ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង ប្រាប់អ្នកស៊ីភីភី កុំឲ្យបន្ទោសអ្នកប្រឆាំងថា មិនធ្វើអ្វី ព្រោះគេមិនកាន់អំណាចនោះទេ
01, Jun 2022 , 8:59 pm        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីជួបសំណេះសំណាលមួយសកម្មជន សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច
សម្តេច ស ខេង ថ្លែងក្នុងពិធីជួបសំណេះសំណាលមួយសកម្មជន សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច
ដោយ៖ ទេពញាណ 

សម្តេច ស ខេង អនុប្រធាន១រូបរបស់គណបក្សប្រជាជនកម្ពុជា (ស៊ីភីភី) បានផ្ញើសារជូនទៅមន្រ្តី សមាជិក-សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាថា ពុំគួរបន្ទោសភាគីប្រឆាំងឡើយថា បានតែរិះគន់ តែមិនបានធ្វើអ្វីសោះសម្រាប់ប្រទេសជាតិ។ មិនគួរបន្ទោសភាគីប្រឆាំង ដ្បិតសម្តេច យល់ថា ពួកគេ មិនទាន់បានកាន់អំណាចនោះទេ។



ក្នុងពិធីជួបសំណេះសំណាលមួយសកម្មជន សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជា នាពេលចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ សម្តេច ស ខេង មានប្រសាសន៍បែបនេះថា៖«បក្សប្រឆាំង គេ អត់ធ្វើអីទេ ធម្មតាទេ។ ខ្ញុំ មិនមែននិយាយការពារបក្សប្រឆាំងទេ យើង កុំបន្ទោសថា ហ៊ឺ! ពួកហ្នឹង គ្មានធ្វើអីទេ សាលារៀន ក៏មិនធ្វើ ស្អីក៏មិនធ្វើ។ គេ អត់ធ្វើមែន បើអត់មានអំណាចផង […]»។
 
សំឡេងរបស់សម្តេច ស ខេង 



 
 
កន្លងមក គេ តែងឮក្រុមអ្នកប្រឆាំង លើកហេតុផលមកការពារខ្លួនថា ពួកគេ មិនទាន់អាចធ្វើអ្វីបាន ព្រោះមិនទាន់បានកាន់អំណាច។ ក្រុមអ្នកប្រឆាំងការពារខ្លួនដូច្នេះ នៅពេលណាដែលពួកគេ រិះគន់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចថា ខុសនេះឬខុសនោះ ហើយត្រូវគណបក្សប្រជាជនកម្ពុជា វាយបកទៅវិញថា ក្រុមអ្នកប្រឆាំង បានតែរិះគន់ មិនដែលបានធ្វើអ្វីឡើយ។ 
 
យ៉ាងណាក៏ដោយ ទោះក្រុមប្រឆាំងបានកាន់អំណាចក្តី ក៏មិនប្រាកដថា អាចធ្វើបាននូវអ្វីដែលពួកគេសន្យាដែរ។ នេះជាការយល់ឃើញរបស់សម្តេច ស ខេង។ សម្តេច ចាត់ទុក គោលនយោបាយរបស់ក្រុមអ្នកប្រឆាំងថា គ្រាន់តែជាការសន្យាឲ្យតែពីរោះស្តាប់ប៉ុណ្ណោះ និងជាការសន្យាខ្យល់សន្យាលើមេឃ។  
 
ជាមួយគ្នានេះ សម្តេច បានលើកឡើងពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាថា បានធ្វើកិច្ចការច្រើនជាងគេ ក្នុងការបម្រើប្រទេសជាតិ ចាប់តាំងពីបាតដៃទទេមក ឯក្រុមប្រឆាំង មិនទាន់បានអ្វីនោះទេ។ បន្ថែមពីនេះ សម្តេច បានផ្តល់សារសំខាន់១ទៀត ដល់មន្រ្តីគណបក្សកាន់អំណាច គឺកុំធ្វើឲ្យមានចំណុចខ្សោយ ដូចជា បង្កឲ្យមានការរំលោភបំពានលើអ្នកដទៃ ជាដើម។ 
 
អនុប្រធានគណបក្សកាន់អំណាច មើលឃើញថា ក្រុមប្រឆាំង អង្គុយចាំមើលតែកំហុសរបស់គណបក្សកាន់អំណាច ដើម្បីយកទៅធ្វើជាចំណុចខ្លាំងរបស់ពួកគេ។ សម្តេច បន្តថា វា ជារឿងធម្មតាទេ ដែលអ្នកធ្វើច្រើន តែងតែមានកំហុស ទោះតិចឬច្រើន រីឯអ្នកមិនធ្វើ មានកំហុសតែ១គត់ គឺកំហុសនៅត្រង់មិនបានធ្វើនេះឯង ហើយក្រៅពីនេះ ពួកគេ មិនមានកំហុសឡើយ ព្រោះមិនទាន់បានធ្វើ។   
 
សូមបញ្ជាក់ថា មានគណបក្ស១៦ ដែលបានចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ក្នុងចំណោមគណបក្សទាំង១៧ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅគ្រប់ឃុំ-សង្កាត់ទាំង១៦៥២។ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា គឺគណបក្សភ្លើងទៀន ដែលដាក់បេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បានច្រើនជាងគេ គឺបាន១៦២៣ឃុំ-សង្កាត់៕ 
 
 

Tag:
 ស ខេង
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com