កីឡាជាតិ
ជាតិ
កីឡាវ៉ូវីណាមកម្ពុជា រៀបយុទ្ធសាស្រ្ដដណ្តើមមេដាយមាសយ៉ាងតិច៩គ្រឿង នៅស៊ីហ្គេមលើកទី៣២
02, Jun 2022 , 7:59 am        
រូបភាព
(កណ្តាល) លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ CAMSOC ។ (ប្រភព គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា)
(កណ្តាល) លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ CAMSOC ។ (ប្រភព គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា)
ដោយ៖ហៀក ឆក

សហព័ន្ធកីឡាវ៉ូវីណាម រំពឹងឈ្នះមេដាយមាស ៩គ្រឿង នៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ សហព័ន្ធ ប្រជុំរៀបចំយុទ្ធសាស្រ្តយកឈ្នះ នៅស៊ីហ្គេមលើក៣២ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។



គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានបើកកិច្ចប្រជុំស្តីអំពីការត្រួតពិនិត្យការងារ (Technical Handbook) , យុទ្ធសាស្រ្តយកប្រៀប ក៏ដូចជាវែកញែកពីចិត្តសាស្ត្រចំណុចខ្លាំង និងខ្សោយ ក្រោយស៊ីហ្គេមនៅវៀតណាម។
  
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ CAMSOC បាននិយាយថា ការត្រៀមធ្វើសៀវភៅបច្ចេកទេស (Technical Handbook) ដើម្បីកំណត់បទបញ្ជាការប្រកួតតាមប្រភេទកីឡានីមួយៗ និងការវែកញែករកឲ្យឃើញនូវយុទ្ធសាស្រ្ត ចំណុចខ្លាំង និងខ្សោយ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ នាប្រទេសវៀតណាម ដើម្បីធ្វើជាមេរៀន និងបទពិសោធន៍ ត្រៀមសំរាប់ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
 
បន្ទាប់ពីទទួលបានការពិភាក្សា និងពិនិត្យទៅលើចំណុចខ្វះខាតក្នុងការប្រកួត បច្ចេកទេស ចិត្តសាស្រ្ត និងការថែទាំសុខភាពអត្តពលិកជាដើម បានធ្វើឲ្យសហព័ន្ធទាំងអស់យល់បានច្រើន សម្រាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២។ 
 


លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា  ដៃកាន់ប៊ិច ហើយភ្នែកសម្លឹងរំពៃ ក្នុងកិច្ចប្រជុំពិភាក្សាផែនការការងាររបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ។ (ប្រភព គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា)

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះ បានប្រាប់សារពត៌មានថ្មីៗតាមទូរសព្ទថា ភាគីពាក់ព័ន្ធបានពិភាក្សាប្រមូលគំនិតគ្នា ដើម្បីរៀបចំយុទ្ធសាស្ត្រដណ្ដើមមេដាយមាសឱ្យបានច្រើន នៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។
 
 «វ៉ូវីណាមមានជំនឿចិត្តថាយើងធ្វើបានដោយសារយើងមានបទពិសោធ នៅវៀតណាម យកមកវាស់ស្ទង់កម្រិតរបស់យើងនៅឆ្នាំ២០២៣ បើយើងរៀបឲ្យត្រូវយើងអាចដណ្តើមបាន ៩មេដាយមាស»។ នេះជាសម្តីលោក ណាយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា។
 
គួបញ្ជាក់ថា កីឡាវ៉ូវីណាមកម្ពុជា ទទួលបានមេដាយ មាស ៣, ប្រាក់ ២ និងសំរឹទ្ធ ៩ សរុប ១៤ គ្រឿងលើប្រភេទ ១៥ វិញ្ញាសា ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣១ នាទីក្រុងហាណូយ ប្រទេសវៀតណាម៕
 

Tag:
 វ៉ូវីណាម
 មេដាយ
 ស៊ីហ្គេម
 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com