ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវីរបស់លោក កឹម សុខា៖«សវនាការលើកទី៤២ហើយ អត់មានដេញដោលលើអង្គហេតុពិតប្រាកដទេ»
01, Jun 2022 , 3:24 pm        
រូបភាព
លោក កឹម សុខា យកអំណោយទៅជូនប្រជាពលរដ្ឋ នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីចុងឆ្នាំ២០២០។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
លោក កឹម សុខា យកអំណោយទៅជូនប្រជាពលរដ្ឋ នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីចុងឆ្នាំ២០២០។ រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា
ដោយ៖ ទេពញាណ 
 
ចាប់តាំងពីការបើកសវនាការជំនុំជម្រះមក ក្រុមមេធាវីរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ មិនឃើញតុលាការ លើកយកភស្តុតាង និងអង្គហេតុឲ្យច្បាស់លាស់ ដើម្បីចោទសួរលោក កឹម សុខា ឡើយ។ ក្នុងអង្គសវនាការ ក្រុមមេធាវីរបស់លោក កឹម សុខា តែងសួររករដ្ឋបរទេស និងជនបរទេស ដែលលោក កឹម សុខា គប់គិតជាមួយ ដើម្បីផ្តួលរំលំរដ្ឋាភិបាល តែមិនដែលទទួលបានចម្លើយនោះទេ។



លោក ចាន់ ចេន មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា ថ្លែងដូច្នេះថា៖«ខ្ញុំ នៅតែយល់ឃើញថា រហូតមកដល់ពេលនេះ កាលៈទេសៈពេលនេះ សវនាការលើកទី៤២ហើយនេះ យើង ឃើញថា ការដេញដោលហ្នឹង គឺអត់មានការដេញដោលទៅលើរឿងអង្គហេតុពិតប្រាកដទេ មានតែយកសំឡេង សម្តីរបស់កូនក្តីយើងខ្ញុំ មកចោទសួរជាខ្លីៗ ជាកង់ៗ។ ប៉ុន្តែ បើយើង ពិនិត្យខ្លឹមសារនៃវីដេអូជាង១ម៉ោងទាំងមូល អត់មានអ្វី ដែលឆ្លុះបញ្ចាំងថា ឯកឧត្តម កឹម សុខា មានកំហុសដូចការចោទប្រកាន់ទេ»។ 
 
ការថ្លែងរបស់លោក ចាន់ ចេន ធ្វើឡើងនៅចំពោះមុខក្រុមអ្នកកាសែត ដែលរង់ចាំនៅមុខតុលាការភ្នំពេញ ក្រោយពីលោក ចាកចេញពីសវនាការលើកទី៤២ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ។ លោកមេធាវីរូបនេះ អះអាងទៀតថា តុលាការ មិនមានភស្តុតាង ហើយក៏មិនបង្ហាញបរទេស ដែលគប់គិតជាមួយលោក កឹម សុខា ដែរ។ លោក ការពារលោក កឹម សុខា ជាកូនក្តីថា លោក កឹម សុខា នៅតែជាជនស្អាតស្អំ និងមិនបានប្រព្រឹត្តអ្វីដូចការចោទប្រកាន់ឡើយ។ 
 
គេ ដឹងសឹងគ្រប់គ្នាថា តុលាការ បានប្រើខ្សែអាត់វីដេអូ១ ដែលជាការថ្លែងសារនយោបាយរបស់លោក កឹម សុខា ក្នុងការចោទលោក ពីបទសន្ទិដ្ឋភាពជាមួយបរទេស ដែលសំដៅថា លោក លួចពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ វីដេអូនោះ មានរយៈពេលទាំងស្រុងជាង១ម៉ោង ដែលបង្ហាញពីការថ្លែងសារនយោយបាយរបស់លោក កឹម សុខា ទៅកាន់អ្នកគាំទ្រនៅអូស្រ្តាលី កាលពីចុងឆ្នាំ២០១៣។ ក្រោយវីដេអូនោះ ត្រូវបានបង្ហាញលើបណ្តាញសង្គម លោក ក៏ត្រូវបានចោទប្រកាន់តែម្តង នៅខែកញ្ញា ឆ្នាំ២០១៧។ 
 
បើតាមវីដេអូ លោក កឹម សុខា បាននិយាយថា នៅពេលលោក ជាប់ជាតំណាងរាស្រ្ត ក្នុងការបោះឆ្នោតលើកទី១ កាលពីឆ្នាំ១៩៩៣ លោកជាអ្នកនយោបាយខ្មែរមុនគេ ដែលត្រូវបានមហាអំណាចអាម៉េរិកអញ្ជើញ ដើម្បីទៅសិក្សាឈ្វេងយល់ពីដំណើរការប្រជាធិបតេយ្យ។ លោក អះអាងថា ចាប់តាំងពីឆ្នាំ១៩៩៣មក លោក តែងទៅអាម៉េរិកម្តងក្នុង១ឆ្នាំ។  
 
លោក ប្រាប់អ្នកគាំទ្រនៅអូស្រ្តាលីនាពេលនោះថា៖«ខ្ញុំ អត់មានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការ សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ នៅទីក្រុងវ៉ាស៊ីនតោន នៅទីក្រុងម៉ុងរ៉េអាល់ ដែលអាម៉េរិក ជួលមក ដើម្បីផ្តល់មតិឲ្យខ្ញុំ ពីរបៀបជាយុទ្ធសាស្រ្តក្នុងការផ្លាស់ប្តូរមេដឹកនាំ»។ 
 
ដោយសសារលោក កឹម សុខា បញ្ចេញឈ្មោះសហរដ្ឋអាម៉េរិកចំៗ ថាជួយផ្តល់យុទ្ធសាស្រ្តដល់លោក ក្នុងការផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា ទើបមហាអំណាចមួយនេះ ត្រូវជាប់ពាក់ព័ន្ធក្នុងសំណុំរឿងរបស់លោក កឹម សុខា ដែរ។ យ៉ាងណា ពេលទៅដល់ទឹកដីអាម៉េរិក កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋកម្ពុជានៅទីនោះថា រដ្ឋាភិបាលកម្ពុជា មិនបានចោទប្រកាន់អាម៉េរិកមែនថា គប់គិតជាមួយលោក កឹម សុខា ទេ តែបញ្ហានៅត្រង់ថា លោក កឹម សុខា ជាអ្នកនិយាយខ្លួនឯង ដូច្នេះ លោក កឹម សុខា និង អាម៉េរិក ត្រូវដោះស្រាយជាមួយគ្នា។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបកស្រាយបន្ថែមពីក្រោយប្រសាសន៍របស់សម្តេច ហ៊ុន សែន តាមរយៈសំណេរលើទំព័រហ្វេសប៊ុកថា អ្វីដែលសម្តេច បានលើកឡើងនៅអាម៉េរិក គឺគ្រាន់តែចង់បញ្ជាក់ឲ្យសាធារណជនបានដឹងថា កន្លងមក ទាំងរាជរដ្ឋាភិបាលក្តី ទាំងតុលាការក្តី មិនបានចោទប្រកាន់អាម៉េរិក ឬរដ្ឋបរទេសណាមួយក្នុងសំណុំរឿងលោក កឹម សុខា នោះទេ ប៉ុន្តែលោក កឹម សុខា ខ្លួនឯង ដែលនិយាយភ្ជាប់អាម៉េរិក និងរដ្ឋបរទេស ចូលទៅក្នុងសំណុំរឿងនេះ។ លោក បន្តថា បើរដ្ឋបរទេសណា មិនសុខចិត្តនឹងលោក កឹម សុខា គឺត្រូវតវ៉ាជាមួយលោក។
 
មកដល់ពាក់កណ្តាលឆ្នាំ២០២២នេះ សំណុំរឿងរបស់លោក កឹម សុខា អូសបន្លាយអស់រយៈពេលជាង៤ឆ្នាំហើយ ដោយមិនដឹងថា រកកោះត្រើយឃើញនៅពេលណា ដើម្បីបញ្ចប់ ខណៈតុលាការ ប្រើពេលត្រឹម១ព្រឹក នៅរៀងរាល់ថ្ងៃពុធ សម្រាប់បើកសវនាការ៕  
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com