ជាតិ
បោះឆ្នោត
ភាគ១៖ គោលនយោបាយពិសេសៗរបស់បក្សទាំង១៧, ពេញចិត្តមួយណា?
01, Jun 2022 , 11:40 am        
រូបភាព

ដោយ៖ ទេពញាណ


ក្នុងចំណោមគណបក្សជិត៥០នៅកម្ពុជា មាន១៧គណបក្ស ដែលសម្រេចចិត្តចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ គណបក្សទាំង១៧ មានគោលនយោបាយរៀងៗខ្លួន យកទៅឃោសនាប្រាប់ប្រជាជន ដើម្បីទាក់ទាញការគាំទ្រ ហើយគោលនយោបាយរបស់គណបក្សនីមួយៗ សុទ្ធសឹងតែមានលក្ខណៈពិសេសផ្សេងៗពីគ្នា ប៉ុន្តែ គណបក្សទាំងនោះ អាចធ្វើបានដូចការចែងក្នុងគោលនយោបាយ ឬធ្វើមិនបាននោះ គេ មិនទាន់អាចដឹងឡើយ ដោយមានតែរង់ចាំមើលជាក់ស្តែងប៉ុណ្ណោះ។



បក្សប្រជាជន ធានាបន្តអភិវឌ្ឍឃុំ-សង្កាត់ ឲ្យមានយុត្តិធម៌ ភាពស្អាតស្អំ គ្មានអំពើពុករលួយ

គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល បានបង្ហាញពីការផ្តល់តម្លៃរបស់ខ្លួន លើយុត្តិធម៌ ភាពស្អាតស្អំ និងការគ្មានអំពើពុករលួយ ជាដើម។ គណបក្សកាន់អំណាច ដែលបច្ចុប្បន្ន ពិបាកមានគណបក្សដទៃអាចយកឈ្នះមួយនេះ សន្យាជាមួយប្រជាពលរដ្ឋថា នឹងបន្តអភិវឌ្ឍឃុំ-សង្កាត់ ឲ្យមានយុត្តិធម៌ ភាពស្អាតស្អំ និងគ្មានអំពើពុករលួយ។

ក្នុងគោលនយោបាយឃុំ-សង្កាត់របស់ខ្លួន គណបក្សប្រជាជនកម្ពុជា ដែលស្ថិតក្រោមដឹកនាំរបស់សម្តេច ហ៊ុន សែន ជាប្រធាន បានតាក់តែងឡើងដូច្នេះថា៖«គណបក្សប្រជាជនកម្ពុជា ធានាបន្តអភិវឌ្ឍឃុំ-សង្កាត់ ឲ្យបានសម្រេចជាឃុំ-សង្កាត់ ដែលលើកកម្ពស់គណនេយ្យភាពចំពោះប្រជាពលរដ្ឋ យុត្តិធម៌សង្គម ភាពស្អាតស្អំ គ្មានការរំលោភអំណាច និងគ្មានអំពើពុករលួយ»។

គោលនយោបាយរបស់គណបក្សកាន់អំណាច សម្រាប់យកទៅប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលជាអាណត្តិថ្មីៗ មានទាំងអស់៧ចំណុច។ ការចែងអំពីការលើកកម្ពស់យុត្តិធម៌ ភាពស្អាតស្អំ និងការគ្មានអំពើពុករលួយ ស្ថិតក្នុងគោលនយោបាយទី៦។

គណបក្សប្រជាជនកម្ពុជា បន្តអភិវឌ្ឍឃុំ-សង្កាត់ ឲ្យក្លាយជាឃុំ-សង្កាត់ ដែលលើកកម្ពស់ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ នេះជាគោលនយោបាយទី១។

គណបក្សប្រជាជនកម្ពុជា បន្តអភិវឌ្ឍឃុំ-សង្កាត់ ឲ្យក្លាយជាឃុំ-សង្កាត់ ដែលមានសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់  និងសុវត្ថិភាពកាន់តែល្អប្រសើរ។ នេះជាគោលនយោបាយទី២។

គណបក្សប្រជាជនកម្ពុជា បន្តអភិវឌ្ឍឃុំ-សង្កាត់ ឲ្យក្លាយជាឃុំ-សង្កាត់ ដែលផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត។ ប្រជាពលរដ្ឋ ទទួលបានសេវារដ្ឋបាលដោយងាយស្រួល សាមញ្ញ និងឆាប់រហ័ស តាមរយៈយន្តការច្រកចេញចូលតែមួយ។ ការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ។ កុមារ និងយុវជន ទទួលបានការរៀនសូត្រគ្រប់គ្នា ដោយសមធម៌ និងគុណភាព។ ប្រជាពលរដ្ឋ ទទួលបានសេវាសុខភាពកាន់តែប្រសើរឡើងនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ។ ប្រជាពលរដ្ឋក្រីក្រ និងអ្នកខ្វះលទ្ធភាព ទទួលបានការពិនិត្យ និងការព្យាបាលជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ប្រាក់។ គ្រប់ឃុំ-សង្កាត់ មានផ្លូវកាន់តែច្រើន កាន់តែល្អ មានអគ្គិសនី មានទឹកស្អាតគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ មានការការពារ និងការអភិរក្សធនធានធម្មជាតិ។ រដ្ឋ បន្តមិនយកពន្ធលើដីកសិកម្ម បន្តបែងចែកដី និងផ្តល់កម្មសិទ្ធិដីជូនប្រជាពលរដ្ឋក្រីក្រ។ ទាំងអស់នេះ ស្ថិតក្នុងគោលនយោបាយទី៣។

គណបក្សប្រជាជនកម្ពុជា បន្តអភិវឌ្ឍឃុំ-សង្កាត់ ឲ្យក្លាយជាឃុំ-សង្កាត់ ដែលអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ ការពង្រីកមុខរបរ ការអភិវឌ្ឍវិស័យកសិកម្ម ការពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្ម-សិប្បកម្ម និងការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ជាដើម។ នេះជាគោលនយោបាយទី៤។

គណបក្សប្រជាជនកម្ពុជា បន្តអភិវឌ្ឍឃុំ-សង្កាត់ ឲ្យក្លាយជាឃុំ-សង្កាត់ ដែលលើកកម្ពស់ការគាំពារសង្គម និងលើកកម្ពស់ស្ថានភាពរស់នៅរបស់ស្រ្តី យុវជន កុមារ ជនមានពិការភាព ជនចាស់ជរា ជនជាតិដើមភាគតិច អតីតយុទ្ធជន គ្រួសារក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះ។ នេះជាគោលនយោបាយទី៥។

គណបក្សប្រជាជនកម្ពុជា បន្តអភិវឌ្ឍឃុំ-សង្កាត់ ឲ្យក្លាយជាឃុំ-សង្កាត់ ដែលមានស្វ័យភាព សិទ្ធិអំណាច មុខងារ ធនធាន ការទទួលខុសត្រូវច្បាស់លាស់ ដើម្បីធានាការអភិវឌ្ឍមូលដ្ឋាន និងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ នេះជាគោលនយោបាយទី៧។

ក្នុងចំណោមគណបក្សទាំង១៧ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានដាក់បេក្ខជនជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅគ្រប់ឃុំ-សង្កាត់ទាំង១៦៥២៕

បក្សភ្លើងទៀន សន្យាជួយពលរដ្ឋឲ្យរៀនបានទាបបំផុតត្រឹមមហាវិទ្យាល័យ

ការជួយពលរដ្ឋម្នាក់ៗ មិនថាកូនអ្នកមាន ឬកូនអ្នកក្រ ឲ្យបានរៀនដល់ថ្នាក់ឧត្តមសិក្សា គឺជាគោលនយោបាយអាទិភាព១របស់គណបក្សភ្លើងទៀន ដែលសន្យាថា នឹងអនុវត្ត បើគណបក្សនេះ មានឱកាស។

មិនខុសពីគណបក្សដទៃ គណបក្សភ្លើងទៀន បានសន្យាថា នឹងធ្វើនេះ ធ្វើនោះ ជូនប្រជាជន ជូនប្រទេសជាតិ បើគណបក្សខ្លួន ទទួលបានអាសនៈនៅតាមឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលជាអាណត្តិថ្មី នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងជាអ្នកនយោបាយប្រឆាំងម្នាក់ ដែលល្បីឈ្មោះយូរឆ្នាំមកហើយនោះ បានឈរលើរថយន្ត ដោយដៃកាន់ឧគ្ឃោសនសព្ទ ហើយស្រែកប្រកាស ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ អំពីការសន្យាមួយចំនួន ដែលគណបក្សភ្លើងទៀននឹងធ្វើ ពេលទទួលបានអាសនៈនៅតាមឃុំ-សង្កាត់។ ក្នុងចំណោមការសន្យាទាំងនោះ មានការសន្យា១ គឺគណបក្សភ្លើងទៀន នឹងជួយឲ្យយុវជនគ្រប់រូប រៀនដល់មហាវិទ្យាល័យ។

«គណបក្សភ្លើងទៀន យល់ថា ការផ្តល់ឱកាសដល់ពលរដ្ឋខ្មែរគ្រប់រូប ទទួលបានការអប់រំ គឺជាគោលនយោបាយដ៏ត្រឹមត្រូវ។ [...] ដូច្នេះហើយ គណបក្សភ្លើងទៀន នឹងខិតខំគ្រប់បែបយ៉ាង ដើម្បីឲ្យពលរដ្ឋខ្មែរ ជាពិសេសកុមារាកុមារី ក្មួយប្រុសក្មួយស្រីរបស់យើង ទទួលការអប់រំរហូតដល់ឧត្តមសិក្សា»។ នេះជាការសន្យា១របស់គណបក្សភ្លើងទៀន ដែលប្រកាសចេញដោយលោក សុន ឆ័យ។

រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋ ត្រូវបានទទួលការអប់រំយ៉ាងតិច៩ឆ្នាំ។ ការអប់រំយៈពេល៩ឆ្នាំនេះ ធ្វើឲ្យប្រជាពលរដ្ឋម្នាក់ៗ ទទួលបានការសិក្សាយ៉ាងតិចត្រឹមថ្នាក់ទី៩ បើគិតចាប់ពីថ្នាក់ទី១មក។

ការសន្យាសំខាន់ៗផ្សេងទៀតរបស់គណបក្សភ្លើងទៀន ដែលលោក សុន ឆ័យ បានប្រកាស មានដូចជា រកគ្រប់មធ្យោបាយជួយប្រជាជន ដែលជំពាក់ធនាគារ ឲ្យមានលទ្ធភាពអាចរកថវិកា យកទៅសងធនាគារ ដើម្បីចៀសវាងកុំឲ្យមានការរឹបអូសទ្រព្យសម្បត្តិ ជួយឲ្យប្រជាជនក្រីក្រ អាចព្យាបាលជំងឺដោយឥតគិតថ្លៃ ជួយឲ្យប្រជាជន មានការងារត្រឹមត្រូវ ជួយឲ្យប្រជាជន មានលទ្ធភាពលក់ផលិតផលរបស់ខ្លួន ដើម្បីទទួលបានចំណូលសមរម្យ បម្រើសេវាជូនប្រជាជនដោយរីករាយ ដោយស្មោះត្រង់ ដោយគ្មានអំពើពុករលួយ និង ប្រឆាំងការប្លន់ដីធ្លីរបស់ប្រជាជន ជាដើម។

គណបក្សភ្លើងទៀន ដែលបច្ចុប្បន្ន មានលោក ទាវ វណ្ណុល ជាប្រធាន បានដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមឃុំ-សង្កាត់ចំនួន១៦២៣ ក្នុងចំណោមឃុំ-សង្កាត់សរុប១៦៥២៕

បើបានកៅអីឃុំ-សង្កាត់ បក្សរាជានិយម នឹងបញ្ជូនពេទ្យឲ្យដើរព្យាបាលអ្នកជំងឺដល់ផ្ទះដោយមិនយកប្រាក់

គោលនយោបាយស្តីពីវិស័យសុខាភិបាលរបស់គណបក្សហ៊្វុនស៊ិនប៉ិច គឺផ្តល់សេវាសុខាភិបាល ទៅដល់ផ្ទះរបស់ប្រជានុរាស្រ្តតែម្តង ដែលចំណុចនេះ ហាក់ប្លែកពីគោលនយោបាយស្តីពីវិស័យសុខាភិបាលរបស់គណបក្សដទៃ ដែលមិនធ្លាប់ឮមាន។

គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយម មានគោលនយោបាយ៩ចំណុច សម្រាប់អនុវត្តនៅឃុំ-សង្កាត់ ពេលទទួលបានអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬអាសនៈជាមេឃុំ-ចៅសង្កាត់។ ការយកចិត្តទុកលើសុខភាព និងការព្យាបាលជំងឺរបស់ប្រជាជននៅតាមមូលដ្ឋាន គឺជាគោលនយោបាយ១ ដែលស្ថិតក្នុងចំណោមគោលនយោបាយទាំង៩នេះ។

បើពិនិត្យមើលគោលនយោបាយរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលចែងអំពីវិស័យសុខាភិបាលសាធារណៈ គេ នឹងឃើញលក្ខណៈពិសេសនិងប្លែក នៅត្រង់ថា គោលនយោបាយនេះ មិនត្រឹមផ្តោតលើការថែទាំសុខភាពរបស់ប្រជាជន និងការព្យាបាលជំងឺរបស់ពួកគាត់នៅតាមមន្ទីរពេទ្យប៉ុណ្ណោះទេ តែថែមទាំងរៀបចំឲ្យមានក្រុមគ្រូពេទ្យ ដើម្បីចុះទៅពិនិត្យសុខភាពរបស់ពួកគាត់ និងព្យាបាលជំងឺរបស់ពួកគាត់ដល់ផ្ទះទៀតផង។

គោលនយោបាយនេះ ចែងដូច្នេះថា៖«[គណបក្សហ៊្វុនស៊ិនប៉ិច នឹង] ជំរុញឲ្យមានការផ្តល់សេវាថែទាំងសុខភាពចល័តតាមផ្ទះប្រជារាស្រ្តជាប្រចាំ ដើម្បីពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់»។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ពន្យល់បន្ថែមថា គោលនយោបាយនេះ នឹងជំរុញក្រុមគ្រូពេទ្យ ឲ្យទៅកៀកនឹងផ្ទះរបស់ប្រជាជន។ លោក ជឿជាក់ថា គោលនយោបាយ ដែលបញ្ជូនក្រុមគ្រូពេទ្យឲ្យចុះទៅតាមផ្ទះរបស់ប្រជាជន គឺអាចអនុវត្តបាន ដ្បិតបច្ចុប្បន្ន គោលនយោបាយនេះ កំពុងត្រូវបានអនុវត្តតាមឃុំ-សង្កាត់មួយចំនួនស្រាប់ហើយ ដោយគ្រាន់តែមិនទាន់ទូលំទូលាយប៉ុណ្ណោះ។

លោក សង្កេតឃើញថា ប្រជាជនខ្លះ នៅតំបន់ដាច់ស្រយាល ខ្វះមធ្យោបាយ ដើម្បីធ្វើដំណើរទៅស្វែងរកការព្យាបាលជំងឺនៅមណ្ឌលសុខភាព។ លោក បន្តថា ក្នុងករណីប្រជាជន មានបញ្ហាដែលត្រូវសង្គ្រោះបន្ទាន់ ដូចជាករណីស្រ្តីត្រូវសម្រាលកូន ជាដើម មេឃុំ-ចៅសង្កាត់របស់គណបក្សហ៊្វុនស៊ិនប៉ិច នឹងជំរុញឲ្យក្រុមគ្រូពេទ្យ បញ្ជូនពួកគាត់ទៅមន្ទីរពេទ្យឲ្យទាន់ពេលវេលា។

អ្នកនាំពាក្យគណបក្សរាជានិយមរូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះថា៖«យើង នឹងមានក្រុមគ្រូពេទ្យ ដើម្បីរៀបចំចុះទៅសួរនាំ ចុះទៅផ្តល់សេវាពិគ្រោះ ពិនិត្យ ព្យាបាលជំងឺតាមផ្ទះជាប្រចាំ»។

លោក រម្លឹកថា ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រខ្មែរ ធ្លាប់អនុវត្តនយោបាយនេះ ក្នុងសម័យសង្គមរាស្រ្តនិយម ដោយកាលនោះ មានក្រុមគ្រូពេទ្យ បានធ្វើដំណើរចល័តពីភូមិមួយ ទៅភូមិមួយ ពីឃុំមួយ ទៅឃុំមួយ ដើម្បីពិនិត្យមើលប្រជាជន ដែលមានជំងឺ។

ក្នុងយុទ្ធនាការឃោសនារកសន្លឹកឆ្នោតថ្ងៃទី២ គឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានបន្ទូលយ៉ាងខ្លីទៅកាន់អ្នកកាសែតថា ព្រះអង្គ ចង់ធ្វើគោលនយោបាយដូចព្រះបាទ នរោត្តម សីហនុ ដែលជាព្រះអយ្យកោរបស់ព្រះអង្គ។

គោលនយោបាយ៨ទៀតរបស់គណបក្សហ៊្វុនស៊ិនប៉ិច រួមមាន ទី១ ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និង ផ្តល់បណ្ណក្រីក្រជូនប្រជាជនក្រីក្រ ទី៣ បង្កើតក្រុមជំនួយសម្រាប់ផ្តល់យោបល់ ក្នុងការប្រើប្រាស់ដើមទុនធ្វើអាជីវកម្មគ្រួសារ ដើម្បីបង្កើនសមត្ថភាពផលិតកម្ម និងធានាតម្លៃទីផ្សារនៃកសិផល ទី៤ ធ្វើឲ្យកាន់តែល្អប្រសើរនូវប្រព័ន្ធធារាសាស្រ្ត ផ្លូវលំជនបទ បរិស្ថាន និង ទឹកស្អាត ទី៥ ពង្រឹងវិស័យអប់រំ ទី៦ ទប់ស្កាត់គ្រឿងញៀន ចោរកម្ម និង ល្បែងស៊ីសង ទី៧ បង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាដីធ្លី ទី៨ អភិវឌ្ឍភូមិ ឃុំ តាមបណ្តោយព្រំដែន និងហាមឃាត់ការជួលដី ស្រែ ចម្ការ ទៅប្រទេសជិតខាង ទី៩ យកចិត្តទុកដាក់ផ្នែកសង្គមកិច្ចជូនចាស់ជរា កុមារកំព្រា ជនអនាថា និងបំបាត់អំពើពុករលួយ បក្សពួកនិយម ការរើសអើង។ ការបញ្ជូនក្រុមគ្រូពេទ្យឲ្យចុះទៅតាមផ្ទះរបស់ប្រជាជន ស្ថិតក្នុងគោលនយោបាយទី២។

ក្នុងចំណោមឃុំ-សង្កាត់ទាំង១៦៥២ គណបក្សហ៊្វុនស៊ិនប៉ិច ដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមឃុំ-សង្កាត់ចំនួន៦៨០៕

គោលនយោបាយបក្សខ្មែររួបរួមជាតិ៖ ភូមិ-ឃុំ មានភាពសុខសាន្ត ស្អាតស្អំ រុងរឿង យុត្តិធម៌ និងការអភិវឌ្ឍ

គោលនយោបាយឃុំ-សង្កាត់ ឬគោលនយោបាយមូលដ្ឋានរបស់គណបក្សខ្មែររួបរួមជាតិ បានប្រើពាក្យ៧ម៉ាត់ គឺ ១ ភូមិឃុំសុខសាន្ត ២ ភូមិឃុំស្អាតស្អំ ៣ ភូមិឃុំរុងរឿង ៤ ភូមិឃុំបៃតង ៥ ភូមិឃុំយុត្តិធម៌ ៦ ភូមិឃុំអភិវឌ្ឍ និង ៧ ភូមិឃុំមានគុណភាព។

គណបក្សខ្មែររួមរួបរួមជាតិ ដែលមានលោក ញឹម ប៊ុនឆៃ ជាប្រមុខ បានពន្យល់អត្ថន័យនីមួយៗនៃពាក្យទាំង៧នេះ ដូច្នេះថា៖

ភូមិឃុំសុខសាន គឺបង្កើនការអនុវត្ត ទប់ស្កាត់អំពើចោរកម្ម ក្មេងទំនើង អំពើអសីលធម៌ ហិង្សាក្នុងគ្រួសារ ការចរាចរ និង ការសេពគ្រឿងញៀន។

ភូមិឃុំស្អាត់ស្អំ គឺគ្មានការរើសអើង គ្មានបក្សពួកនិយម-គ្រួសារនិយម គ្មានអំពើពុករលួយ និង គ្មានការយកកម្រៃសេវាក្រៅផ្លូវការលើសេវាសាធារណៈគ្រប់ប្រភេទ។

ភូមិឃុំរុងរឿង គឺបង្កើនសេដ្ឋកិច្ចគ្រួសារឲ្យបានធូរធាតាមរយៈការជំរុញការផលិតកសិកម្មទំនើប បច្ចេកទេសថ្មី ធានាតម្លៃកសិផលស្របតាមទីផ្សារ និង បង្កើតការងារថ្មីក្នុងមូលដ្ឋាន។

ភូមិឃុំបៃតង គឺទប់ស្កាត់ និងបង្ក្រាបការកាប់បំផ្លាញព្រៃឈើ ធានាធនធានធម្មជាតិ ការពារ និងលើកកម្ពស់បរិស្ថាន។

ភូមិឃុំយុត្តិធម៌ គឺការពារ និងទប់ស្កាត់ការរំលោភបំពាន ការដណ្តើមដីធ្លី ការរឹបអូសទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ។

ភូមិឃុំអភិវឌ្ឍ គឺខិតខំប្រមូលធនធាន ដើម្បីជួសជុល កសាងហេដ្ឋារចនាសម្ព័ន្ធ ជីកអណ្តូង ស្រះទឹក និង ផ្គត់ផ្គង់ទឹកស្អាត។

ភូមិឃុំមានគុណភាព គឺលុបបំបាត់អនក្ខរកម្ម (ការមិនចេះអក្សរ) ដោយជំរុញកុមារគ្រប់អាយុឲ្យបានចូលរៀនទាំងអស់គ្នា និងពង្រឹងប៉ុស្តិ៍សុខភាពក្នុងមូលដ្ឋាន។

បេក្ខជនពីគណបក្សខ្មែររួបរួមជាតិ ដែលឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មាននៅតាមឃុំ-សង្កាត់ចំនួន៥៩៦ ក្នុងចំណោមឃុំ-សង្កាត់សរុប១៦៥២៕

បក្សខ្មែរស្រឡាញ់ជាតិ ចង់បង្កើនថវិកាឃុំ-សង្កាត់នីមួយៗដល់ «៨០ម៉ឺនដុល្លារ» ដែលច្រើនជាងបច្ចុប្បន្ន៥-៦ដង

ការធ្វើវិមជ្ឈការ ឬផ្ទេរសិទ្ធិអំណាច តួនាទី និងថវិកា ទៅថ្នាក់ឃុំ-សង្កាត់ គឺជាគោលនយោបាយ១របស់គណបក្សខ្មែរស្រឡាញ់ជាតិ។ ការធ្វើវិមជ្ឈការក្នុងគោលនយោបាយរបស់គណបក្សនេះ មាន២ចំណុចសំខាន់ៗ គឺវិមជ្ឈការសិទ្ធិអំណាច និង វិមជ្ឈការថវិកា។

គណបក្សខ្មែរស្រឡាញ់ជាតិ សរសេរក្នុងគោលនយោបាយស្តីពីការធ្វើវិមជ្ឈការយ៉ាងដូច្នេះថា៖«វិមជ្ឈការអំណាច គឺប្រគល់សិទ្ធិអំណាចធ្វើសេចក្តីសម្រេចចិត្តក្នុងការអភិវឌ្ឍឃុំ-សង្កាត់។ វិមជ្ឈការថវិកា គឺផ្តល់ថវិកាយ៉ាងតិច៨០ម៉ឺនដុល្លារ សម្រាប់ឃុំ-សង្កាត់នីមួយៗ ក្នុង១ឆ្នាំ [ដែលថវិកាសម្រាប់ឃុំ-សង្កាត់ទូទាំងប្រទេស] ស្មើនឹងប្រមាណ២០ភាគរយនៃថវិកាជាតិ [...]»។

បើប្រៀបធៀបនឹងថវិកាបច្ចុប្បន្ន ដែលឃុំ-សង្កាត់នីមួយៗ ទទួលបានក្នុង១ឆ្នាំ ថវិកា ដែលគណបក្សខ្មែរស្រឡាញ់ជាតិ សន្យាផ្តល់ឲ្យឃុំ-សង្កាត់នីមួយៗក្នុង១ឆ្នាំ មានទំហំច្រើនជាងដល់ទៅ៥-៦ដល់ឯណោះ។ យោងតាមឯកសារពីក្រសួងមហាផ្ទៃ ឃុំ-សង្កាត់នីមួយៗ ទទួលបានថវិកាប្រមាណ១២,៧ម៉ឺនដុល្លារ ក្នុងឆ្នាំ២០២២នេះ។

យ៉ាងណា គណបក្សខ្មែរស្រឡាញ់ជាតិ មិនទាន់អាចអនុវត្តគោលនយោបាយខ្លួន ដោយផ្តល់ថវិកា៨០ម៉ឺនដុល្លារ ទៅឃុំ-សង្កាត់នីមួយៗបានឡើយ បើទោះគណបក្សនេះ ទទួលបានអាសនៈតាមឃុំ-សង្កាត់ច្រើនប៉ុនណាក៏ដោយ ពីព្រោះអ្នក ដែលមានសិទ្ធិអនុម័តទំហំថវិកាសម្រាប់ឃុំ-សង្កាត់ គឺរដ្ឋាភិបាល ហើយត្រូវឆ្លងកាត់ការអនុម័តយល់ព្រមពីអង្គនីតិបញ្ញត្តិថែមទៀត។

លុះត្រាតែឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ទើបគណបក្សខ្មែរស្រឡាញ់ជាតិ អាចអនុម័តទំហំថវិកា សម្រាប់ឃុំ-សង្កាត់នីមួយៗ តាមការចង់បានរបស់ខ្លួន។ សម្រាប់បច្ចុប្បន្ន ឬពេលបានអាសនៈនៅឃុំ-សង្កាត់ គណបក្សខ្មែរស្រឡាញជាតិ អាចត្រឹមស្នើសុំទៅរដ្ឋាភិបាលប៉ុណ្ណោះ ដើម្បីឲ្យដំឡើងថវិកាដល់៨០ម៉ឺនដុល្លារ សម្រាប់ឃុំ-សង្កាត់នីមួយៗ។

គោលនយោបាយរបស់គណបក្សខ្មែរស្រឡាញ់ជាតិ មិនមែនមានតែ១ហ្នឹងទេ គឺមានសរុប៥ចំណុច សម្រាប់យកទៅអនុវត្តនៅឃុំ-សង្កាត់ ពេលបានអាសនៈតាមឃុំ-សង្កាត់។ គោលនយោបាយ៤ទៀត គឺ គោលនយោបាយស្តីពីការពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ គោលនយោបាយស្តីពីសេវាសាធារណៈ គោលនយោបាយស្តីពីការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អភិវឌ្ឍន៍ និង បរិស្ថាន និង គោលនយោបាយស្តីពីសន្តិសុខ។

បន្ថែមពីនេះ គណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសកាន់គោលជំហរ៥ចំណុចទៀត រួមមាន ទី១ បន្តស្មារតីសង្គ្រោះជាតិ ទី២ បង្កើតវប្បធម៌នយោបាយថ្មី ទី៣ បង្រួបបង្រួមអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ទី៤ ផ្សះផ្សាជាតិ ទី៥ តស៊ូមតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

គណបក្សខ្មែរស្រឡាញ់ជាតិ កើតចេញពីក្រុមមន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិ។ គណបក្សខ្មែរស្រឡាញ់ជាតិ ដឹកនាំដោយលោក ជីវ កក្តា ជាប្រធាន ដោយមានអនុប្រធាន២រូប គឺលោក កង គឹមហាក់ និងលោក ខឺយ ស៊ីនឿន។ គណបក្សនេះ មានបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមឃុំ-សង្កាត់ចំនួន៣១៥ ក្នុងចំណោមឃុំ-សង្កាត់ទាំងអស់ចំនួន១៦៥២៕

«សាមគ្គី ធ្វើបុណ្យ រក្សាសីល បណ្តុះគ្រាប់ពូជព្រះនិព្វាន» ជាគោលនយោបាយគ្រឹះទាំង៤របស់បក្សសញ្ជាតិកម្ពុជា


គណបក្សសញ្ជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយព្រះសង្ឃ១ព្រះអង្គ ព្រះនាម ហង្ស ដារ៉ា ឬត្រូវបានហៅព្រះនាម១ទៀតថា ព្រះគ្រូមហាថេរភ្នំត្បែងមានជ័យ បានយកគោលធម៌មួយចំនួនរបស់ព្រះពុទ្ធសាសនា ទៅធ្វើជាគោលនយោបាយរបស់ខ្លួន។ គណបក្ស ដែលស្ថិតក្រោមឱវាទរបស់ព្រះគ្រូមហាថេរភ្នំត្បែងជ័យនេះ បានយកគោលធម៌៤យ៉ាង គឺ សាមគ្គីធម៌ក្នុងប្រជាជាតិ ការធ្វើបុណ្យ ការរក្សាសីល និងការបណ្តុះគ្រាប់ពូជព្រះនិព្វាន ទៅធ្វើជាគោលនយោបាយទាំង៤ប្រការ។

សាមគ្គី គឺជាធម៌ដ៏សំខាន់១ក្នុងព្រះពុទ្ធសាសនា។ មិនថាក្នុងសង្គមសង្ឃ ឬក្នុងសង្គមគ្រហស្ថឡើយ ព្រះពុទ្ធអង្គ តែងអប់រំឲ្យមានសាមគ្គីធម៌ជាមួយគ្នា។ ព្រះអង្គ សម្តែងថា សាមគ្គី រមែងនាំមកនូវសេចក្តីសុខ។

ការធ្វើបុណ្យ គឺអាស្រ័យលើចិត្ត ដោយមិនអាស្រ័យតែលើទ្រព្យសម្បត្តិ ឬលុយកាក់នោះទេ។ ព្រះសង្ឃ តែងទេសនាតាមព្រះពុទ្ធឱវាទថា បុណ្យនិងបាប គឺអាស្រ័យនៅនឹងចិត្ត។ ចិត្តបុណ្យ គឺជាបុណ្យ ចិត្តបាប គឺជាបាប។

សីលក្នុងព្រះពុទ្ធសាសនា រួមមាន សីល៥ សីល៨ សីល១០ និងសីល២២៧។ គ្រហស្ថ ជាទូទៅរក្សាសីល៥ និងសីល៨ ឯសីល១០ និងសីល២២៧ គឺជាសីលរបស់ព្រះសង្ឃ។ សាមណេរ កាន់សីល១០ ហើយភិក្ខុ កាន់សីល២២៧។ សីល២២៧នេះ បើបង្រួមឲ្យខ្លី ហៅថាសីល៤។ សម្រាប់គ្រហស្ថ អ្នកកាន់សីល៥ មានច្រើនជាងអ្នកកាន់សីល៨។ សីល៥ គឺ មិនសម្លាប់សត្វ មិនលួចឆក់ប្លន់ មិនប្រព្រឹត្តកាមលើកូន-ប្រពន្ធ-ប្តីរបស់អ្នកដទៃ មិនភូតកុហក និង មិនសេពគ្រឿងស្រវឹង។ តាមពិត គ្រហស្ថ ក៏អាចកាន់សីល១០ ដូចសាមណេរដែរ តែមិនមានចំនួនច្រើនដូចអ្នកកាន់សីល៥ ឬសីល៨ឡើយ។

ព្រះនិព្វាន គឺជាគោលដៅចុងក្រោយបង្អស់របស់ព្រះពុទ្ធសាសនា ពីព្រោះ ព្រះនិព្វាន គឺជាទីបរមសុខ ជាទីដែលអស់សេចក្តីទុក្ខទាំងពួង។ ការចូលព្រះនិព្វាន គឺជាការរំលត់អាយុសង្ខារលែងចាប់បដិសន្ធិឡើងវិញ។

គណបក្សសញ្ជាតិកម្ពុជា បានហៅគោលនយោបាយទាំង៤ប្រការ ដែលរួមមាន សាមគ្គីធម៌ក្នុងប្រជាជាតិ ការធ្វើបុណ្យ ការរក្សាសីល និង ការបណ្តុះគ្រាប់ពូជព្រះនិព្វាន ថាជាគោលនយោបាយសច្ចធម៌។ គណបក្សនេះ សរសេរថា៖«ផ្តើមចេញពីគោលនយោបាយទាំង៤ ដែលជាសច្ចភាព គណបក្សសញ្ជាតិកម្ពុជា ជាគណបក្សលុះក្នុងអំណាចបុណ្យ ប្រកាន់នូវប្រព័ន្ធនយោបាយកណ្តាល ចូលរួមគ្រប់កំណែទម្រង់របស់រដ្ឋ។ គោលនយោបាយជាសច្ចភាពទាំងអស់នេះ គឺជាគោលនយោបាយបង្កើតឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍ»។

គោលនយោបាយទាំង៤ប្រការខាងលើ មិនមែនជាគោលនយោបាយ ដែលត្រូវកំណត់ជាក់លាក់សម្រាប់អនុវត្តនៅថ្នាក់ឃុំ-សង្កាត់ ឬនៅថ្នាក់រដ្ឋបាលណាមួយនោះទេ តែជាគោលនយោបាយគ្រឹះ ជាគោលនយោបាយរួម និងជាគោលនយោបាយទូទៅរបស់គណបក្សសញ្ជាតិកម្ពុជា។ ក្នុងគោលនយោបាយ ដែលផ្ញើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ គណបក្សសញ្ជាតិកម្ពុជា មិនបានរៀបរាប់ពីគោលនយោបាយឃុំ-សង្កាត់របស់ខ្លួន ថាមានចំនួនប៉ុន្មានចំណុចឡើយ ដោយគ្រាន់តែនិយាយជារួមពីប្រវត្តិសង្ខេបនៃគណបក្ស គោលការណ៍-គោលជំហរគណបក្ស បេសកកម្មនាពេលបច្ចុប្បន្ន និងការខិតខំជួយប្រជាជន ជាអាទិ៍។

គណបក្សសញ្ជាតិកម្ពុជា បានបង្ហាញគោលជំហរខ្លួន ក្នុងគោលនយោបាយ ដែលផ្ញើទៅកាន់គ.ជ.ប ថា គណបក្សសញ្ជាតិកម្ពុជា ប្រឆាំងដាច់ខានចំពោះការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ការប៉ុនប៉ងធ្វើបដិវត្តពណ៌គ្រប់ទម្រង់ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាពីសំណាក់បរទេស។ គណបក្សនេះ បន្តថា ព្រះគ្រូមហាថេរភ្នំត្បែងមានជ័យ តែងផ្តល់ឱវាទដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកា និងពុទ្ធបរិស័ទ ឲ្យប្រតិបត្តិតាមមាគ៌ាព្រះពុទ្ធសាសនា ប្រកាន់ខ្ជាប់នូវធម៌សាមគ្គី ការធ្វើបុណ្យ ការរក្សាសីល និងការបណ្តុះគ្រាប់ពូជព្រះនិព្វាន។

គោលនយោបាយ ដែលផ្ញើទៅកាន់គ.ជ.ប បានសរសេរដូច្នេះថា៖«គណបក្សសញ្ជាតិកម្ពុជា ជានិច្ចការ ប្រកាន់ខ្ជាប់នូវគោលការណ៍ការពារ រួមសុខទុក្ខ ស្និទ្ធស្នាល ស្រោចស្រង់ បម្រើ និងឧបត្ថម្ភប្រជារាស្រ្ត»។

បច្ចុប្បន្ន គណបក្សសញ្ជាតិកម្ពុជា ត្រូវបានដឹកនាំដោយលោក សេង សុខខេង ជាប្រធាន ដោយមានព្រះគ្រូមហាថេរភ្នំត្បែងមានជ័យ ជាស្ថាបនិក ជួយផ្តល់ឱវាទពីក្រោយ។ សមាជិកសមាជិកាខ្លះ ហៅព្រះអង្គថា លោកឪ។ គណបក្សសញ្ជាតិកម្ពុជា បានដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមឃុំ-សង្កាត់ចំនួន២៤៥ ក្នុងចំណោមឃុំ-សង្កាត់១៦៥២ នៅទូទាំងប្រទេស៕

«ជូន១០ម៉ឺនរៀលដល់ចាស់ៗក្នុង១ខែ និងទិញឡានដឹកអ្នកជំងឺទៅមន្ទីរពេទ្យដោយឥតគិតថ្លៃ» ជាកិច្ចសន្យារបស់បក្សយុវជន

គណបក្សយុវជនកម្ពុជា ដែលមានលោក ពេជ្រ ស្រស់ ជាប្រធាន បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់លើមនុស្សចាស់ជរា។ បន្ថែមពីនេះ គណបក្ស ដែលប្រមូលផ្តុំដោយយុវជនមួយនេះ ក៏បង្ហាញការយកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់ប្រជាជន និងការព្យាបាលជំងឺរបស់ពួកគាត់ផងដែរ។

តាមរយៈវីដេអូ ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ លោក ពេជ្រ ស្រស់ បានប្រកាសថា៖«ចាស់ៗជរាគ្មានទីពឹង អាយុចាប់ពី៦០ឆ្នាំឡើងទៅ ពេលគណបក្សយុវជនកម្ពុជា ឈ្នះឆ្នោតដឹកនាំឃុំ-សង្កាត់ យើង នឹងផ្តល់ជូនថវិកា១០ម៉ឺនរៀល ក្នុងម្នាក់ ជារៀងរាល់ខែ។ មិនត្រឹមតែផ្តល់ថវិកាជូនទេ រដ្ឋបាលឃុំ-សង្កាត់ ដែលដឹកនាំដោយគណបក្សយុវជនកម្ពុជា នឹងយកចិត្តទុកដាក់ និងនៅជិតស្និទ្ធជាមួយចាស់ៗជរា ដែលគ្មានទីពឹង ដើម្បីមើលថែពួកគាត់ឲ្យមានភាពកក់ក្តៅ»។

ប្រធានគណបក្សយុវជនកម្ពុជារូបនេះ បន្តថា៖«[គណបក្សយុវជនកម្ពុជា នឹង] ទិញរថយន្តពេទ្យសង្គ្រោះបន្ទាន់ ដឹកជញ្ជូនបងប្អូន ដែលមានជំងឺឈឺថ្កាត់ពេលយប់ព្រលប់ដោយឥតគិតថ្លៃ ក្នុងគោលបំណងសង្គ្រោះបងប្អូនឲ្យទាន់ពេលវេលា [យកទៅ] ព្យាបាលនៅមន្ទីរពេទ្យ»។

ការផ្តល់ថវិកា១០ម៉ឺនរៀលដល់ចាស់ៗជារៀងរាល់ខែ និងការទិញរថយន្តទុកដឹកអ្នកជំងឺទៅមន្ទីរពេទ្យដោយឥតគិតថ្លៃ គឺជាគោលនយោបាយ២ ក្នុងចំណោមគោលនយោបាយទាំង៧ចំណុចរបស់គណបក្សយុវជនកម្ពុជា។ លោក ពេជ្រ ស្រស់ អះអាងក្នុងវីដេអូថា គោលនយោបាយ៧ចំណុចនេះ នឹងត្រូវយកទៅអនុវត្ត ពេលគណបក្សយុវជនកម្ពុជា ទទួលបានអាសនៈតាមឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលជាអាណត្តិថ្មី។

គោលនយោបាយ៥ចំណុចទៀតរបស់គណបក្សយុវជនកម្ពុជា គឺ ១ បើកវេទិកាជួបជុំរវាងមេឃុំ-ចៅសង្កាត់ ជាមួយប្រជាជន ក្នុង១ខែម្តង ២ បោសសម្អាតគ្រឿងញៀនឲ្យអស់ ៣ ពង្រឹងការផលិតក្នុងវិស័យកសិកម្មឲ្យមានស្តង់ដារ ដើម្បីជំរុញការលក់ផលិតផលកសិកម្មឲ្យបានតម្លៃថ្លៃ ៤ បើកវគ្គបណ្តុះបណ្តាលពហុជំនាញដល់យុវជន ដើម្បីពង្រឹងសមត្ថភាព-ចំណេះជំនាញឲ្យច្បាស់លាស់ និង ៥ ពង្រឹងការប្រើប្រាស់ថវិកាឃុំ-សង្កាត់ឲ្យមានតម្លាភាព។

ក្នុងចំណោមឃុំ-សង្កាត់សរុប១៦៥២ មាន១១៤ឃុំ-សង្កាត់ ដែលគណបក្សយុវជនកម្ពុជា បានដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់៕

បក្សកែទម្រង់កម្ពុជា ផ្តល់អំណាចឲ្យពលរដ្ឋ អាចធ្វើញត្តិសុំដកសមាជិកឃុំ-សង្កាត់ មុនអាណត្តិ

សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬជាមេឃុំ-ចៅសង្កាត់ពីគណបក្សកែទម្រង់កម្ពុជា អាចត្រូវបានប្រជាពលរដ្ឋ ធ្វើញត្តិសុំដកចេញមុនអាណត្តិ បើប្រជាពលរដ្ឋ មិនពេញចិត្ត។ នេះជាចំណុច១ ដែលគណបក្សកែទម្រង់កម្ពុជា ចង់ធ្វើកំណែទម្រង់នៅថ្នាក់មូលដ្ឋាន។

គណបក្សកែទម្រង់កម្ពុជា មានគោលនយោបាយទាំងអស់៥ចំណុច សម្រាប់អនុវត្តនៅឃុំ-សង្កាត់។ ប៉ុន្តែ ដើម្បីគាំទ្រការអនុវត្តគោលនយោបាយទាំង៥ចំណុចនេះ ឲ្យមានប្រសិទ្ធភាព គណបក្សកែទម្រង់កម្ពុជា យល់ថា ចាំបាច់ត្រូវធ្វើកំណែទម្រង់ចំណុច២សំខាន់ៗជាមុនសិន រួមមាន ១ គឺ ការផ្តល់សិទ្ធិអំណាចឲ្យប្រជាពលរដ្ឋ អាចធ្វើញត្តិសុំដកសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ រួមទាំងមេភូមិ និង ១ទៀត គឺ ការបង្កើនថវិកាពី២៥ម៉ឺនដុល្លារ ទៅ៤៥ម៉ឺនដុល្លារ សម្រាប់ឃុំ-សង្កាត់នីមួយៗ ក្នុង១ឆ្នាំ ហើយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទទួលបានប្រាក់ខែដល់៥៥០ដុល្លារ។

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក និងជាអនុប្រធានគណបក្សកែទម្រង់កម្ពុជា លើកឡើងថា បើសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬមេឃុំ-ចៅសង្កាត់ពីគណបក្សកែទម្រង់កម្ពុជា ប្រព្រឹត្តអំពើខុសឆ្គង ដូចជា ពុករលួយ ប្រកាន់រើសអើង គំរាមកំហែងអ្នកដទៃ ជាដើម ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត អាចធ្វើញត្តិទៅគណបក្សកែទម្រង់កម្ពុជា ដើម្បីសុំឲ្យដកពួកគេចេញបាន ទោះជាមុនអាណត្តិក៏ដោយ។ លោក ពន្យល់ថា តាមធម្មតា នៅពេលគណបក្ស ដកសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬមេឃុំ-ចៅសង្កាត់ណាម្នាក់ចេញពីគណបក្ស គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬមេឃុំ-ចៅសង្កាត់រូបនោះ នឹងបាត់សមាជិកភាពពីឃុំ-សង្កាត់ជាស្វ័យប្រវត្តិ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ អនុប្រធានគណបក្សកែទម្រង់កម្ពុជារូបនេះ បញ្ជាក់ដូច្នេះថា៖«យើង នឹងកំណត់ក្នុងផ្ទៃក្នុងរបស់យើង ហើយត្រូវមានការប្រជុំជាមួយមន្រ្តីមូលដ្ឋានរបស់យើង ដើម្បីស៊ើបសួររកការពិត។ មិនមែនមានន័យថា ដាក់ញត្តិភ្លាម ពិចារណាដកចេញតែម្តងទេ ជួនកាល វា អាចផ្តល់ភាពអយុត្តិធម៌ដល់មន្រ្តីមូលដ្ឋានរបស់យើង។ ដូច្នេះ យើង មានយន្តការ ដើម្បីចាត់វិធានការហ្នឹង ដោយល្អិតល្អន់មែនទែន ហើយផ្តល់យុត្តិធម៌ដល់មន្រ្តីរបស់យើងដែរ»។

លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា គណបក្សដទៃ ក៏អាចអនុវត្តយន្តការនេះបានដែរ បើមានឆន្ទៈ ព្រោះដូចដែលលោកពន្យល់ខាងលើថា ការដកសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឬមេឃុំ-ចៅសង្កាត់ណាម្នាក់ គឺគ្មានអ្វីលំបាកឡើយ ដោយគ្រាន់តែដកពួកគេចេញពីសមាជិកគណបក្ស នោះពួកគេ នឹងបាត់កៅអីនៅឃុំ-សង្កាត់ជាស្វ័យប្រវត្តិ។

គោលនយោបាយឃុំ-សង្កាត់ទាំង៥ចំណុចរបស់គណបក្សកែទម្រង់កម្ពុជា រួមមាន ទី១ គោលនយោបាយស្តីពីការលើកកម្ពស់ និងការពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋនៅមូលដ្ឋាន ទី២ គោលនយោបាយស្តីពីការបំបាត់ការរើសអើងនយោបាយ ទី៣ គោលនយោបាយស្តីពីការរក្សាភាពស្អាតស្អំ និងតម្លាភាពនៅមូលដ្ឋាន ទី៤ គោលនយោបាយស្តីពីការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការការពារផលប្រយោជន៍សហគមន៍ និងទ្រព្យសម្បត្តិសាធារណៈជូនប្រជាពលរដ្ឋ ទី៥ គោលនយោបាយស្តីពីការពង្រឹងសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គណបក្សកែទម្រង់កម្ពុជា ក៏ជាគណបក្ស១ ដែលមានប្រភពចេញមកពីក្រុមមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិដែរ។ ប្រធានបច្ចុប្បន្នរបស់គណបក្សកែទម្រង់កម្ពុជា គឺលោក ប៉ុល ហំម អតីតអនុប្រធាន១រូបរបស់អតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សដែលធ្លាប់ស្និទ្ធនឹងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ គណបក្សកែទម្រង់កម្ពុជា មានបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមឃុំ-សង្កាត់ចំនួន៥៩ ក្នុងចំណោមឃុំ-សង្កាត់សរុប១៦៥២នៅទូទាំងប្រទេស៕

បក្សឆន្ទៈខ្មែរ ដាក់ចេញគោលនយោបាយ៖ ឃុំ-សង្កាត់ គ្មានគ្រឿងញៀន ចោរកម្ម ល្បែងពាលា និងអំពើហិង្សា


«ឃុំ-សង្កាត់ មានសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានចោរកម្ម គ្មានល្បែងពាលា និង គ្មានហិង្សា»។ នេះគឺជាចំណុច១ ក្នុងគោលនយោបាយរបស់គណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ មុនីកា ជាប្រធាន និងមានឪពុករបស់លោក ដែលជាអ្នកនយោបាយជើងចាស់ គឺលោក គង់ គាំ ជួយជ្រោមជ្រែងពីក្រោយ ក្នុងតំណែងជាប្រធានកិត្តិយសរបស់គណបក្ស។

ការផ្តោតលើសុវត្ថិភាពឃុំ-សង្កាត់ ស្ថិតក្នុងគោលនយោបាយទី១របស់គណបក្សឆន្ទៈខ្មែរ គឺគោលនយោបាយកែទម្រង់ប្រព័ន្ធការងារឃុំ-សង្កាត់។ គោលនយោបាយកែទម្រង់ប្រព័ន្ធការងារឃុំ-សង្កាត់ ចែងទៀតថា គណបក្សឆន្ទៈខ្មែរ នឹងលុបបំបាត់អំពើពុករលួយ បក្សនិយម ហើយបង្កើតវប្បធម៌ដឹកនាំថ្មីក្នុងឃុំ-សង្កាត់។ គោលនយោបាយនេះ ចែងបន្តថា គណបក្សឆន្ទៈខ្មែរ នឹងបង្កើតសេវាគាំទ្រផ្នែកច្បាប់ជូនប្រជាជន បម្រើការពារប្រជាជន ផ្តល់សេវាជូនប្រជាជន ដោយភាពស្អាតស្អំ ទាន់ចិត្ត និងប្រសិទ្ធភាព។

គោលនយោបាយឃុំ-សង្កាត់របស់គណបក្សឆន្ទៈខ្មែរ មាន៧ចំណុច។ គោលនយោបាយ៦ចំណុចទៀត គឺ ទី២ គោលនយោបាយដីធ្លី ទី៣ គោលនយោបាយកសិកម្ម និងតម្លៃកសិផល ទី៤ គោលនយោបាយអប់រំ ទី៥ គោលនយោបាយបង្កើតការងារនៅមូលដ្ឋាន ទី៦ គោលនយោបាយទេសចរណ៍ ទី៧ គោលនយោបាយសុខាភិបាល និងសង្គមកិច្ច។

គណបក្សឆន្ទៈខ្មែរ មានបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមឃុំ-សង្កាត់ចំនួន៥៨ ក្នុងចំណោមឃុំ-សង្កាត់ទាំងអស់ចំនួន១៦៥២៕

សូមចូលទៅកាន់ភាគ២



Tag:
 គោលនយោបាយ
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com