៣០០នាក់ ។ រោងចក្រឃែនធើរេន ធ្លាប់មានបញ្ហាជាមួយកម្មករ-កម្មការីនីម្ដងរួចមកហើយ កាលពីអំឡុងពេលផ្ទុះកូវីដ-១៩ ដោយក្រុមហ៊ុនអះអាងថា មិនមានប្រាក់ឈ្នួលបើកឱ្យកម្មករ ព្រោះពុំមានអ្នកបញ្ជាទិញទំនិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com