ជាតិ
ពីនេះ ពីនោះ
អភិបាលខេត្តកំពង់ស្ពឺ អំពាវនាវឱ្យពលរដ្ឋបង្កើនការ​ប្រុង​ប្រយ័ត្ន ចំពោះខ្យល់កន្រ្តាក់
01, Jun 2022 , 7:59 pm        
រូបភាព
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាពិធីជួបសំណះសំណាល ក្នុងស្រុកឧដុង្គ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក លោក វ៉ី សំណាង។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាពិធីជួបសំណះសំណាល ក្នុងស្រុកឧដុង្គ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក លោក វ៉ី សំណាង។
លោក វ៉ី សំណាង អំពាវនាវឱ្យពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ បង្កើនការប្រុងប្រយ័ត្ន ជាពិសេសចាស់ជរា និងកុមារ ចំពោះគ្រោះខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ។ ការលើកឡើងបែបនេះ របស់លោក វ៉ី សំណាង បន្ទាប់ពីពលរដ្ឋក្នុងស្រុកគងពិសី ទើបរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដែលប៉ះពាល់ផ្ទះពលរដ្ឋ ៣៨ខ្នង។

 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរស័ព្ទនៅថ្ងៃទី០១ ខែមិថុនានេះ លោក វ៉ី សំណាង បញ្ជាក់ថា បន្ទាប់ពីហេតុការណ៍ខ្យល់កន្ត្រាក់ ម្សិលមិញនេះ លោកបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះ រួមនឹងផ្ដល់គ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ 
 
ជុំវិញគ្រោះមហន្តរាយនេះ អភិបាលខេត្តរូបនេះ លើកឡើងដូច្នេះ៖ «ការពិតយន្តការរបស់យើង មានពីថ្នាក់ក្រោមដល់លើ ពីភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរ អង្គភាពជំនាញ រួមមានមន្ទីរធនធានទឹក មន្ទីរកសិកម្ម យើងបានណែនាំពួកគាត់ ឱ្យត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលអាចប៉ះនឹងទឹកជំនន់ និងខ្យល់កន្ត្រាក់។ ដូច្នេះគឺយើងមានផែនការរួចអស់ហើយ ដើម្បីជួយសង្គ្រោះពួកគាត់»។
 
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំស្រុក ខណ្ឌ គ្រប់ថ្នាក់ទូទាំងខេត្ត បង្កើនការផ្សព្វផ្សាយដល់ពលរដ្ឋ ជុំវិញបញ្ហាអាកាសធាតុ គ្រោះមហន្តរាយនានា ដែលអាចកើតមានជាយថាហេតុនេះផងដែរ។ 
 
គួរជម្រាបផងដែរថា នៅថ្ងៃទី៣០ ខែឧសភា កន្លងទៅនេះ គ្រោះធម្មជាតិខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះពលរដ្ឋ ទាំងធ្ងន់និងស្រាល ចំនួន៣៨ខ្នង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រមតាំងបង្ករបួសស្រាលពលរដ្ឋ២នាក់ផងដែរ។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម​ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែមិថុនា កម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប ស្ថិតនៅភាគខាងលើប្រទេស ឡាវ និងប្រទេសវៀតណាម រួមជាមួយខ្យល់មូសុងនិរតីកម្រិតខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យ តំបន់មួយចំនួនក្នុងប្រទេសកម្ពុជា មានភ្លៀងធ្លាក់តិចទៅបង្គួរ រួមនឹងខ្យល់កន្ត្រាក់ផងដែរ៕
 

Tag:
 ThmeyThmey25
  អាកាសធាតុ
  ខ្យល់កន្ត្រាក់
  កំពង់ស្ពឺ
  វ៉ី សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com