កីឡាជាតិ
ជាតិ
​Keisuke Honda៖ យើងតែងចង់ឈ្នះគ្រប់ការប្រកួត តែក៏ត្រូវគិតដល់អនាគតបាល់ទាត់កម្ពុជាដែរ
01, Jun 2022 , 4:46 pm        
រូបភាព
លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ធ្វើសន្និសីទសារពត៌មាន លើកដំបូង នៅថ្ងៃទី១ មិថុនា ២០២២ ។ រូបពីCamsoc
លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ធ្វើសន្និសីទសារពត៌មាន លើកដំបូង នៅថ្ងៃទី១ មិថុនា ២០២២ ។ រូបពីCamsoc
នាថ្ងៃទី០១ ខែមិថុនា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន មុនពេលប្រកួតមិត្តភាពកម្ពុជា-ទីម័រខាងកើត ដែលនឹងធ្វើនៅថ្ងៃទី២ ខែមិថុនា នៅកីឡដ្ឋានមរតកតេជោ។ លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បង្ហាញនូវគោលជំហរគិតដល់ជ័យជម្នះ និងការរីកចម្រើនវិស័យបាល់ទាត់កម្ពុជា នាពេលអនាគត។


ឆ្លើយតបទៅនិងអ្នកសារព័ត៌មាន លោក Honda ចាត់ទុកថា ការប្រកួតជាមួយទីម័រខាងកើត គឺជាការកម្ដៅសាច់ដុំមុនទៅប្រកួត AFC Asian Cup 2023 វគ្គចែកពូលនៅប្រទេសឥណ្ឌា។ បើទោះការប្រកួតនេះ ជាការប្រកួតមិត្តភាពស្រង់បច្ចេកទេសក៏ដោយ កម្ពុជា ក៏ត្រូវតែដាក់គោលដៅយកឈ្នះឲ្យបានផងដែរ។  
 
អ្នកចាត់ការក្រុមជម្រើសជាតិរូបនេះថា ក្រុមទីម័រខាងកើត មិនដូចពីមុនទេ ព្រោះក្រុមនេះមានការរីកចម្រើនខ្លាំង ដូច្នេះកម្ពុជា មិនងាយស្រួលក្នុងការយកឈ្នះទីម័រ ខាងកើត ដូចពីមុនទៀតទេ ។ កន្លងមកជម្រើសជាតិកម្ពុជា ក្រោម២៣ឆ្នាំ បានចាញ់ ទីម័រខាងកើតក្រោម២៣ឆ្នាំ ម្ដងរួចមកហើយ ក្នុងព្រឹត្តិការណ៍ AFF U23 Championship នាអំឡុងខែកុម្ភៈ ក្នុងលទ្ធផល១-០។
 
ប្រកួតកន្លងមក អ្នកគាំទ្រខ្លះ មានមតិរិគន់ថា៖«កម្ពុជា ប្រកួតដើម្បីតែយកបទពិសោធន៍។ តើយកបិទពិសោធន៍ដល់ពេលណាទៀត?»។ លោក Keisuke Honda តបទាំងទឹកមុខស្មើថា៖«យើង ត្រូវគិតពីអនាគតបាល់ទាត់កម្ពុជា ជាមួយនិងជ័យជម្នះ»។ 
 
តាមការប្រកួតកន្លងមក គ្រូសញ្ជាតិជប៉ុនរូបនេះ បានដាក់កីឡាក្មេងៗ ដែលមានបទពិសោធន៍តិចតួច ក្នុងការប្រកួតអន្ដរជាតិ ដោយក្នុងគោលបំណង ដើម្បីពួកគេមានបទពិសោធន៍ច្រើននាថ្ងៃអនាគត។
 
ក្នុងពេលជាមួយគ្នានេះដែរ សឿយ វិសាល ខ្សែការពារជម្រើសជាតិកម្ពុជា ដែលមកពីក្លិបព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុងសន្និសីទនោះថា ទីម័រ ខាងកើត មិនដូចពីមុនទេ ។ សម្រាប់ សឿយ វិសាល ទីម័រខាងកើត មានការរីកចំរើនខ្លាំង ជាពិសេសកីឡាករ មានបច្ចេកទេស និងសមត្ថភាពជាច្រើន។ 
 
តែយ៉ាងណាគ្រូបង្វឹកជម្រើសជាតិទីម័រខាងកើត មិនហានបង្ហាញភាពជឿជាក់ខ្ពស់ឡើយ។ លោក FABIO Magrao បាននិយាយថា ការប្រកួត មិនអាចនិយាយពីលទ្ធផលច្បាស់១០០ភាគរយបានទេ ដោយស្ថានភាពពិតស្ថិតលើទីលានប្រកួត។ គ្រូបង្វឹកជម្រើសជាតិទីម័រ បានថ្លែងក្នុងសន្និសីទនោះថា៖«ខ្ញុំ ជឿជាក់ថាការប្រកួតនៅថ្ងៃស្អែក រវាងក្រុមទាំងពីរ នឹងជក់ចិត្ត ដោយពោពេញទៅដោយអ្នកគាំទ្រ។ យើង សង្ឃឹមថាយើងនឹងធ្វើបានល្អ តែទោះជាយ៉ាងណាក៏ដោយ ប្រកួតចប់ទើបដឹង។»។
 
អំឡុងឆ្នាំ២០២២នេះ កម្ពុជា មានការប្រកួតក្នុងស្រុក និងអន្ដរជាតិច្រើន ខណៈបញ្ហារបួសកីឡាករ ជាការព្រួយបារម្ភរបស់ក្លិបផងដែរ។ ទាក់ទងនិងបញ្ហានេះ លោក Honda ថា៖«មិនមានអីគួរឱ្យភ្ញាក់ផ្អើលទេ សម្រាប់របួសរបស់កីឡាករ ព្រោះបញ្ហាតែងតែកើតមាន មិនអាចជៀសផុត ប៉ុន្ដែការត្រៀមខ្លួនប្រសិនជាមានបញ្ហារបួស។»។
 
កម្ពុជា ត្រូវប្រកួតមិត្តភាពជាមួយ ទីម័រ​ ខាងកើត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ។ កីឡដ្ឋានមរតកតេជោ បានទទួលវត្តមានក្រុមបាល់ទាត់ ទីម័រ ខាងកើត ២ដងរួចមកហើយ ក្រោយពីកីឡដ្ឋាននេះ បើកសម្ពោធជាផ្លូវការ នាចុងឆ្នាំ២០២១។ វត្តមានរបស់កីឡាករ មួយចំនួន ដូចជា ប្រាក់ មុន្នីឧត្ដម, កែវ សុខផេង, កុក បូរីស, និងកីឡាករចាស់វស្សាផ្សេងទៀត បង្ហាញថា កម្ពុជា យកចិត្តទុកដាក់ចំពោះការប្រកួតនេះខ្លាំងណាស់ បើទោះជាប្រកួតមិត្តភាពក៏ដោយ។ ដោយឡែកការប្រកួតនេះ ក៏ជាការប្រកួតបង្ហាញពីទម្រង់លេងរបស់កីឡាករកម្ពុជា មុនចេញទៅប្រកួត AFC Asian Cup 2023 វគ្គជម្រុះក្នុងពូល នៅប្រទេសឥណ្ឌា៕
 
 

Tag:
 បាល់ទាត់
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com